ជាមួយនឹងកូនមេក្រូបំពងសំឡេង ក្រុមកម្មករប្រមាណ ១៥០នាក់ នៅម៉ោង ៧ព្រឹក ថ្ងៃទី១២ សីហា នេះបាននាំគ្នាឈរតវ៉ានៅខាងមុខរោងចក្រសាងសង់អគ្គិសនីដើម្បីស្នើឱ្យក្រុមហ៊ុនចេញមកដោះស្រាយបញ្ហាសំខាន់ៗចំនួន ៨ចំណុច ដែលពួកគេបានទទូចឲ្យថៅកែក្រុមហ៊ុនដោះស្រាយអស់រយៈជាច្រើនខែមកហើយ។
នៅក្នុងហេតុការណ៍នេះមិនមានការប៉ះទង្គិចអំពើហិង្សាជាមួយប៉ូលិស នគរបាល ឬសន្តិសុខក្រុមហ៊ុននោះទេ។
ចំណុចដែលបានស្នើឡើងនោះរួមមានទាមទារឱ្យក្រុមហ៊ុនបកប្រែច្បាប់ការងារជាភាសាខ្មែរ។ ច្បាប់ការងាររបស់ក្រុមហ៊ុនចិន ដែលត្រូវបានកម្មកររិះគន់ថា មានលក្ខណៈផ្តាច់ការ និងផ្ទុយពីច្បាប់ការងារខ្មែរ។ ចំណុចមួយទៀតនោះ គឺកម្មករស្នើសុំបង្កើតសហជីពកម្មករក្នុងរោងចក្រ ព្រោះពួកគាត់យល់ថា សហជីពជាតំណាងសំឡេងរបស់ពួកគាត់ ហើយពួកគាត់អាចជួយចេញមុខចរចាបញ្ហានានា នៅពេលមានការខ្វែងគំនិតជាមួយក្រុមហ៊ុន។
សំឡេងកម្មករតវ៉ា៖ «(១) ខ្ញុំធ្វើការទាមទារសិទ្ធិរបស់ពួកខ្ញុំ។ (២) មានចំណុចត្រូវកែប្រែ អ៊ីចឹងបានយើងសុំឱ្យគាត់បកប្រែជាភាសាខ្មែរឱ្យអស់មក ព្រោះចំណុចខ្លះ យើងមើលអត់យល់ផង ហើយត្រូវស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុនទៅលើច្បាប់ហ្នឹង។ យើងទទួលច្បាប់ហ្នឹង យើងដឹងថា នៅក្នុងហ្នឹងមានអីខ្លះអត់ យើងអត់ដឹង យើងម៉េចអាចទទួលយកបាន យើងម៉េចអាចស៊ីញ៉េយកបាន»។
បន្ថែមលើនេះ កម្មករសំណូមពរឱ្យក្រុមហ៊ុនកុំឱ្យមានការគុំកួន និងគាបសង្កត់ដល់អ្នកដែលចេញមុខតវ៉ា។ ការលើកឡើងបែបនេះ ត្រូវបានកម្មករពន្យល់ថា ដោយសារតែកន្លងមកនៅពេលមានការតវ៉ា ក្រុមហ៊ុនបានបញ្ឈប់ការងារដល់តំណាងកម្មករចំនួន ៨នាក់រួចមកហើយ ហើយមិនបានផ្ដល់សំណងសមរម្យដល់អ្នកដែលត្រូវបានបណ្ដេញចេញទាំងនោះទេ៖ «សូមឱ្យក្រុមហ៊ុនកុំឱ្យបណ្ដេញចេញអ្នកណាដែលដុតដៃដុតជើងតវ៉ា កុំឱ្យក្រុមហ៊ុនគុំកួនជាមួយនឹងអ្នកហ្នឹង ព្រោះថា អ្នកដែលខំធ្វើ ហើយបណ្ដេញចេញនឹងត្រូវអាសាបង់ហើយ»។
ក្រៅពីនេះកម្មករសុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់បៀវត្សរ៍ចំនួន ១៥០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយមួយថ្ងៃចំនួន ៤ពាន់រៀល និងលុយព្រីមចំនួន ១៥ដុល្លារក្នុងមួយខែ។
លោកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ដែលបានតាមដានការតវ៉ានេះបានលើកឡើងថា ក្រុមហ៊ុនគួរទទួលយកការស្នើសុំរបស់ក្រុមកម្មករដោយធ្វើយ៉ាងណាដោះស្រាយការទាមទាររបស់ពួកគាត់ឱ្យបានឆាប់។
លោកស្រី ជាប សុធារី៖ «ការទាមទាររបស់ពួកគាត់អត់ខុសទេ ហើយមួយទៀតការទាមទារដំឡើងប្រាក់ខែ ព្រោះក្នុងមួយខែហ្នឹង ពួកគាត់ចំណាយអស់ ៣ដុល្លារហើយ ហើយប្រាក់ឧបត្ថម្ភរបស់ពួកគាត់ក្នុងរយៈពេលបណ្ដុះបណ្ដាលហ្នឹង គាត់ទទួលបានតែ ១០០ដុល្លារហ្នឹង។ អ៊ីចឹងគាត់ចាយម៉េចគ្រាន់ ហើយទៅពេទ្យចំណាយលុយច្រើនទៀត»។
ប៉ុន្មានម៉ោងបន្ទាប់ពីការតវ៉ារបស់កម្មករនេះ តំណាងក្រុមហ៊ុនបានចេញមកចរចាពិភាក្សាជាកម្មករ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។
លោក ជ័យ សុវណ្ណ ប្រធានសហព័ន្ធសហជីពអំណាចកម្មករខ្មែរដែលធ្វើជាអ្នកសម្របសម្រួលក្នុងការចរចានេះ បានឱ្យដឹងថា ខាងភាគីក្រុមហ៊ុន និងតំណាងកម្មករបានពិភាក្សាគ្នាអំពីការទាមទាររបស់កម្មករ ហើយលោកសង្កេតឃើញថា ស្ថានភាពដំណើរការទៅមុខជាវិជ្ជមាន ដោយក្រុមហ៊ុនទទួលស្គាល់ចំពោះការចង់បានមួយចំនួនក្នុងចំណោម ៨ចំណុចនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
