ក្រុមកម្មករមកពីរោងចក្រពីរផ្សេងគ្នា បានចោទប្រកាន់ម្ចាស់រោងចក្រដែលពួកគេកំពុងបំពេញកិច្ចការប្រចាំថ្ងៃថា ភាគីរោងចក្របានព្យាយាមគេចចេញពីការទទួលខុសត្រូវ ក្នុងបំណងបិទរោងចក្រដោយស្ងាត់ៗ ដើម្បីរួចផុតកាតព្វកិច្ចតាមផ្លូវច្បាប់ និងមួយផ្នែកទៀត ព្យាយាមគាបសង្កត់ប្រឆាំងកម្មករ។
កញ្ញា សយ ណាគ្រី ជាកម្មការិនីបម្រើការនៅរោងចក្រ យូ.អែស.អេ (USA) ដែលមានទីតាំងនៅចាក់អង្រែក្រោម រាជធានីភ្នំពេញ និយាយថា កម្មករជិត ៤០០នាក់ (៣៨០នាក់) បានធ្វើកូដកម្មអស់រយៈពេល ២ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៨ តុលា មក។ ការតវ៉ានេះ ដើម្បីជំរុញឲ្យភាគីរោងចក្រផ្ដល់ប្រាក់អតីតភាពការងារជូនកម្មករ ប្រសិនបើរោងចក្រនេះត្រូវបិទទ្វារពិតមែននោះ។ ណាគ្រី បន្តថា មូលហេតុដែលក្រុមកម្មករជ្រើសរើសមធ្យោបាយធ្វើកូដកម្មនេះ ក្រោយពីពួកគេដឹងថា ខាងរោងចក្រព្យាយាមដឹកសម្ភារៈចេញម្ដងជាពីរដងដោយស្ងាត់ៗ ចាប់ពីព្រលប់ថ្ងៃទី១៧ តុលា។
សយ ណាគ្រី បញ្ជាក់ថា បើទោះជាក្រុមកម្មករត្រូវចំណាយពេលធ្វើកូដកម្ម ក្រោមតំណក់ទឹកភ្លៀង និងផ្គររន្ទះយ៉ាងណាក៏ដោយ ក៏ពួកគេមិនបោះបង់ការតស៊ូឡើយនៅពេលនេះ៖ «លោកពូអើយពួកខ្ញុំកម្សត់ណាស់ នៅហាលភ្លៀងហើយមានរន្ទះទៀត។ ពួកខ្ញុំឥតមានបានសម្រាន្តទេ គឺខ្ញុំនៅចាំយាមឥវ៉ាន់ហ្នឹង គឺទាំងភ្លៀងតែម្ដង ឥតមានអីនេះទេ ទទឹកឡើងជោគអស់លោកពូ»។
ក្នុងពេលជាមួយគ្នានេះដែរ រោងចក្រដាច់ដោយឡែកមួយទៀត កម្មករជាង ៣០០នាក់ ប្រចាំរោងចក្រ ជេន ឡី ហ្គាមេន នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បានធ្វើកូដកម្មអស់រយៈពេល ២ថ្ងៃមកហើយដែរ។ កញ្ញា សុខ វ៉ូន តំណាងកម្មករនៅរោងចក្រ ជេន ឡី និយាយថា អ្វីដែលកម្មករធ្វើកូដកម្មនៅពេលនេះ គឺទាមទារឲ្យភាគីរោងចក្រត្រូវផ្ដល់លទ្ធភាពឲ្យកម្មករ ដែលក្រុមហ៊ុនបានបញ្ឈប់ក្នុងពេលកន្លងទៅ បានចូលធ្វើការឡើងវិញ។ លើសពីនេះ គឺខាងរោងចក្រត្រូវបញ្ឈប់សកម្មភាពដែលតែងអនុវត្តមកលើកម្មករដោយការបណ្ដេញចេញ ដែលពុំបានខ្វល់ខ្វាយពីច្បាប់ម្ដងណាទេ៖ «បង្ខំឲ្យយើងដេរឲ្យវាឲ្យបានគ្រប់ចំនួន បើឥតគ្រប់ចំនួនទេ វាជេរឲ្យយើង វាស្ដីឲ្យយើង ប្រកាសមេក្រូស្ដីឲ្យខ្មាសគេអស់។ ហើយវាដកយើងចោលហ្មង យើងដេរឥតបាន»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេពីភាគីរោងចក្រ ជេន ឡី និងក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ តុលា។
ប៉ុន្តែ ប្រធានរដ្ឋបាលរោងចក្រ យូ.អែស.អេ ប្រចាំរោងចក្រចាក់អង្រែក្រោម បដិសេធពីការ ដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ ដោយលោកអះអាងថា នៅពេលនេះលោកកំពុងមានជំងឺ ហើយស្ថិតនៅឆ្ងាយពីរោងចក្រផង៖ «ខ្ញុំឥតដឹងផង ព្រោះឥឡូវខ្ញុំឈឺ ខ្ញុំនៅគេងផ្ទះណេះអូន ឥតបានដឹងដំណឹងអីទាំងអស់ ទាល់តែថ្ងៃទី២៤ បានចូលវិញ។ ដឹងចូលកើតមិនកើតផង ព្រោះខ្ញុំវះត្រចៀក ព្រោះទាល់តែខ្ញុំទៅដល់ណោះ បានខ្ញុំជម្រាបអូនបាន។ ពេលអ៊ីចឹង ខ្ញុំពិបាកមែនទែន ព្រោះខ្ញុំវះត្រចៀក ខ្ញុំនិយាយច្រើនឥតបានអូន»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសភ្លាមៗក្នុងពេលលោកកោះប្រជុំគណៈរដ្ឋមន្ត្រីថ្មីអាណត្តិទីប្រាំនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើកំណែទម្រង់លើវិស័យសំខាន់ៗ ក្នុងនោះមានវិស័យឧស្សាហកម្មកាត់ដេរឲ្យបានស៊ីជម្រៅជាងមុន។
ប៉ុន្តែ សហជីពចាត់ទុកថា ឆន្ទៈនយោបាយរបស់ លោក ហ៊ុន សែន នេះ នឹងមិនអាចទៅរួចឡើយ។ ក្រោយពីលោកនាយករដ្ឋមន្ត្រីបានចេញគោលការណ៍រួចមក គេសង្កេតឃើញការតវ៉ាពីប្រាក់ខែរបស់កម្មករ និងលក្ខខណ្ឌការងារ បានកើតឡើងព្រោងព្រាត មិនខុសពីអាណត្តិមុនៗដែរ។
កញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករ ថ្លែងថា ការអនុវត្តច្បាប់នៅកម្ពុជា កម្មករតែងទទួលរងសម្ពាធដោយការអនុវត្តច្បាប់ជាដរាប។ លើសពីនេះ កម្មករកម្រទទួលបានសំណងពីការក្ស័យធនរបស់ភាគីរោងចក្រថែមទៀត៖ «ប៉ុន្តែ អ្វីក្នុងហ្នឹង ខ្ញុំមិនដែលឃើញកម្មករនៅក្នុងប្រទេសកម្ពុជា យើង ឥតដែលរោងចក្រណាបិទទ្វារ ដែលកម្មករបានលុយដោយមិនមានការយំស្រែក មិនមានការនៅមុខរោងចក្រ ពីរបីខែ ដើម្បីទាមទាររបស់គាត់ទេ»។
ក្រុមកម្មកររោងចក្រ យូ.អែស.អេ បញ្ជាក់ថា បើដំណោះស្រាយនៅថ្ងៃទី២១ ខាងមុខនៅតែមិនអាចទម្លាយភាពជាប់គាំងនេះបានទេ ជម្រើសចុងក្រោយរបស់ពួកគេ គឺបិទផ្លូវប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
