កម្មកររោងចក្រខេមបូ យូនីស៊ូល (Cambo Unisoll) ប្រមាណ ១.៦០០នាក់ ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើការតវ៉ាទាមទារលក្ខខណ្ឌ ៣ចំណុចពីថៅកែរោងចក្រ គឺទាមទារប្រាក់បាយថែមម៉ោងចំនួន ៣.២០០រៀល ប្រាក់ថ្លៃឡានធ្វើដំណើរ ១៥ដុល្លារ និងសុំដកប្រធានក្រុមផ្នែកដេរម្នាក់ចេញ។
ប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារ (CLSUF) លោក សៀង រិទ្ធី បានឲ្យដឹងតាមទូរស័ព្ទថា កម្មករធ្វើកូដកម្មមិនចូលធ្វើការតាំងពីរសៀលថ្ងៃទី២១ តុលា ហើយរហូតដល់ថ្ងៃទី ២២ ខាងថៅកែរោងចក្រមិនបានឆ្លើយតបដើម្បីដោះស្រាយយ៉ាងណានៅឡើយទេ ទោះបីជាមន្ត្រីមន្ទីរការងារខេត្តបានចុះទៅសម្រុះសម្រួលដើម្បីដោះស្រាយ ក៏ភាគីរោងចក្រមិនព្រមសហការ ដោយឆ្លើយតបថា នឹងដោះស្រាយផ្ទៃក្នុងកម្មករដោយខ្លួនឯង៖ « ខ្ញុំគិតថា រោងចក្រផ្ដល់អត្ថប្រយោជន៍កម្មករវាអត់សមស្របដែលអាចកម្មករទទួលយកបាន អ៊ីចឹងហើយយើងស្នើសុំឲ្យគាត់ពិចារណា ផ្ដល់ជូននូវអ្វីដែលកម្មករគួរតែបានហ្នឹង ដោយសារសាខា ( រោងចក្រ ) ផ្សេងទៀតគឺគេបានទាំងអស់ ដោយឡែកសាខា ( រោងចក្រ ) មួយហ្នឹងគាត់អត់ដំឡើងឲ្យ»។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំការឆ្លើយបំភ្លឺពីទីប្រឹក្សាច្បាប់របស់រោងចក្រជាជនជាតិកូរ៉េម្នាក់ដែលមិនបានប្រាប់ឈ្មោះ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញការតវ៉ារបស់កម្មករទេ ពីព្រោះគ្មានការអនុញ្ញាតពីថៅកែរោងចក្រ។
លោក សៀង រិទ្ធី បញ្ជាក់ថា បើថៅកែមិនដោះស្រាយ ហើយនៅតែមិនអើពើចេញមកទេ លោកនឹងនាំកម្មករបិទផ្លូវដើម្បីឲ្យអាជ្ញាធរចូលរួមដោះស្រាយជាមួយថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។