ការ​តវ៉ា​បង្ក​ឲ្យ​ផ្ទុះ​ហិង្សា​រវាង​កម្មករ​និង​អ្នកគ្រប់គ្រង​រោងចក្រ​ស្បែក​ជើង​ជូហួយ

អំពើ​ហិង្សា​រវាង​កម្មករ​ និង​អ្នកគ្រប់គ្រង​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHUI) បាន​កើត​មាន​នៅ​ព្រឹក​ថ្ងៃទី​៦ តុលា ធ្វើ​ឲ្យ​កម្មករ​ និង​បុគ្គលិក​ជនជាតិ​ចិន ​មួយ​ចំនួន​រង​របួសស្រាល។ រោងចក្រ​ជូហួយ​ ស្ថិត​នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​កម្មករ​ប្រមាណ ១.០០០​នាក់ ដែល​ធ្វើ​ការ​តវ៉ា​ជាង ​១ខែ​កន្លង​មក​ហើយ។

អ្នកស្រី ម៉ុន សារ៉ែម អនុប្រធាន​សហជីព​មូលដ្ឋាន​នៃ​សហជីព​ស៊ីខាវឌូ (C.CAWDO) បាន​ឲ្យ​ដឹង​ថា ​កម្មករ​ដែល​ធ្លាប់​តែ​តវ៉ា​ដោយ​អហិង្សា ដឹកនាំ​ដោយ​សហជីព​ស៊ីខាវឌូ ជាង​មួយ​ខែ​នេះ ​បាន​នាំ​គ្នា​ប្រើ​ហិង្សា​ចូល​ទៅ​ក្នុង​រោងចក្រ ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​ឆ្លើយ​តប​សំណើ​ពួកគេ។

លោកស្រី​បញ្ជាក់​ថា ​ពេល​កម្មករ​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ បុគ្គលិក​ជនជាតិ​ចិន បាន​ទះ​កំផ្លៀង​កម្មការិនី​ម្នាក់​ ទើប​បណ្ដាល​ឲ្យ​កម្មករ​ខឹង និង​ប្រតាយ​ប្រតប់​គ្នា​បង្ក​ឲ្យ​មាន​របួសស្រាល។

ខណៈ​នេះ​កង​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ ខែល និង​ដំបង ប្រមាណ ១០០​​នាក់ កំពុង​ដាក់​ពង្រាយ​ក្នុង​បរិវេណ​រោងចក្រ ដើម្បី​រារាំង​កម្លាំង​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។