ពួកគេអះអាងថា ថ្នាក់ដឹកនាំរោងចក្រនេះបានបញ្ឈប់កម្មករសរុប ៤៨នាក់ហើយ ដោយមានហេតុផលថា កម្មករទាំងនោះធ្វើការមិនគ្រប់តាមការកំណត់អោយក្រុមហ៊ុន។
ថ្នាក់ដឹកនាំរោងចក្រជេនឡី នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានយល់ព្រមតាមការទាមទាររបស់កម្មករចំនួន ៧ចំណុច ក្នុងចំណោម ៩ចំណុច បន្ទាប់ពីបើកការចរចាគ្នាដ៏តានតឹងអស់ជាច្រើនម៉ោង។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានថ្លែងថា តំណាងកម្មករចំនួន ៣នាក់ សម្ព័ន្ធសហជីពលោក និងថ្នាក់ដឹកនាំរោងចក្រដេរសម្លៀកបំពាក់ជេនឡី អាជ្ញាធរស្រុក និងអធិការស្រុកពញាឮ បានលើកយកការទាមទាររបស់កម្មករទាំង ៩ចំណុចមកដោះស្រាយ។ លោកថា ក្នុងចំណុចទាំង ៩នោះ មានតែ ២ចំណុចប៉ុណ្ណោះ គឺការសុំដំឡើងប្រាក់ខែគោលពី ៦១ដុល្លារ ទៅ ៨០ដុល្លារ ក្នុងមួយខែ និងសុំថ្លៃមធ្យោបាយធ្វើដំណើរមកធ្វើការពី ៧ដុល្លារ ទៅ ១០ដុល្លារក្នុង១ខែ ត្រូវបានក្រុមហ៊ុនបដិសេធ។
លោកថា នេះជាជោគជ័យសម្រាប់ការចរចានេះ ដោយសារការស្នើសុំរបស់កម្មករសុទ្ធតែត្រូវតាមច្បាប់ការងារដែលក្រុមហ៊ុននេះមិនបានអនុវត្តន៍៖ «យើងរីករាយស្វាគមន៍ ហើយយើងក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនដែរ ដែលយើងឃើញថាការចរចានេះវាហាក់បីដូចជារលូនច្រើន។ ហើយក៏មានខាងអភិបាលស្រុកអធិការរងគាត់ចូលរួមជជែក ហើយធ្វើការវែកញែកជាច្រើនជួយដល់កម្មករដែរ»។
ទីប្រឹក្សារបស់រោងចក្រជេនឡី អ្នកស្រី ឡាយ គឹមលីន បានថ្លែងដោយខ្លីថា ពួកគាត់កំពុងរវល់នឹងការងារជាលាយលក្ខណ៍អក្សរបន្ទាប់ពីបញ្ចប់ការចរចា៖ «ខ្ញុំគ្រាន់តែជាទីប្រឹក្សារបស់គាត់ទេ ប៉ុន្តែគ្រាន់ថាការចរចា ខ្ញុំប្រសើរល្អច្រើនដែរ ដោយសារបានសម្រេចចប់សព្វគ្រប់អស់ហើយគ្មានបញ្ហាអីទេ។ ហើយបងប្អូនទាំងអស់គាត់បានចូលធ្វើការ»។
កម្មករដែលបានចូលរួមនៅក្នុងការចរចានោះ លោក ឡាង ហឿន បានថ្លែងថា មូលហេតុដែលកម្មករនាំគ្នាធ្វើកូដកម្មនេះ ដោយសារតែថ្នាក់ដឹកនាំរោងចក្រនេះតែងគាបសង្កត់ និងបង្ខំកម្មករឲ្យធ្វើការហួសកម្លាំង និងមិនស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ពួកគាត់ទាមទារចំនួន ៩ចំណុចមានជាអាទិ ការបញ្ឈប់កម្មករតាមអំពើចិត្តដោយគ្មានការព្រមាន ការដាក់ការងារហួសកម្លាំងកម្មករ ការថែមម៉ោងការងារស្របតាមគោលការណ៍ស្ម័គ្រចិត្ត បរិយាកាសរោងចក្រក្ដៅពិបាកទ្រាំ និងនៅពេលកម្មករមានសំបុត្រពេទ្យសុំកុំកាត់លុយប្រាក់រង្វាន់ទៀងទាត់ជាដើម។
លោក ឡាង ហឿន៖ «កំណត់ឲ្យគ្នាដេរបាន១ខែ ៩រយជាងខោ ដល់ដេរមិនបានបញ្ឈប់គ្នា។ អ្នកខ្លះគ្នាប្រឹងដែរតែដេរអត់បាន។ ១ឡូ១២ កំណត់ធ្វើម៉េចឲ្យដេរបាន ៩រយខោ បើមិនបានទេគេនឹងបញ្ឈប់»។
យ៉ាងណាក៏ដោយ ក្រុមកម្មករបានឈប់ធ្វើកូដកម្ម ហើយបានចូលធ្វើការវិញនៅថ្ងៃដដែល នៅវេលាម៉ោង ១រសៀល ដោយក្រុមហ៊ុនសន្យាថាមិនកាត់ប្រាក់រង្វាន់ទៀងទាត់ ឬលុយព្រីមពីពួកគេដោយសារធ្វើកូដកម្មនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
