អគ្គ​កុងស៊ុល​ស្ថានទូត​ចិន​ថា​ពុំ​មាន​ឥទ្ធិពល​លើ​ថៅកែ​រោងចក្រ​ហ៊ុយ​ចៀន

0:00 / 0:00

កម្មករ​រោងចក្រ ហ៊ុយ ចៀន (Huey Chuen) ប្រមាណ ៤០០​នាក់ លើក​គ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​ស្ថានទូត​ចិន នៅ​ថ្ងៃ​ទី​៩ តុលា។ ស្ថានទូត​ចិន ប្រាប់​ពួក​គាត់​ថា ស្ថានទូត​មិន​មាន​ឥទ្ធិពល​លើ​ថៅកែ​រោងចក្រ​ទេ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ដែល​ដឹក​នាំ​កម្មករ​តវ៉ា ថ្លែង​ថា ស្ថានទូត​ចិន មិន​មាន​វិសាលភាព​សិទ្ធិ​បញ្ជា​ទៅ​លើ​ថៅកែ​រោង​ចក្រ ហ៊ុយ ចៀន ទេ។

លោក ហ្វា សាលី ថ្លែង​បែប​នេះ គឺ​ជា​លទ្ធផល​កិច្ច​ប្រជុំ​ជាមួយ​អគ្គ​កុងស៊ុល​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក យ៉ាង ឈីងលាន ជិត​មួយ​ម៉ោង នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៩ តុលា៖ «លទ្ធផល​លោក​អគ្គ​កុងស៊ុល​ហ្នឹង គាត់​ឆ្លើយ​តប​មក​វិញ​ថា ជា​ដែន​កំណត់​របស់​គាត់ គឺ​មិន​មាន​វិសាលភាព​ធំធេង​គ្រប​ដណ្ដប់​ទៅ​លើ​និយោជក​នោះ​ទេ ដោយសារ​និយោជក​ហ្នឹង​គាត់​សិក្សា​ទៅ​ថា​ជា​ជនជាតិ​តៃវ៉ាន់»

លោក​ចាត់​ទុក​ថា​មិន​មែន​ជា​លទ្ធផល​អ្វី​ធំ​ដុំ​ទេ ក៏ប៉ុន្តែ​លោក​មាន​ភាព​កក់​ក្ដៅ ដោយសារ​តែ​ស្ថានទូត​ចិន សន្យា​ថា​នឹង​ជួយ​សម្រប​សម្រួល​ឱ្យ​ថៅកែ​រោងចក្រ​ចរចា​ជាមួយ​កម្មករ​ឡើង​វិញ។

ជំនួប​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ចិន នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្មករ​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ពេល​ព្រឹក។ នៅ​ទី​នោះ តំណាង​កម្មករ​ចំនួន ១០​នាក់ បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ការងារ​រយៈពេល​មួយ​ម៉ោង ដោយ​មិន​មាន​ដំណោះស្រាយ។

លោក ហ្វា សាលី បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មក​រក​អន្តរាគមន៍​ពី​ស្ថានទូត​ចិន ក៏​ព្រោះ​តែ​ចិន មក​ធ្វើ​វិនិយោគ​ច្រើន​នៅ​ប្រទេស​កម្ពុជា។

កម្មការិនី​មួយ​រូប គឺ​កញ្ញា កេង ណារី រំពឹង​ថា ស្ថានទូត​ចិន នឹង​អាច​ជួយ​ពួក​គាត់​បាន ដោយសារ​តែ​ថៅកែ​រោងចក្រ ហ៊ុយ ចៀន ជា​ជនជាតិ​ចិន ដូច​គ្នា។

ក៏ប៉ុន្តែ លោក ហ្វា សាលី ស្រង់​សម្ដី​លោក​អគ្គរដ្ឋទូត​ចិន លោក យ៉ាង ឈីងលាន ថា លោក​បារម្ភ​ថា​នឹង​ពិបាក​ដោះស្រាយ ដោយសារ​តែ​ថៅកែ​រោងចក្រ ហ៊ុយ ចៀន ជា​ជនជាតិ​ចិន​តៃវ៉ាន់។ លោក​ឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១០ តុលា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​​បើក​កិច្ច​ប្រជុំ​រវាង​ភាគី​កម្មករ និង​ថៅកែ​រោងចក្រ និង​ក្រសួង ដើម្បី​ផ្សះផ្សា​បញ្ហា​នេះ។

កម្មករ​រោងចក្រ ហ៊ុយ ចៀន ១.២០០​នាក់ ធ្វើ​កូដកម្ម​ជាង​ដប់​ថ្ងៃ​មក​ហើយ ដោយសារ​តែ​រោងចក្រ​ដូរ​ឈ្មោះ​ទៅ​ជា ចៀន ឡឹ (Jian Le) និង​ផ្អាក​ការងារ​តំណាង​កម្មករ​ឈ្មោះ ហេង ស៊ីហឿន។ ពួក​គាត់​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​តំណាង​កម្មករ​នោះ​ចូល​ធ្វើ​ការ​វិញ និង​ទាមទារ​ទូទាត់​ប្រាក់​អតីត​ភាព​ឲ្យ​កម្មករ នៅ​ពេល​ដែល​រោងចក្រ​នេះ​ប្ដូរ​ឈ្មោះ។

កម្មករ​រោងចក្រ​ហ៊ុយចៀន (Huey Chuen) ប្រមាណ ៣០០នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ចូល​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ៩ តុលា ២០១៤។
កម្មករ​រោងចក្រ​ហ៊ុយចៀន (Huey Chuen) ប្រមាណ ៣០០នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ចូល​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ៩ តុលា ២០១៤។ (RFA/Rann Samnang)

ស្រប​ពេល​ដែល​កម្មករ​រោងចក្រ ហ៊ុយ ចៀន តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា មាន​តំណាង​សហព័ន្ធ​សហជីព​កម្មករ​ចំនួន ៦​ផ្សេង​ទៀត បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អំពី​គម្រោង​ប្រមូល​ផ្ដុំ​កម្មករ ៣​ពាន់​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​១០ តុលា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឱ្យ​ដឹង​ថា លទ្ធផល​ពី​ការ​ជួប​ពិភាក្សា​នោះ សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ប្រមូល​ផ្ដុំ​ត្រឹម ២០០​នាក់​ទេ៖ «សំឡេង»។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថា សហជីព​នៅ​រក្សា​ជំហរ​ប្រមូល​ផ្ដុំ​ទ្រង់ទ្រាយ​ធំ​ដដែល។ ចំណែក​សាលា​រាជធានី​ភ្នំពេញ បញ្ជូន​បញ្ហា​នេះ​ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ ជា​អ្នក​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។