កូដកម្មរបស់កម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ឈានដល់ថ្ងៃទីបីហើយ ដោយមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ទន្ទឹមនឹងនេះ កម្មករ ៤នាក់ដែលចូលរួមក្នុងបាតុកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីព្រឹកថ្ងៃទី១៨ និងទី១៩ ធ្នូ មកទល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការ ហើយមិនទាន់ដោះលែងវិញនៅឡើយ។
បុរសជាកម្មករទាំងបួននាក់ដែលត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ឃុំខ្លួនមានឈ្មោះ សុខ គង់ ធ្វើការនៅរោងចក្រកៅវ៉េ (Kaoway) ឈ្មោះ ប៉ាល់ ឌីនសុម៉ាលីដា នៅរោងចក្រឃីងម៉េកឃើ (Kingmaker) ឈ្មោះ ខេង សុផា នៅរោងចក្រសាន់ហេ្វង និងឈ្មោះ វ៉ាន វិចិត្រ នៅរោងចក្រឡុងប្រាយ។ អ្នកទាំងបួន ត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
លោក វ៉ាន វិជ្ជរ៉ា ត្រូវជាបងប្រុសរបស់កម្មករឈ្មោះ វ៉ាន វិចិត្រ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ធ្នូ ថា ប្អូនប្រុសរបស់លោក រួមជាមួយកម្មករម្នាក់ទៀតឈ្មោះ សុខ គង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ងាត់ៗ នៅព្រឹកថ្ងៃទី១៨ ធ្នូ ខណៈធ្វើដំណើរជាមួយគ្នាចេញពីរោងចក្រ ដោយរងការចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រក្នុងពេលធ្វើបាតុកម្ម។ លោកអះអាងថា ប្អូនប្រុសរបស់លោក មិនមែនជាអ្នកប្រព្រឹត្តិអំពើហិង្សាក្នុងបាតុកម្មនោះទេ៖ «ចាប់មកស្ងាត់ៗមិនដឹងអីតែម្ដង។ គេចោទថាយើងបំផ្លិចបំផ្លាញរបស់ក្រុមហ៊ុនអីអ៊ីចឹង ហើយដល់ពេលឲ្យរោងចក្រគេស្រាវជ្រាវតាមកាមេរ៉ាទៅ អត់មានឃើញអីបន្តិចផង អត់មានឃើញសកម្មភាពយើងគប់ៗអីៗហ្នឹង»។
ករណីនេះ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា អ្នកទាំងបួនកំពុងស្ថិតក្រោមការសាកសួរនៅតុលាការខេត្តស្វាយរៀង ហើយនឹងត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារនៅរសៀលថ្ងៃទី២០ ខែធ្នូ។
ប្រធានតុលាការខេត្តស្វាយរៀង លោក ប៉ិច ឈឿត មានប្រសាសន៍ថា លោកទទួលបានដំណឹងថា កម្មករទាំងបួននាក់ត្រូវបានបញ្ជូនមកព្រះរាជអាជ្ញាហើយ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ក៏ប៉ុន្តែដំណើរការស៊ើបសួរយ៉ាងណា លោកជំរុញឲ្យទៅសួរព្រះរាជអាជ្ញា៖ «តាមខ្ញុំចាំបាន ព្រឹកមិញគេបញ្ជូនមកដល់ព្រះរាជអាជ្ញាហើយ។ មិនដឹងថាលោកព្រះរាជអាជ្ញាបើកហើយធ្វើការសាកសួរ ឬក៏អត់ទេ ទាល់តែសួរទៅព្រះរាជអាជ្ញាបានដឹងបាទ!»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាខេត្តស្វាយរៀង ដើម្បីសុំបំភ្លឺពីការចាប់ខ្លួនកម្មករទាំងបួននាក់នេះបាននៅឡើយ នៅថ្ងៃទី២០ ខែធ្នូ។
ពាក់ព័ន្ធនឹងបទចោទប្រកាន់កម្មករទាំងបួននាក់ ថាបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ មន្ត្រីសិទ្ធិមនុស្ស លោក នុត បូពិណ្ណារ័ត្ន បញ្ជាក់ថា លោកមិនដឹងច្បាស់ថា អ្នកទាំងបួននាក់នោះពិតជាបានបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រក្នុងពេលធ្វើបាតុកម្ម ឬយ៉ាងណានោះទេ៖ «ក្នុងពេលកើតហេតុភ្លាមៗ ខ្ញុំនៅទីនោះដែរ។ ខ្ញុំឃើញការគប់ឃើញមានមែន ហើយខ្ញុំថែមទាំងបាននិយាយប្រាប់ក្មេងៗហ្នឹងដែរ កាលថ្ងៃសុក្រ ល្ងាច ខ្ញុំបានប្រាប់ដែរ ថាកុំគប់កុំអីរបស់គេអីអ៊ីចឹង ប៉ុន្តែចំពោះបួននាក់នេះ ខ្ញុំអត់ទាន់បានឃើញមុខឃើញតែឈ្មោះ ហើយខ្ញុំសួរក្រុមគ្រួសារ គេថាពួកហ្នឹងអត់បានគប់ទេ»។
ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនេះ សង្កេតឃើញទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចដែលបណ្ដេញក្រុមគ្រួសារកម្មករ ដែលកំពុងរង់ចាំនៅមុខតុលាការ ឲ្យចេញឆ្ងាយពីបរិវេណតុលាការ ខណៈកម្មករដែលត្រូវបានចាប់ខ្លួន កំពុងស្ថិតក្រោមការសាកសួរ។ លោកបញ្ជាក់ថា ការដេញក្រុមគ្រួសារគេចេញពីបរិវេណតុលាការបែបនេះ ជារឿងខុសច្បាប់៖ ៖ «ប្រសិនបើមានភស្តុតាងចោទគាត់ជាក់លាក់ហើយ វាជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែមិនមែនជាបទល្មើសឧក្រិដ្ឋទេ ជាបទល្មើសមជ្ឈិម ហើយអ្វីដែលយើងពិបាកមើល គឺថា ក្រុមគ្រួសារប្ដីប្រពន្ធ ខ្លះកូនតូចកូនអី គ្នាមកក្នុងបរិវេណតុលាការហ្នឹង ត្រូវសមត្ថកិច្ចប៉ូលិសហ្នឹងដេញគ្នាឲ្យចេញមកចិញ្ចើមផ្លូវខាងក្រៅ។ គ្រាន់តែជាបទល្មើសមជ្ឈិមធម្មតា ហេតុអីបានជាចាំបាច់ដេញគ្នាឲ្យចេញពីតុលាការ ឲ្យមកនៅចិញ្ចើមថ្នល់? ដូច ឈូក បណ្ឌិត អ៊ីចឹង ក្រុមគ្រួសារគេមកពេញៗតុលាការ គេអត់អីផង»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនកម្មករទាំងបួននាក់ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលឃ្លាំមើលបាតុកម្មនេះ មានប្រសាសន៍នៅថ្ងៃទី២០ ធ្នូ ថា ការចាប់ខ្លួនកម្មករជាការបំបាក់ស្មារតីរបស់ក្រុមកម្មករមិនឲ្យធ្វើការតវ៉ា។ លោកស្នើឲ្យភាគីពាក់ព័ន្ធ ជ្រើសយកការសម្របសម្រួលធ្វើជាវិធីដោះស្រាយក្នុងវិវាទនេះប្រសើរជាង៖ «សូមអំពាវនាវដល់អាជ្ញាធរខេត្តស្វាយរៀង ធ្វើម៉េចឲ្យមានការសម្របសម្រួលឲ្យដោះលែងពួកគាត់ឲ្យមានសេរីភាព ហើយយើងងាកមកចូលតុដើម្បីពិភាក្សាគ្នារកចំណុចណាមួយ ដើម្បីដោះស្រាយជូនបងប្អូនកម្មករដើម្បីបញ្ចប់នូវបញ្ហានេះ»។
កម្មករបានផ្ទុះបាតុកម្មតវ៉ាតាំងពីថ្ងៃទី១៦ ធ្នូ មក ទាមទារប្រាក់ ២០ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលដែលមានស្រាប់ចំនួន ១២៩ដុល្លារ។ មកដល់ថ្ងៃទី២០ ខែធ្នូ កម្មករទាំងនោះនៅតែបន្តធ្វើកូដកម្ម ប៉ុន្តែមិនមានសកម្មភាពនៅខាងមុខរោងចក្រដូចពេលមុននោះទេ។ រីឯរោងចក្រកំពុងដំណើរការជាធម្មតា ទាំងអវត្តមានកម្មករមួយចំនួន បន្ទាប់ពីផ្អាកកាលពីថ្ងៃទី១៧ ធ្នូ ដោយសារការតវ៉ារបស់កម្មករប្រមាណ ៣ម៉ឺននាក់ ផ្ទុះទៅជាអំពើហិង្សា ហើយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលពីការធ្វើកូដកម្មនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
