ប្រធានសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា នៅរោងចក្រយុងវ៉ាទី១ ឈ្មោះ ចេវ វណ្ណារ៉ា ឱ្យដឹងថា កម្មករបិទផ្លូវជាថ្មីនេះ គឺមិនមែនតវ៉ាទាមទារប្រាក់ខែសម្រាប់ខែមករា ដូចកាលពីសប្ដាហ៍មុនទេ ប៉ុន្តែជាការតវ៉ាដើម្បីទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់ផលប្រយោជន៍ផ្សេងៗទៀត។
លោក ចេវ វណ្ណារ៉ា៖ «បាទ! បានតែប្រាក់ខែ ខែមករា ទេ។ យើងតវ៉ានេះ គឺបញ្ហាទាក់ទងនឹងគុណផ្ដាច់អតីតភាពរបស់កម្មករ គឺចង់ឱ្យក្រុមហ៊ុនទូទាត់ប្រាក់ដំណាច់ជូនគាត់ទាំងអស់ទៅតាម ច្បាប់ ព្រោះអីកម្មករយើងមួយចំនួនជាង ១០ឆ្នាំហើយ។ ខ្លះ ១៤ឆ្នាំ ខ្លះ ១០ឆ្នាំ ខ្លះក៏ ៧ ឬ ៨ឆ្នាំ។ កន្លងទៅ ថៅកែរោងចក្រគាត់អត់បានចូលតុចរចាប្រាប់ហេតុផលដល់កម្មករទេ គឺគាត់ទៅៗបាត់ឈឹងតែម្ដង ហើយរដ្ឋបាលក៏អត់ដឹងថាថៅកែហ្នឹងគាត់ទៅឯណាដែរ។ ទូរស័ព្ទអ្វីដែលយើងអាចទាក់ទងបាន គឺយើងទាក់ទងអត់បានទាំងអស់។ អត់មានជូនព័ត៌មានដល់ថ្នាក់ដឹកនាំតំណាងកម្មករថា ឥឡូវនេះក្រុមហ៊ុនយើងមានបញ្ហាអ៊ីចេះមួយ អ៊ីចេះពីរ គឺទៅបាត់ស្ងាត់ឈឹងតែម្ដង»។
កម្មការិនីឈ្មោះ ខ្លឹម ស្រីម៉ុម នៅរោងចក្រយុងវ៉ាទី២ មានប្រសាសន៍ឱ្យដឹងថា អ្នកស្រីមិនបានទទួលដំណឹងអ្វីពិតប្រាកដពីខាងភាគីរោងចក្រនៅឡើយ ទេ ហើយក៏មិនដឹងពីការដោះស្រាយដែរ៖ «អត់មានប្រាប់ថា ផ្អាកក៏មិនផ្អាក ឈប់ក៏មិនឈប់ បិទក៏មិនបិទ អត់ឮដំណឹងពីថៅកែផ្ដល់ដំណឹងដល់កម្មករ។ កម្មករបើសិនជាផ្អាកក៏យល់ព្រមដែរ បិទក៏កម្មករយល់ព្រម។ បើបិទ សុំទារលុយគុណហើយ ព្រោះអីបួនដប់ឆ្នាំហើយ»។
កម្មការិនីឈ្មោះ ធាវី ថ្លែងថា គាត់ធ្វើការនៅរោងចក្រយុងវ៉ាទី១ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយគាត់ចង់ឱ្យមានការទូទាត់ប្រាក់អតីតភាពដែលធ្វើការយូរឆ្នាំ ដល់គាត់ នៅពេលណារោងចក្រសម្រេចបិទទ្វារមែននោះ៖ «ពួកខ្ញុំ បើរោងចក្របិទទ្វារ ពួកខ្ញុំតវ៉ាយកលុយគុណ ព្រោះពួកខ្ញុំធ្វើការយូរៗហើយ។ និយាយរួម ប្រាក់ខែថ្ងៃយើង ហើយនិងប្រាក់ដំណាច់ឆ្នាំដែលយើងធ្លាប់បាន»។
តំណាងសហជីពកម្មករកម្ពុជា ដែលធ្វើការនៅរោងចក្រយុងវ៉ាទី១ រយៈពេល ៧ឆ្នាំ គឺកម្មការិនីឈ្មោះ គ្រី រំដួល ថ្លែងបញ្ជាក់ថា អ្នកស្រី និងក្រុមកម្មករកំពុងតវ៉ាបិទផ្លូវនេះ ទាមទារឱ្យមានការទូទាត់ប្រាក់ផលប្រយោជន៍ផ្សេងៗចំនួន ៥ចំណុច ប្រសិនបើរោងចក្រត្រូវបិទទ្វារ៖ «ទី១ ប្រាក់ជូនដំណឹងមុន។ ទី២ ប្រាក់សងជំងឺចិត្ត។ ទី៣ ប្រាក់បណ្ដេញ។ ទី៤ ប្រាក់អតីតភាព។ ទី៥ ប្រាក់ប្រចាំឆ្នាំ»។
កម្មកររោងចក្រកាត់ដេរយុងវ៉ាទី១ និងយុងវ៉ាទី២ ដែលមានកម្មករចំនួនប្រមាណ ៧ពាន់នាក់ នាំគ្នាបិទផ្លូវជាតិលេខ២១B ដែលភ្ជាប់ពីក្រុងតាខ្មៅ ទៅច្រកជ្រៃធំ ព្រំដែនវៀតណាម ម្ដងហើយ កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៣ ដោយទាមទារប្រាក់ខែសម្រាប់ខែមករា។ ការទាមទារនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចចេញថវិកាចំនួន ៩០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បើកឱ្យកម្មករជំនួសក្រុមហ៊ុន កាលពីចុងសប្ដាហ៍មុន។
ការបិទផ្លូវលើកទី២ របស់កម្មករ ចាប់តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោង ៤រសៀល ដើម្បីទាមទារប្រាក់ផលប្រយោជន៍ផ្សេងៗនេះ នៅមិនទាន់មានការធានាច្បាស់លាស់ពីភាគីណាមួយនៅឡើយទេ ហើយក៏មិនមានភាគីណាមកធ្វើអន្តរាគមន៍ដែរ។
លោក អ៊ុំ វិសាល ជាមន្ត្រីច្បាប់ជាន់ខ្ពស់នៃសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) បានចូលរួមចុះបញ្ជីទ្រព្យសម្បត្តិរោងចក្រនោះជាមួយគណៈកម្មការ ចម្រុះកាលពីសប្ដាហ៍មុន។ លោក អ៊ុំ វិសាល ថ្លែងថា រោងចក្រមិនមានទ្រព្យសម្បត្តិដែលអាចទូទាត់ជូនកម្មករចំនួនប្រមាណ ៧ពាន់នាក់នោះគ្រប់ឡើយ។ លោក អ៊ុំ វិសាល បន្តថា មានតែរដ្ឋាភិបាលទេដែលអាចដោះស្រាយបញ្ហានេះបាន៖ «សហជីពចង់ជំរុញ ឱ្យមានការទទួលខុសត្រូវ។ បើមិនអ៊ីចឹងទេ ទៅថ្ងៃមុខ គឺរោងចក្រនៅសុខៗរត់បាត់អត់មានអ្នកទទួលខុសត្រូវ»។
លោក អ៊ុំ វិសាល ឱ្យដឹងថា ការទូទាត់ចំពោះកម្មករម្នាក់ៗដែលធ្វើការយូរឆ្នាំ អាចមានចន្លោះពី ៥០០ ទៅ ១.០០០ដុល្លារសហរដ្ឋអាមេរិក។
លោក អ៊ុំ វិសាល បញ្ជាក់ឱ្យដឹងថា រោងចក្រយុងវ៉ាទី១ និងទី២ ដែលវិនិយោគដោយថៅកែមកពីប្រទេសសិង្ហបុរី ត្រូវបានមន្ត្រីសហជីពអះអាងថា ផលិតសម្លៀកបំពាក់លក់ទៅឱ្យក្រុមហ៊ុនធំៗល្បីឈ្មោះមួយចំនួន ដូចជា ក្រុមហ៊ុនហ្គែប (GAP) និងហ៊ីរ៉ូ (Hero) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។