កម្មករសរុបជិត ១ពាន់នាក់ នៅរោងចក្រចំនួន៣ បានធ្វើកូដកម្មដោយឡែកៗពីគ្នានៅព្រឹកថ្ងៃទី២២ ខែមេសា ទាមទារអោយភាគីរោងចក្រយល់ព្រមចំពោះលក្ខខណ្ឌទាមទារមួយចំនួន។ ចំណុចសំខាន់ជាងគេក្នុងការតវ៉ានោះ គឺការទាមទារអោយភាគីរោងចក្រទទួលយកកម្មករ ដែលត្រូវបញ្ឈប់ពីការងារអោយចូលធ្វើការងារដូចដើមវិញ។
កម្មករនៅរោងចក្រ ប៉ាយម៉ី ដែលមានទីតាំងក្នុងសង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ ប្រមាណ ៣០០នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ ដោយទាមទារអោយភាគីរោងចក្រផ្អាកគម្រោងបញ្ឈប់កម្មករជាង ១០០នាក់ពីការងារ បន្ទាប់ពីកម្មករបានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំហួលពេលវេលា ដែលខាងរោងចក្របានកំណត់។
កម្មករដែលចូលរួមធ្វើកូដកម្មនៅខាងមុខរោងចក្រ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគាត់ដែលចូលរួមតវ៉ានៅពេលនេះ ព្រោះយល់ថា ជារឿងអយុត្តិធម៌សម្រាប់កម្មករដែលត្រូវគេបញ្ឈប់ពីការងារនោះ នៅពេលដែលពួកគេត្រូវបង្ខំអោយផ្ដិតមេដៃយល់ព្រមលាលែងពីការងារដោយខ្លួនឯង៖ «រោងចក្រទល់មុខហ្នឹងក្បែរហ្នឹង គេចូលថ្ងៃទី២១ ហើយឈប់ថ្ងៃជាមួយគ្នាចឹង ពួកហ្នឹងតាមគ្នាចាំចូលថ្ងៃ២១ ចឹង។ បើបញ្ឈប់គេក៏បញ្ឈប់ចុះ ប៉ុន្តែហៅគេទៅហ្នឹងមិនមែនបញ្ឈប់ទេ តែអោយគេសរសេរលិខិតសុំឈប់ខ្លួនឯង»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្របាននៅឡើយទេ នៅថ្ងៃទី២២ ខែមេសា។ ចំពោះក្រុមកម្មករអះអាងថា ពួកគេនឹងបន្តការតវ៉ារហូតមានដំណោះស្រាយ។
ទាក់ទិននឹងការឈប់សម្រាកអបអរពិធីបុណ្យចូលឆ្នាំនេះដែរ កម្មករនៅរោងចក្រ យូនីធី ហ្វេសសិន ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល ប្រមាណជាង ២០០នាក់ បានផ្ទុះការតវ៉ានៅពេលភាគីរោងចក្របានសម្រេចកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃចំនួន ២ថ្ងៃ ចំពោះអ្នកដែលមិនបានចូលធ្វើការតាមការកំណត់របស់រោងចក្រ។ ការតវ៉ារយៈពេលមួយព្រឹករបស់កម្មករ មិនបានទទួលលទ្ធផលនៅឡើយ ហើយពួកគេបានរំសាយនៅពេលរសៀល ប៉ុន្តែគ្រោងនឹងតវ៉ាជាថ្មីទៀតនៅព្រឹកថ្ងៃទី២៣ ខែមេសា។ ក្រុមកម្មករទាមទារអោយភាគីរោងចក្រទូទាត់ថ្ងៃឈប់សម្រាកនោះជាមួយនឹងចំនួនថ្ងៃសម្រាកប្រចាំឆ្នាំរបស់ពួកគាត់ ជំនួសអោយការកាត់ប្រាក់ឈ្នួល។
ស្របគ្នានេះ កម្មករប្រមាណ ៤០០នាក់នៅរោងចក្រ វិកូ (Victco) ដែលមានទីតាំងនៅភូមិត្រពាំងសាំងចៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានតវ៉ាទាមទារលក្ខខណ្ឌមួយចំនួន និងស្នើអោយភាគីរោងចក្រទទួលយកកម្មករម្នាក់អោយចូលធ្វើការវិញ បន្ទាប់ពីត្រូវបញ្ឈប់ពីការងារបន្ទាប់ពីកម្មកររូបនោះមានគម្រោងបង្កើតសហជីពក្នុងរោងចក្រ។
កម្មករដែលត្រូវបញ្ឈប់ពីការងារ លោក តាត់ គឹមឈិន ថ្លែងថា ចំណុចទាំង៦ ដែលកម្មករទាមទារនោះ គួរតែភាគីរោងចក្រយល់ព្រមផ្ដល់អោយកម្មករ ព្រោះជាអត្ថប្រយោជន៍ដែលកម្មករគួរទទួលបាន។ លោកបន្តថា ចំពោះការបណ្ដេញគាត់ពីការងារ គឺជាការរើសអើងសហជីព៖ «ទី១ លុយឡានសុំ ១៥ដុល្លារ ស្នើអោយខ្ញុំ គឺ តាត់ គឹមឈិន ហ្នឹងបានចូលធ្វើការវិញ។ ខ្ញុំអត់មានកំហុសអីផងបង ប៉ុន្តែនៅថ្ងៃបើកលុយ គឺថ្ងៃទី៩ ហ្នឹងរកលុយ បើអត់មានចឹងប្រហែលរឿងដែលគាត់យល់ដឹងថា ខ្ញុំបង្កើតសហជីពសេរីជាតំណាងកម្មករដែលគេលើកខ្ញុំអោយធ្វើហ្នឹងបានគេដកខ្ញុំតែម្តង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ តំណាងរដ្ឋបាលរោងចក្រ អ្នកស្រី អ៊ុំ ណាវី មានប្រសាសន៍ថា ភាគីរោងចក្រពុំអាចផ្ដល់អោយទៅតាមការទាមទារនោះឡើយ ព្រោះទើបតែដំឡើងប្រាក់ខែគោលអោយបាន ១០០ដុល្លារ។ ស្របគ្នានេះ អ្នកស្រីបានច្រានចោលការចោទប្រកាន់ដែលថា រោងចក្ររើសអើងសហជីព៖ «ទាក់ទងនឹងលុយ គឺខាងខ្ញុំមិនអាចបានអោយបានទេ។ យើងទើបដំឡើងប្រាក់ខែដល់ ១០០ដុល្លារ ហីគាត់ផ្ទួនៗគ្នា គាត់ទាមទារប្រាក់រហូត។ ចំពោះការលើកឡើងថា រើសអើងសហជីពយ៉ាងម៉េចដែរ? អត់មានទេ គឺគាត់ដល់កុងត្រា»។
ទាក់ទិននឹងការតវ៉ានៅរោងចក្រ វិកូ នេះ នៅរសៀលថ្ងៃទី២២ ខែមេសា មានការចរចាមួយបានធ្វើឡើងរវាងតំណាងកម្មករ ភាគីរោងចក្រ ដោយមានការសម្របសម្រួលរបស់តំណាងមន្ទីរការងារខេត្តកំពង់ស្ពឺ ប៉ុន្តែពុំបានលទ្ធផលឡើយ។ ភាគីរោងចក្របានជំរុញអោយបញ្ជូនវិវាទនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
