តំណាងរាស្ត្រ​ទាំង​២​បក្ស​សន្យា​ជួប​មេ​សហជីព​​​ដោះស្រាយ​បញ្ហា​ប្រាក់ឈ្នួល​កម្មករ

0:00 / 0:00

កម្មករ​ជា​ច្រើន​រយ​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​១២ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ។ ចលនា​កម្មករ​ដែល​មក​ពី​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ដេរ​ស្បែក​ជើង​នៅ​ពេល​នេះ គឺ​ដឹកនាំ​ដោយ​សហជីព​ចំនួន ៦។

មេ​ដឹកនាំ​សហជីព​និយាយ​ថា ប្រាក់​ឈ្នួល​កម្មករ​សព្វថ្ងៃ​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​រស់​នៅ​បាន​សមរម្យ​ឡើយ។ ក្រៅ​ពី​ជួបជុំ​គ្នា ក្រុម​កម្មករ​បាន​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាប័ន​មួយ​ចំនួន។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​ចេញ​មក​ទទួល​ញត្តិ​ព្រម​គ្នា នៅ​មុខ​វិមាន​រដ្ឋសភា ហើយ​សន្យា​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដូច​អ្វី​ដែល​ក្រុម​កម្មករ​កំពុង​​ទាមទារ​នៅ​ពេល​នេះ ហើយ​ថែម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​មេដឹកនាំ​សហជីព ជួប​ពិគ្រោះ​យោបល់​ក្នុង​រឿង​នេះ​បន្ថែម នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា បន្ត។

កម្មករ​រាប់​រយ​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត ដូច​ជា​ខេត្ត​ព្រៃវែង និង​រាជធានី​ភ្នំពេញ​ផង បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ការ​សម្របសម្រួល​ពី​មេដឹកនាំ​សហជីព​ចំនួន​៦ មុន​នឹង​បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​រដ្ឋសភា។

ថ្លែង​ក្រោយ​រំសាយ​ក្បួន​នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក្នុង​ចំណោម​មេដឹកនាំ​សហជីព ៥​ផ្សេង​ទៀត និយាយ​ថា បើ​ទោះ​ជា​ការ​ចរចា​នៅ​រដ្ឋសភា​ព្រឹក​ថ្ងៃ​ច័ន្ទ លទ្ធផល​យ៉ាង​ណា​នោះ ក៏​ការ​សម្រេច​ចិត្ត​របស់​សមាជិក​សភា​ទាំង​ពីរ​គណបក្ស​នយោបាយ​ធ្វើ​ឡើង​នៅ​ពេល​នេះ ហាក់​ជា​ការ​ឆ្លើយ​តប​មួយ​ជំហាន​ដែរ សម្រាប់​ការ​ទាមទារ​របស់​កម្មករ៖ «យើង​មិន​ដែល​ឃើញ​តំណាង​គណបក្ស​ទាំង​ពីរ​មក​ទទួល​ញត្តិ​ពី​កម្មករ​និយោជិក​ទេ។ ប៉ុន្តែ​លើក​ថ្មី​សម្រាប់ក្រុម​សហជីព ដែល​បាន​ឃើញ​តំណាង​គណបក្ស​ទាំងពីរ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចេញ​មក​ទទួល​ញត្តិ។ យើង​រំពឹង​ថា​ពួក​គាត់​នឹង​ធ្វើ​ការ​ដោះស្រាយ ទៅ​នឹង​បញ្ហា​ដែល​លើក​ឡើង​ដោយ​សហជីព​នេះ ឲ្យ​បាន​ដែល​ហៅ​ថា​លទ្ធផល​មួយ​ដែល​អាច​ទទួល​យក​បាន»។

ការ​ប្រកាស​ជំហរ​របស់​សមាជិក​សភា​ទាំង​ពីរ​គណបក្ស​នយោបាយ​នៅ​ចំពោះ​មុខ​កម្មករ​រាប់​រយ​នាក់​ថា នឹង​ដោះស្រាយ​ក្នុង​រឿង​ប្រាក់​ឈ្នួល​សមរម្យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ទាមទារ​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​ធំ និង​បង្ខំ​ចិត្ត​ហែ​ក្បួន​ប្រឆាំង​បម្រាម​របស់​អាជ្ញាធរ​ថែម​ទៀត។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា អះអាង​ថា ចាប់​ពី​ពេល​នេះ​ឈប់​និយាយ​ពី​បក្ស​នយោបាយ ប៉ុន្តែ​ត្រូវ​និយាយ​ពី​ការ​ដោះស្រាយ​នៅ​ចំពោះ​មុខ​វិញ។

លោក​ថ្លែង​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មេដឹកនាំ​សហជីព​ទាំង​៦ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​ពិគ្រោះ​យោបល់​នៅ​វិមាន​រដ្ឋ​សភា​ដើម្បី​រក​ច្រក​ចេញ៖ «ដ្ឋសភា​នឹង​ពិនិត្យ​នូវ​សំណើ​សំណូមពរ​របស់​បងប្អូន។ យើង​នឹង​ជួញ​ធ្វើ​អន្តរាគមន៍ ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​ទទួល​បាន​តាម​សំណើ និង​សំណូមពរ ។ ជ័យ​យោ​កម្មករ​ខ្មែរ»។

ដោយ​ឡែក​អនុ​ប្រធាន​គណៈកម្មការ​ទី​១០ និង​ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សិទ្ធ ប៊ុនហុក ឲ្យ​ដឹង​ថា សមាជិក​សភា​ទាំង​ពីរ​គណបក្ស​នយោបាយ នឹង​រួម​គ្នា​ដោះស្រាយ​ជាតិ ជាពិសេស​បញ្ហា​របស់​ប្រជាពលរដ្ឋ គឺ​ជា​បន្ទុក​របស់​អ្នក​តំណាងរាស្ត្រ​ដែរ៖ «សុខទុក្ខ​របស់​បងប្អូន​កម្មករ​គឺ​ជា​សុខទុក្ខ​របស់​តំណាងរាស្ត្រ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​សង្កេត​មើល​ឃើញ​ហើយ ក្រោយ​ពី​កិច្ចព្រមព្រៀង​ថ្ងៃ​ទី ២២ មក។គណបក្ស​យើង​ទាំងពីរ​បាន​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ដែល​ចោទ​ឡើង​នៅ​លើ​ម្ចាស់​ឆ្នោត គ្រប់​ស្រទាប់​គ្រប់​វណ្ណៈ​ទាំងអស់»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការងារ​ដើម្បី​ឆ្លើយតប​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ប៉ុន្តែ​សព្វថ្ងៃ​កម្មករ​បាន​ទទួល​ប្រាក់​ខែ​គោល ១១០​ដុល្លារ​ក្នុង​មួយ​ខែ។

សហជីព​ទាំង​៦ ដែល​រៀបចំ​សម្របសម្រួល​ការ​ជួបជុំ​តវ៉ា​របស់​កម្មករ​នោះ រួម​មាន សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក ប៉ាវ ស៊ីណា សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា របស់​លោកស្រី កេន ឆេងឡាង សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​របស់​លោក សៀង សម្បត្តិ សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី សហព័ន្ធ​សហជីព​ដើម្បី​កម្មករ លោក ពុធ សុវណ្ណ និង​សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ​របស់​លោក លីវ ថារីន។ ពុំ​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទេ​នៅ​ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​១២ តុលា នេះ។ ចំណែក​សហជីព​ស៊ីខាវឌូ (C-CCAWDU) របស់​លោក អាត់ ធន់ វិញ ពុំ​ឃើញ​មាន​ចូល​រួម​ឡើយ។ លោក ប៉ាវ ស៊ីណា និយាយ​ថា ការ​អវត្តមាន​សហជីព​របស់​លោក អាត់ ធន់ នេះ ពុំ​មែន​បង្ហាញ​ថា ជា​សញ្ញា​នៃ​ការ​បែក​បាក់​ទេ ប៉ុន្តែ​ជា​កំហុស​របៀបវារៈ​នៃ​ការ​រៀបចំ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។