កម្មករ​រោងចក្រ​អ៊ីអិន​តវ៉ា​ឲ្យ​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​និង​ច្បាប់

កម្មករ​រោងចក្រ​កាត់​ដេរ អ៊ីអិន (EINS) ប្រមាណ​ជាង ១​ពាន់​នាក់ បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ និង​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​តវ៉ា​ដែល​បាន​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ៤​រសៀល​នោះ មិន​ត្រូវ​បាន​តំណាង​រោងចក្រ​យល់​ព្រម​ដោះស្រាយ​ទេ នៅ​ថ្ងៃ​ទី១៦ សីហា។

0:00 / 0:00

ក្រុម​កម្មករ​ជាង ១​ពាន់​នាក់ ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ អ៊ីអិន នៅ​ក្នុង​ខណ្ឌ​សែនសុខ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដើម្បី​ឲ្យ​តំណាង​រោងចក្រ​ចេញ​មក​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ក្រុម​កម្មករ​ទាំង​នោះ​បាន​អះអាង​ថា ជា​ការ​រំលោភ​ច្បាប់​ការងារ។ ការ​តវ៉ា​នោះ ក្រុម​កម្មករ​បាន​ដាក់​សំណើ​ចំនួន ២០​ចំណុច ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​គោរព​សិទ្ធិ​កម្មករ​ស្រប​តាម​ច្បាប់​ការងារ។

នៅ​ក្នុង​សំណើ​ទាំង ២០​ចំណុច​នោះ មាន​ចំណុច​សំខាន់ៗ​ចំនួន​បី។ ទី​មួយ ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់​សិទ្ធិ​ឲ្យ​តំណាង​កម្មករ ដែល​រោងចក្រ​បញ្ឈប់​ដោយ​គ្មាន​ហេតុផល ចូល​ធ្វើ​ការ​តាម​ធម្មតា​វិញ។ ចំណុច​ទី២ គឺ​ទាមទារ​ឲ្យ​រោងចក្រ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ ដែល​ធ្វើ​ការ​ដល់​ពេល​កំណត់​ដែល​ច្បាប់​ការងារ​តម្រូវ​ឲ្យ​ដំឡើង​ប្រាក់​ខែ។ ចំណុច​ទី៣ ក្រុម​កម្មករ​ទាំង​នោះ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​គោរព​សិទ្ធិ​កម្មករ ហើយ​មិន​ត្រូវ​បង្ខិត​បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ដោយ​គ្មាន​ការ​កំណត់​ចំនួន​ត្រឹមត្រូវ​នោះ​ទេ។

តំណាង​កម្មករ​ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ កាល​ពី​ថ្ងៃ​ទី១២ សីហា អ្នកស្រី ប្រាក់ សុផា បាន​ឲ្យ​ដឹង​ថា ភាគី​រោងចក្រ​បាន​បញ្ឈប់​ការងារ​របស់​អ្នកស្រី​ដោយ​គ្មាន​បញ្ជាក់​ពី​ហេតុផល​ត្រឹមត្រូវ​ណា​មួយ​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា ការ​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​នោះ ដោយ​ហេតុ​ថា អ្នកស្រី​បាន​ចេញ​មុខ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ដែល​ធ្វើ​ការ​រយៈពេល​ជិត ១​ឆ្នាំ ហើយ​មិន​ទាន់​មាន​ការ​ដំឡើង​ប្រាក់​ខែ​ពី​ខាង​រោងចក្រ​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​ប្រជាធិបតេយ្យ​ខ្មែរ លោក រឹម បូរ៉ា ដែល​បាន​ចូល​រួម​ដឹក​នាំ​កូដកម្ម​នៅ​ថ្ងៃ​ទី១៦ សីហា បាន​ឲ្យ​ដឹង​ថា ចំណុច​ទាំង​២០ ដែល​ក្រុម​កម្មករ​បាន​ស្នើ​ភាគី​រោងចក្រ​នោះ សុទ្ធតែ​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ។ លោក​បញ្ជាក់​បន្ថែម​ថា ការ​តវ៉ា​នោះ​មិន​ត្រូវ​បាន​ភាគី​រោងចក្រ​ផ្តល់​ដំណោះស្រាយ​ណា​មួយ​ជូន​កម្មករ​នោះ​ទេ នៅ​ថ្ងៃ​ទី១៦ សីហា។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​រោងចក្រ អ៊ីអិន លោក អ៊ុំ ព្រំ ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​រោងចក្រ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​ក្រុម​កម្មករ​ទាំង​នោះ។ ហើយ​លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ទាំង​នោះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​នោះ​ទេ។

លោក សាន បូណា ដែល​ជា​តំណាង​ក្រសួង​ការងារ​ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​កម្មករ ជាមួយ​នឹង​ភាគី​រោងចក្រ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​សំណើ​ថា បញ្ហា​ទាំង​នោះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ។ ហើយ​លោក​បាន​បញ្ជាក់​ថា វិវាទ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ធ្វើ​ការ​ដោះស្រាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ក្រុម​កម្មករ​ដែល​បាន​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី១៦ សីហា បាន​បញ្ជាក់​ពី​គោល​ជំហរ​ថា ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​ភាគី​រោងចក្រ​ផ្តល់​ដំណោះស្រាយ​សមរម្យ តាម​ការ​ស្នើសុំ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។