កម្មករ​បន្ត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​និង​តវ៉ា​នៅ​កំពង់ចាម​ទាមទារ​ដំឡើង​ប្រាក់​ខែ

កម្មករ​ជាច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ធ្នូ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ត្រង់​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទួត ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ការ​បិទ​ផ្លូវ​នេះ​បាន​បន្ត​ពី​ថ្ងៃ​ម្សិលមិញ ថ្ងៃ​ទី​២៧ ធ្នូ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ។

0:00 / 0:00

ក្រុម​កម្មករ​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គេ​បិទ​ផ្លូវ​នៅ​ទីនោះ ដោយសារ​ពួក​គេ​ពុំ​មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះ​បណ្ដាល​វិជ្ជាជីវៈ ឬ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រុម​កម្មករ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​កម្មករ​ទាំងអស់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេញ​មក​ធ្វើ​ការ​តវ៉ា​ទាំងអស់​គ្នា និង​សុំ​កុំ​ឲ្យ​សមត្ថកិច្ច​រារាំង​កម្មករ​ដែល​មាន​បំណង​ចេញ​មក​តវ៉ា​នោះ។

ចំណែក​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ នេះ ពុំ​មាន​កម្មករ​ឈរ​តវ៉ា​ទៀត​ទេ។ បញ្ហា​នេះ មេ​ដឹក​នាំ​សហជីព​កម្មករ​បញ្ជាក់​ថា ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍ មន្ត្រី​រាជការ​ឈប់​សម្រាក ប៉ុន្តែ​ក្រុម​កម្មករ​មាន​គម្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ខាង​មុខ​បន្ត​ទៀត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។