កម្មករកម្មការិនីរោងចក្រ អឹម.អិល (ML) របស់ចិនហុងកុង ផលិតខោទ្រនាប់ និងអាវទ្រនាប់ស្រីៗ ប្រមាណជាង ៤០០នាក់ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា នាំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខរោងចក្រ នៅតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែឲ្យបានទៀងទាត់។
ក្រុមកម្មករកម្មការិនីដែលតវ៉ានៅក្រុងប៉ោយប៉ែត នោះ អះអាងថា ថៅកែរោងចក្រនេះ គិតតែពីផលប្រយោជន៍របស់ខ្លួន ហើយមិនបានគោរពតាមកិច្ចសន្យាបើកប្រាក់ប្រចាំខែឲ្យក្រុមកម្មករតាមពេលកំណត់នោះទេ។
តំណាងកម្មការិនីរោងចក្រ អឹម.អិល ម្នាក់ ថ្លែងមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី៧ ខែកក្កដា ថា មូលហេតុដែលពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ានេះ ដោយសារថៅកែរោងចក្រ អឹម.អិល ផលិតខោទ្រនាប់ និងអាវទ្រនាប់របស់ចិនហុងកុង មិនបើកប្រាក់ខែឲ្យកម្មករទៅតាមពេលកំណត់នោះទេ គឺអូសបន្លាយពេលពីមួយថ្ងៃទៅថ្ងៃជាបន្តបន្ទាប់ ដែលកន្លងមកបានសន្យាបើកប្រាក់ខែនៅរៀងរាល់ដើមខែនៅថ្ងៃទី៥ ជាប្រចាំ។
កម្មការិនីរូបនេះបញ្ជាក់ថា ថៅកែរោងចក្របើកប្រាក់ខែមិនទៀងទាត់នេះ ធ្វើឲ្យពួកគេជួបការលំបាកខ្លាំង គឺពុំមានប្រាក់យកទៅប្រើប្រាស់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឡើយ ពីព្រោះពួកគេពឹងផ្អែកទាំងស្រុកទៅលើប្រាក់ខែពីការងារនេះទៅហើយ៖ «ពីព្រោះពួកយើងខ្ញុំភាគច្រើនជួលបន្ទប់គេស្នាក់នៅធ្វើការងារ បើកាលណាខាងរោងចក្រមិនបើកប្រាក់ឲ្យទេ ពួកខ្ញុំគ្មានប្រាក់បង់ថ្ងៃបន្ទប់គេ ហើយម្ចាស់បន្ទប់គេនឹងបណ្ដេញពួកខ្ញុំចេញមិនឲ្យស្នាក់នៅទៀតទេ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលរោងចក្រ អឹម.អិល លោក ចាន់ ហាក់ មានប្រសាសន៍ថា កន្លងទៅខាងរោងចក្រតែងតែបើកប្រាក់ខែឲ្យកម្មករទៀតទាត់ពេលវេលានៅថ្ងៃទី៥ ជារៀងរាល់ដើមខែប្រាកដមែន។
លោកអះអាងថា មូលហេតុដែលខាងក្រុមហ៊ុនបើកប្រាក់ខែមិនទៀតទាត់ដូចពេលមុនៗនោះ ដោយសារកាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ ត្រូវនឹងថ្ងៃអាទិត្យ ដែលធនាគារនៅទីក្រុងហុងកុង ឈប់សម្រាកពីការងារធ្វើឲ្យរោងចក្រពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកឲ្យក្រុមកម្មករ៖ «បាទ! ដោយសារតែកាលពីថ្ងៃម្សិលមិញខាងធនាគារគេបញ្ជូនប្រាក់មកខាងរោងចក្រនៅកម្ពុជា យឺតយ៉ាវ ហើយឥឡូវនេះយើងបានទទួលប្រាក់ហើយ នឹងដោះស្រាយជូនកម្មករដើម្បីបញ្ចប់រឿង»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា ថៅកែរោងចក្រមិនគួរបើកប្រាក់ខែឲ្យកម្មករយឺតយ៉ាវនោះទេ ពីព្រោះកម្មករទាំងនោះគ្មានប្រភពប្រាក់ចំណូលផ្សេងក្រៅអំពីការងាររោងចក្រដែលពួកគេធ្វើការប្រចាំខែនោះឡើយ។
លោកពន្យល់ថា នៅក្នុងករណីនេះ ថៅកែរោងចក្រអាចបើកប្រាក់ខែឲ្យកម្មករមុនថ្ងៃទី៥ បាន ប្រសិនបើក្នុងករណីនៅដើមខែត្រូវថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះ៖ «ជាទូទៅយើងសង្កេតឃើញថា ភាគីរោងចក្រជាអ្នកមានប្រៀបជាងកម្មករ ហើយរោងចក្រនេះពុំមានបង្កើតក្រុមសហជីពជួយដល់ក្រុមកម្មករនៅក្នុងនោះទេ ហើយងាយប្រឈមនឹងកើតមានបញ្ហាផ្សេងទៅថ្ងៃក្រោយទៀត»។
បច្ចុប្បន្នរោងចក្រ អឹម.អិល ផលិតខោទ្រនាប់ និងអាវទ្រនាប់ មានកម្មករបម្រើការប្រមាណជាង ៤០០នាក់ និងបានបើកដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៨ខែមកហើយ។ រោងចក្រនេះផលិតសំលៀកបំពាក់ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។
បន្ទាប់ពីការតវ៉ារបស់ក្រុមកម្មករមក ភាគីរោងចក្របានយល់ព្រមបើកប្រាក់ខែឲ្យកម្មករវិញ នៅរសៀលថ្ងៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
