កម្មករ​រោងចក្រ​ពីរ​នៅ​កំពង់ស្ពឺ​ធ្វើ​កូដកម្ម​ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ

0:00 / 0:00

មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា (Sabrina) និង​សមត្ថកិច្ច នៅ​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី២១ ឧសភា តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ទេ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ រោងចក្រ​ស្បែក​ជើង ប្រាយសិន (Bright Senfe) នៅ​ក្បែរ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា ដែរ កម្មករ​កំពុង​ធ្វើ​កូដកម្ម​ច្រើន​ថ្ងៃ​ហើយ ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ ៦​ចំណុច​ដែរ។

កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ចំនួន ២​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ គឺ​កាត់​ដេរ​សម្លៀកបំពាក់​ជាង ៤​ពាន់​នាក់ និង​កម្មករ​ផលិត​ស្បែក​ជើង​ជាង ៧០០​នាក់ ធ្វើ​កូដកម្ម​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៣។

ការ​តវ៉ា​នេះ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ប្រើ​រថយន្ត​បាញ់​ទឹក​មក​លើ​ក្រុម​កម្មករ បណ្ដេញ​ពី​ផ្លូវ​ជាតិ​លេខ​៤ កុំ​ឲ្យ​កក​ស្ទះ​ចរាចរ។

តំណាង​កម្មករ​ជាង ៤​ពាន់​នាក់ នៅ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា កម្មករ​សុំ​ប្រាក់ ១៤​ដុល្លារ ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​កម្មករ​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ត​ទៅ ថៅកែ​ព្រម​ផ្តល់​ឲ្យ ប៉ុន្តែ​បែរ​ជា​កាត់​យក​ប្រាក់​សុខភាព ប្រាក់​ធ្វើ​ដំណើរ ជាដើម យក​ទៅ​វិញ៖ «ទី២ ស្នើសុំ​ឲ្យ​កម្មករ​ធ្វើ​ការ​ចាប់​ពី ២​ខែ​ឡើង​ទៅ ពេញ​សិទ្ធិ។ ទី៣ ស្នើសុំ​ឲ្យ​ផ្តល់​អាហារ​ថ្ងៃ​ត្រង់ ១​ពេល ឬ​ប្រាក់ ៤​ពាន់​រៀល​ក្នុង​១​ថ្ងៃ»

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ​កាត់​ដេរ សាប៊្រីណា លោក ស៊ុន វនី្ន ថ្លែង​ថា ក្រៅ​ពី​ទាមទារ​សុំ​ប្រាក់ ១៤​ដុល្លារ កម្មករ​បាន​សុំ​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់ ១​ពេល រួម​ទាំង​ថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ ឬ​បន្ថែម​ម៉ោង​ពេល​យប់ ត្រូវ​គុណ​នឹង​៣។ ផ្តល់​ថ្លៃ​បាយ ធ្វើ​ការ​លើស​ម៉ោង ១​ម៉ោង ១​ពាន់​រៀល​ជាដើម៖ «ព្រោះ​អី​គាត់​បាន​ស្តាប់​ឮ​រឿង​ការ​ប្រកាស​របស់​ក្រសួង​ហ្នឹង ថា​ឡើង ១៤​ដុល្លារ ស្រាប់​ដល់​ការ​ចរចា​របស់​រវាង​សហជីព​ស៊ីខាវឌូ គេ​បាន​ទៅ​ចរចា ថៅកែ​ក្រុមហ៊ុន​គេ​ឲ្យ​តែ ៩​ដុល្លារ ហើយ​ឲ្យ​ទៅ​ប្រធាន​ក្រុម​ដល់ ១៥​ដុល្លារ។ អ៊ីចឹង​ធ្វើ​ឲ្យ​កម្មករ​មាន​ការ​តវ៉ា គាត់​ថា​ឲ្យ​ប្រធាន​ក្រុម​ប៉ុន្មាន ឲ្យ​ទៅ​គាត់​សុំ​តែ ១៤​ដុល្លារ​លើ​ប្រាក់​ខែ​គាត់ មាន​ស្រាប់​ទេ»

រោងចក្រ​កាត់​ដេរ សាប្រ៊ីណា បាន​ដំណើរ​ការ ១២​ឆ្នាំ​មក​ហើយ មាន​កម្មករ​សរុប​ជាង ៥​ពាន់​នាក់។

នៅ​ក្បែរ​រោងចក្រ​កាត់​ដេរ សាប៊្រីណា នេះ​ដែរ មាន​រោងចក្រ​ផលិត​ស្បែក​ជើង​ឈ្មោះ ប្រាយសិន ក៏​មាន​កម្មករ​ជាង ៧០០​នាក់ កំពុង​ទាមទារ​ឲ្យ​ថៅកែ​កុំ​កាត់​ប្រាក់​សុខភាព ៥​ដុល្លារ ទៅ​បូក​ជាមួយ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា ៨០​ដុល្លារ និង​សុំ​ឲ្យ​ថៅកែ​បន្ថែម​កង្ហារ​ក្នុង​រោងចក្រ។

កម្មការិនី​ឈ្មោះ សុខា ថ្លែង​ថា ការ​ទាមទារ​របស់​កម្មករ​នេះ តាំង​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា មក តែ​ថៅកែ​បដិសេធ។ កម្មការិនី​បន្ត​ថា បញ្ហា​សុខភាព​សំខាន់​ណាស់​សម្រាប់​បំពេញ​ការងារ បើ​កាត់​យក​លុយ​សុខភាព​ទៅ​បូក​ក្នុង​ប្រាក់​ឈ្នួល​ដដែល គឺ​ភាគី​រោងចក្រ​មិន​បាន​ដំឡើង​លុយ​ឲ្យ​កម្មករ​ទេ។ ម្យ៉ាង​ទៀត អាកាស​ធាតុ​ក្តៅ​ខ្លាំង កម្មករ​សុំ​បន្ថែម​កង្ហារ​ក៏​ដើម្បី​បញ្ចៀស​ការ​ដួស​សន្លប់។ កម្មការិនី​បន្ថែម​ថា កម្មករ​ក៏​សុំ​ឲ្យ​ភាគី​រោងចក្រ​ផ្តល់​ទឹក​ហូប​គ្រប់គ្រាន់ ព្រោះ​ទឹក​ចម្រោះ​នៅ​ក្នុង​រោងចក្រ កម្មករ​ផឹក​ទៅ​ប៉ះពាល់​តម្រង​នោម​ខ្លាំងក្លា៖ «ពេល​យើង​ហូប​ទឹក​ហ្នឹង​ទៅ ទឹក​នោម​ឡើង​លឿង។ ហើយ ទី៣ ក្នុង​រោងចក្រ​វា​អត់​ដាក់​កង្ហារ​ទេ ព្រោះ​រោងចក្រ​ទើប​បើក​ថ្មី»

រដ្ឋបាល​រោងចក្រ​ស្បែក​ជើង ប្រាយសិន លោក ប៊ុន នី ថ្លែង​ថា កម្មករ​បាន​ទាមទារ​ចំនួន ៦​ចំណុច។ ក្នុង​នោះ​មាន​ចំណុច​ខ្លះ​រោងចក្រ​ទទួល​យក ដូចជា សុំ​បន្ថែម​កង្ហារ ៤០​ទៀត ទៅ​លើ​កង្ហារ ៧០ កំពុង​បំពាក់។ លោក​ថា រោងចក្រ​នេះ​ទើប​ដំណើរ​ការ​ពី​ថ្ងៃ​ទី១ មីនា ឆ្នាំ​២០១៣។ អគារ​រោងចក្រ​មិន​ទាន់​បំពាក់​ឧបករណ៍​រួច​រាល់​ទេ តែ​ឲ្យ​កម្មករ​ធ្វើ​ការ​បណ្ដើរៗ។ ចំពោះ​សំណើ​សុំ​ប្រាក់​សុខភាព ៥​ដុល្លារ គឺ​រោងចក្រ​គោរព​តាម​ច្បាប់​ការងារ ដូច្នេះ​ការ​ទាមទារ​របស់​កម្មករ ថៅកែ​បាន​បដិសេធ។

ចាប់​ពី​ដើម​ខែ​ឧសភា មក កម្មករ​កាន់​តែ​ច្រើន​រោងចក្រ​នៅ​ក្នុង​ខេត្ត​នានា ដែល​បាន​វិនិយោគ​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ត្រូវ​កម្មករ​ធ្វើ​កូដកម្ម​បន្តបន្ទាប់ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​កម្មករ និង​ស្នើសុំ​កែលំអ​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​ទាំង​នោះ។

កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា នៅ​ខេត្ត​កំពង់ស្ពឺ ធ្វើ​កូដកម្ម​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ រួម​មាន ទី១ សុំ​ប្រាក់​ឈ្នួល ១៤​ដុល្លារ។ ទី២ ផ្តល់​ឲ្យ​កម្មករ​ដែល​ធ្វើ​ការ​ចាប់​ពី ២​ខែ​ឡើង​ទៅ ក្លាយ​ជា​កម្មករ​ពេញ​សិទ្ធិ។ ទី៣ ផ្តល់​អាហារ​មួយ​ពេល ឬ ៤​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ រួម​ទាំង​ថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ។ ទី៤ សុំ​ឲ្យ​ផ្តល់​ប្រាក់​ជូន​កម្មករ និយោជិត ធ្វើ​ការ​ថ្ងៃ​អាទិត្យ ឬ​បន្ថែម​ម៉ោង​ពេល​យប់ ត្រូវ​គុណ​នឹង​៣។ ទី៥ ផ្តល់​ថ្លៃ​បាយ​ធ្វើ​ការ​លើស​ម៉ោង ១​ម៉ោង ១​ពាន់​រៀល។ ទី៦ សុំ​ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ ២៥​ដុល្លារ​ក្នុង​មួយ​ខែ​រយៈពេល ២០​ខែ។ ទី៧ ក្រុមហ៊ុន​ត្រូវ​ផ្តល់​ប្រាក់​ថ្លៃ​ធ្វើ​ការ​ទៀងទាត់ ១០​ដុល្លារ ក្នុង​មួយ​ខែ។ ទី៨ សូម​ឲ្យ​ភាគី​រោងចក្រ គោរព​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​សហជីព​សេរី​កម្មករ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។