ក្រោយការសាកសួរ តុលាការបានសម្រេចឃុំខ្លួនមន្ត្រីសហជីពទាំងនោះភ្លាមៗក្នុងពន្ធនាគារខេត្ត ហើយមេធាវីរបស់ពួកគេកំពុងត្រៀមឯកសារដាក់សំណើសុំឲ្យមន្ត្រីសហជីពទាំងនោះស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
កម្មករកម្មការិនីរោងចក្រកាត់ដេរ សាប្រ៊ីណា ប្រមាណ ១ពាន់នាក់ បានឈរតវ៉ាយ៉ាងស្ងៀមស្ងាត់នៅខាងមុខតុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីទទួលដំណឹងថា ថ្នាក់ដឹកនាំសហជីពរបស់ពួកគេ ៨នាក់ ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្ត។
អ្នកនាំពាក្យសហជីពសេរីកម្មករ លោក ពេជ្រ ពណ្ណារាយ ឲ្យដឹងថា កម្មករទាំងនោះបានស្ម័គ្រចិត្តធ្វើដំណើរក្នុងរថយន្តប្រមាណ ៦០គ្រឿងទាំងព្រឹក ដើម្បីតវ៉ានៅមុខតុលាការខេត្តកំពង់ស្ពឺ ក្នុងបំណងទាមទារសុំឲ្យដោះលែងមន្ត្រីសហជីព ៨នាក់ ដែលត្រូវសមត្ថកិច្ចចាប់ និងឃុំខ្លួន ជុំវិញការបង្កហិង្សាក្នុងការប៉ះទង្គិចពេលធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែបន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា៖ «គាត់ទាមទារ ២ចំណុច គឺសុំឲ្យដោះលែង និងសុំឲ្យចូលធ្វើការវិញ។ គាត់លើកបដាដែរ សុំឲ្យអ្នកទាំង ៨នាក់ ហើយគាត់តវ៉ាដោយស្ងប់ស្ងៀមទេ គាត់អត់មានបង្កើតបញ្ហាស្អីទេ»។
ការតវ៉ាអហិង្សារបស់កម្មករពេញមួយថ្ងៃទី៥ ខែមិថុនា មិនឃើញមានសកម្មភាពបង្ក្រាបក្រុមកូដករពីសំណាក់សមត្ថកិច្ច និងកងកម្លាំងរាជអាវុធហត្ថ ប្រមាណ ១០០នាក់ ដែលដាក់ពង្រាយនៅមុខតុលាការខេត្តកំពង់ស្ពឺ ឡើយ។
ប្រធានតុលាការខេត្តកំពង់ស្ពឺ លោក ខ្លូត ពេជ្រ បញ្ជាក់ថា មន្ត្រីសហជីពសេរីកម្មករ ៨នាក់ ខាងតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២។ ទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។ លោកបន្ថែមថា កម្មកររោងចក្រទាំងនោះបានតវ៉ាស្ងប់ស្ងៀមនៅមុខតុលាការ។ ប៉ុន្តែ មិនបង្កការរំខានអីដល់ការងារតុលាការឡើយ។ មួយវិញទៀត ការចរចាយ៉ាងណាជាមួយតំណាងសហជីព ជុំវិញសំណើសុំឲ្យដោះលែងនៅក្រៅឃុំនោះ វាអាស្រ័យទៅលើចៅក្រមដែលកាន់រឿងក្តីនេះ៖ «គ្រាន់តែឃើញនៅខាងមុខហ្នឹង គេឈរនៅស្ងាត់ស្ងៀម។ មិនទាន់ហ៊ានថាម៉េចទេ ព្រោះចៅក្រមគាត់ជាអ្នកចាត់ការ»។
ជុំវិញបញ្ហានេះ មេធាវីប្រចាំសហជីពសេរីកម្មករ លោក គុជ រដ្ឋា បញ្ជាក់ថា តុលាការខេត្តកំពង់ស្ពឺ បានចោទប្រកាន់មន្ត្រី និងថ្នាក់ដឹកនាំសហជីពសេរីកម្មករចំនួន ១៦នាក់ ក្នុងបទចោទរបស់ខ្លួន។ ប៉ុន្តែ មានមន្ត្រីសហជីព ៨នាក់ប៉ុណ្ណោះ ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារ។ លោក គុជ រដ្ឋា បញ្ជាក់ថា លោកនឹងដាក់សំណើសុំទៅតុលាការខេត្ត ដើម្បីឲ្យមានការដោះលែងមន្ត្រីសហជីពទាំង ៨នាក់ នៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី៦ ខែមិថុនា។
រោងចក្រកាត់ដេរ សាប្រ៊ីណា ដែលជារោងចក្រស៊ីឈ្នួលផលិតសម្លៀកបំពាក់កីឡាល្បីរបស់ក្រុមហ៊ុន ណៃគី (Nike) បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ទារថ្លៃខូចខាតទ្រព្យសម្បត្តិ និងប្រាក់ជំងឺចិត្តចំនួន ១៥ម៉ឺនដុល្លារ ពីមន្ត្រីសហជីព ៨នាក់ ដោយចោទថា បានបង្កកូដកម្មរហូតឈានទៅផ្ទុះហិង្សាកើតឡើង កាលពីថ្ងៃទី៣ ខែមិថុនា និងធ្វើឲ្យខូចខាតអគារ និងទ្រព្យសម្បត្តិ សម្ភារៈរោងចក្រយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
