ប្រភពពីកម្មកររោងចក្រ សៀវ គិញ ឲ្យដឹងនៅថ្ងៃទី២៦ វិច្ឆិកា ថា កម្មករបានតវ៉ាមិនព្រមចូលធ្វើការដូច្នេះតាំងពីថ្ងៃទី២១ វិច្ឆិកា មកម្ល៉េះ បន្ទាប់ពីកម្មករបានឃើញពិតានជាន់ទី១នៃអគាររោងចក្រប្រេះស្រាំ និងលាន់ញ័រដូចជារកកលចង់បាក់។ ក្រៅពីនេះពិតានជាន់ទី២ ក៏មានស្ថានភាពគ្រោះថ្នាក់ដូចគ្នាដែរ។
ទាក់ទងមន្ទិលសង្ស័យរបស់កម្មករមិនហ៊ានចូលធ្វើការ ព្រោះខ្លាចរោងចក្របាក់លើស្លាប់នេះ មន្ត្រី រដ្ឋបាលរោងចក្រ សៀវ គិញ លោក ប៊ុន ឡេង បញ្ជាក់នៅថ្ងៃទី២៦ វិច្ឆិកា ថា ម្ចាស់រោងចក្របានហៅក្រុមវិស្វករមកពីមជ្ឈមណ្ឌលវិស្វកម្ម និងបច្ចេកទេសកម្ពុជា មកពិនិត្យគុណភាពពិតាន ហើយលោកថា ជាលទ្ធផលគុណភាពពិតាននៅល្អក្នុងកម្រិត ៣៨ MPA (ភាពរឹងមាំនៃគ្រឹះពិតាន) ប្រៀបធៀបទៅគុណភាពសំណង់ទាបបំផុតកម្រិត ២៥MPA។
លោកថា៖ «យើងបានហៅក្រុមវិស្វករពីរក្រុមហ៊ុនមកពិនិត្យ គេថា គុណភាពនៅល្អទេ ហើយសុំឲ្យរោងចក្ររើឥវ៉ាន់ដែលផ្ទុកលើពិតានចេញ ហើយប៉ះស្នាមដែលបានប្រេះនោះឡើងវិញ។ ក៏ប៉ុន្តែកម្មករនៅតែមិនទុកចិត្តនៅខ្លាចបាក់ដដែល»។
រោងចក្រ សៀវ គិញ ស្ថិតនៅក្បែរសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ឲ្យដឹងថា រោងចក្រ សៀវ គិញ ដើមឡើយជាផ្ទះល្វែង ក្រោយមកដោយសេចក្ដីត្រូវការរោងចក្រច្រើន រួមផ្សំតំបន់នេះត្រូវប៉ាន់ផងបានកែច្នៃធ្វើជារោងចក្រដោយមិនមានលក្ខណៈត្រូវស្តង់ដារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
