តំណាងកម្មករថ្លែងបញ្ជាក់ថា ប្រការដែលក្រុមហ៊ុនមិនបន្តកិច្ចសន្យាការងារ ដោយពួកគេពុំមានកំហុសបែបនេះ គឺក្នុងគោលបំណងដើម្បីរារាំងមិនឲ្យក្រុមកម្មករធ្វើកូដកម្មតវ៉ាទាមទារអត្ថប្រយោជន៍របស់ខ្លួន ជាមួយក្រុមហ៊ុននៅថ្ងៃក្រោយទៀត។
តំណាងកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ម្នាក់ គឺលោក សឿន សុត ថ្លែងបញ្ជាក់នៅថ្ងៃទី០៨ មករា ថា កន្លងមកពួកគេពុំដែលធ្វើអ្វីខុសពីលក្ខខណ្ឌការងារនៃច្បាប់ការងាររបស់កម្ពុជា នោះទេ។ ដោយគ្រាន់តែពួកគេតវ៉ាទាមទារដើម្បីឲ្យក្រុមហ៊ុនកែលំអលក្ខខណ្ឌការងារ និងស្នើឲ្យមានការដំឡើងប្រាក់ខែរបស់កម្មករ ដើម្បីឲ្យសមស្របទៅតាមតម្លៃទំនិញទីផ្សារសព្វថ្ងៃ។ ហើយរាល់ពេលធ្វើកូដកម្មកន្លងមក គឺជាការចូលរួមរបស់ក្រុមកម្មករដោយពុំមាននរណាបង្ខិតបង្ខំពួកគេនោះឡើយ។
លោក សឿន សុត៖ «ខាងរោងចក្រនេះពីព្រោះគេធ្វើមិនសមនឹងច្បាប់ការងាររបស់ប្រទេសកម្ពុជា យើង ដើម្បីប្រឈមមុខខាងច្បាប់។ ប៉ុន្តែរោងចក្រមួយនេះគេមិនគោរពច្បាប់ទេ គេបំពានច្បាប់ ព្រោះពួកខ្ញុំនេះមិនជាអ្នកថាចលនាចូលរួមគណបក្សប្រឆាំង មិនមែនទេ ព្រោះខ្ញុំធ្វើនេះធ្វើទាមទារនូវចំណុចចរចាដែលកម្មករគាត់ចង់បានជាមួយនឹងក្រុមហ៊ុន»។
ស្រដៀងគ្នានេះដែរ តំណាងកម្មករម្នាក់ទៀត គឺលោក ចាប ចំរើន ថ្លែងបញ្ជាក់ក្នុងទឹកមុខស្រពោនថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេពីការងារចាប់តាំងពីថ្ងៃទី០១ មករា ឆ្នាំ២០១៤ រហូតមក ដែលជាថ្ងៃបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ។ លោកថ្លែងបន្តដោយចាត់សកម្មភាពរបស់ក្រុមហ៊ុន ថាជាសកម្មភាពមួយក្នុងន័យគំរាមកំហែងបិទសិទ្ធិសេរីភាព និងដាក់សម្ពាធមកលើក្រុមកម្មករ ដើម្បីមិនឲ្យពួកគេងើបតវ៉ានៅពេលក្រោយទៀត៖ «ទៅដល់ថ្ងៃធម្មតាចូលធ្វើការ គេអត់ឲ្យយើងចូលធ្វើការ គេបញ្ឈប់យើងតែម្ដង តំណាងៗ។ មានដឹងថាមូលហេតុបានជាឈានចូលដល់ការបញ្ចប់នេះ? ប្រហែលជាគេរើសអើងសហជីព ព្រោះខ្ញុំធ្វើការហ្នឹងតំណាងកម្មករហ្នឹង ខ្ញុំមិនដែលប្រឆាំងទៅកម្មករទេ ខ្ញុំតែងតែធ្វើតាមសំណើរបស់កម្មករ ឡើងទៅដោះស្រាយជាមួយក្រុមហ៊ុន ហើយអ៊ីចឹងក្រុមហ៊ុនប្រហែលជាធុញទ្រាន់នឹងពួកខ្ញុំពេក»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង លោក អ៊ូ សុខឿន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបានបណ្ដេញតំណាងកម្មករចេញពីការងារនោះទេ។ ប៉ុន្តែ គ្រាន់តែក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាដោយមិនបន្តឲ្យកម្មករណាដែលការងាររបស់ខ្លួនពុំមានការរីកចម្រើន៖ «អ៊ីចឹងកិច្ចសន្យាថេរវេលាកំណត់នេះនៅពេលកាលណាវាដល់កាលកំណត់ ពេលណាដែលថៅកែគាត់យល់ថាបុគ្គលិក ឬក៏កម្មកររបស់ខ្លួនហ្នឹងធ្វើការមិនមានការរីកចម្រើនសម្រាប់ក្រុមហ៊ុន អ៊ីចឹងទេគាត់ហ្នឹងត្រូវបញ្ចប់កិច្ចសន្យាការងារហើយ។ អ៊ីចឹងក្នុង ៤១នាក់នេះ ឥឡូវនេះមាន ៣៣នាក់ដែលគាត់បានព្រមទទួលយកហើយ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន បញ្ជាក់ថា ការបញ្ចប់កិច្ចសន្យារបស់កម្មករអាចធ្វើទៅបាន លុះត្រាតែមានការបញ្ជាក់ពីមូលហេតុនៃកំហុសការងាររបស់កម្មករច្បាស់លាស់។ ប៉ុន្តែ លោក នុត ប៊ូពិណារ័ត្ន បានថ្លែងបញ្ជាក់ដោយចាត់ទុកការបញ្ឈប់តំណាងកម្មករព្រមគ្នាច្រើនរហូតដល់ជាង ៤០នាក់នេះ ថាជាសកម្មភាពរារាំងកម្មករមិនឲ្យងើបតវ៉ាជាមួយក្រុមហ៊ុន៖ «គឺយើងគិតថាធ្វើដែលគេបញ្ចប់នេះ គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ គឺគ្មានហេតុផល។ ដែលយើងអាចនិយាយបានថា មានការគំនុំគំកួនទៅលើកម្មករ ដែលអាចថាជាអ្នកបះបោរញុះញង់ឲ្យធ្វើបាតុកម្មកន្លងមកហ្នឹង។ អ៊ីចឹងបើផ្អែកទៅលើច្បាប់ការងារ ក៏មិនអាចមានលក្ខខណ្ឌណាទៅបញ្ចប់គាត់ដោយអ៊ីចឹងបានដែរ អត់ទេ»។
តែយ៉ាងណា ក្រុមកម្មករបញ្ជាក់ថា ពួកគេនឹងប្រឆាំងតវ៉ាជាមួយក្រុមហ៊ុន ដើម្បីទាមទារសិទ្ធិសេរីភាពស្របច្បាប់របស់ខ្លួនឡើងវិញ ហើយប្រសិនបើក្រុមហ៊ុននៅតែរឹងរូសពុំព្រមដោះស្រាយទេនោះ ពួកគេនឹងមិនបញ្ឈប់ការទាមទាររបស់ខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
