អាជ្ញាធរ​នៅ​ព្រៃវែង​អះអាង​ថា​ពិបាក​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក

0:00 / 0:00

ថ្នាក់​ដឹក​នាំ​មន្ទីរ​ការងារ​ខេត្ត​ព្រៃវែង បង្ហាញ​ថា ការងារ​ក្នុង​ស្រុក​មាន​ច្រើន​រាប់​មិន​អស់ តែ​ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ មន្ទីរ​ការងារ​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ ជួយ​រិះ​រក​គន្លឹះ​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ងាក​មក​រក​ការងារ​ក្នុង​ស្រុក ជៀសវាង​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន។

ប៉ុន្តែ អ្នក​វិភាគ​សង្គម​បញ្ជាក់​ថា ហេតុ​ដែល​ពលករ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​ប្រាក់​ខែ​នៅ​ទី​នោះ​ខ្ពស់​ជាង​ក្នុង​ស្រុក។

ប្រធាន​មន្ទីរ​ការងារ​ថ្លែង​បែប​នេះ ក្នុង​អង្គ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​ព្រៃវែង ដែល​រៀបចំ​ឡើង​ដោយ​សហភាព​ការងារ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១១ សីហា។

លោក ហែម ហឿន មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខា​សាលា​នោះ​ថា ការងារ​រោងចក្រ​នៅ​ក្នុង​ស្រុក​មាន​ច្រើន​រាប់​មិន​អស់ ហើយ​កន្លែង​ខ្លះ​ប្រាក់​ខែ​ក៏​មិន​ចាញ់​ការងារ​នៅ​ក្រៅ​ប្រទេស​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​បែរ​ជា​នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន ហើយ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៅ​វិញ។ លោក​បន្ត​ថា ថ្មីៗ​នេះ​លោក​បាន​ទៅ​ណែនាំ​ឲ្យ​ប្រជា​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចុះ​ឈ្មោះ​ធ្វើ​ការ​រោងចក្រ ក្នុង​នោះ​មាន​រោងចក្រ​ខ្លះ​ប្រាក់​ខែ​រហូត​ដល់​ទៅ ២០០​ដុល្លារ​ឯណោះ តែ​ពួក​គាត់​បែរ​មិន​ខ្វល់​ពី​ការងារ​នៅ​ក្នុង​ស្រុក​ឡើយ។

លោក ហែម ហឿន អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ជួយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ ឲ្យ​ងាក​មក​រក​ការងារ​នៅ​ក្នុង​ស្រុក​វិញ៖ «យើង​ចង់​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត​ឥរិយាបថ​របស់​គាត់ ឥឡូវ ២០០ មិន​យក​ទៅ​ឯណា ខ្ញុំ​ឆ្ងល់​អ៊ីចេះ។ ថ្ងៃ​មិញ​ចុះ​ឈ្មោះ​បាន​តែ ៤​នាក់​ទេ​ណាស់​នៅ​វត្ត​តាកោ ចុះ​ឈ្មោះ​បាន​តែ ៤​នាក់​ទេ​មិន​ដឹង​ថា​ទៅ​ឬ​នៅ​ទេ ខ្ញុំ​មិន​ទាន់​បាន​មើល​ទៀត។ ហើយ​សាកល្បង​ទៀត ៦​ខែ​ហ្នឹង​គាត់​ឲ្យ ២០០​ដុល្លារ​ហ្នឹង ចុះ​ម៉េច​ថី​បាន​មិន​ធ្វើ? ដល់​ពេល​ការងារ​មក​ដល់​សួរ​ថា ថ្លៃ​ណា​ធ្វើ​ប៉ាសស្ព័រ ៤​ដុល្លារ​ហ្នឹង នៅ​តែ​ចង់​ទៅ​ណែ​វា​ទៅ​ជា​យ៉ាង​ចេះ​បញ្ច្រាស​សម្ដី​ទៅ​វិញ ខ្ញុំ​វា​ពិបាក​នោះ​មែន​ទែន​តែ​ហ្មង!»

ចំណែកឯ​អនុប្រធាន​សហភាព​ការងារ​កម្ពុជា វិញ គឺ​លោក ឯក សុភក្ដី លើក​ឡើង​ថា ហេតុ​ដែល​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ នោះ ដោយសារ​ការងារ​ក្នុង​ស្រុក​ខ្មែរ​មិន​ថិតថេរ ហើយ​បើ​ទោះ​ជា​មាន​ការងារ​ខ្លះ​មែន ប៉ុន្តែ​ការងារ​ទាំង​នោះ​ភាគ​ច្រើន​រើសអើង​កម្លាំង​ពលកម្ម​របស់​កម្មករ៖ «អ៊ីចឹង​មាន​ន័យ​ថា បើ​សិន​ជា​គាត់​ទៅ​ខាង​ក្រៅ គឺ​គាត់​ធ្វើ​ជា​អចិន្ត្រយ៍​ហ្មង បើ​ថា​នៅ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​តែ​ម្ដង បើ​ថា​ទៅ​ធ្វើ​ជាមួយ​មេការ​ណា គឺ​មេការ​ហ្នឹង​ធានា​ឲ្យ​គាត់​ហ្នឹង​មាន​ការងារ​ធ្វើ​រហូត​អ៊ីចឹង​ទៅ។ អ៊ីចឹង​រហូត​ដល់​គាត់​អាច​បាន​លុយ​បាន​អី​អ៊ីចឹង​ទៅ អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ការ​ចំណាយ​របស់​គាត់ ដើម្បី​ភាព​ចាំបាច់​ណា​មួយ។ អ៊ីចឹង​ភាគ​ច្រើន​ក្នុង​ប្រទេស​យើង​ការងារ​មាន តែ​វា​អត់​ថិតថេរ វា​អត់​អចិន្ត្រយ៍ តែ​នៅ​ប្រទេស​គេ​ការងារ​វា​អចិន្ត្រយ៍។ អ៊ីចឹង បើ​សិន​កាលណា​គាត់​នៅ​ប្រទេស​កម្ពុជា យើង គឺ​ថា​ដូច​រក​ទៅ​វា​អត់​សល់​លុយ អ៊ីចឹង​គាត់​បង្ខំ​ចិត្ត​ទៅ​ខាង​ក្រៅ​ប្រទេស»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​សម្រុក​ទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ នោះ មាន​ដូច​ជា​ប្រាក់​ខែ​ការងារ​ក្នុង​ស្រុក​ទាប​ជាង​នៅ​ក្រៅ​ប្រទេស។ ទី​២ ដោយសារ​ពុំ​មាន​លក្ខខណ្ឌ​ធានា​ការងារ​ត្រឹមត្រូវ។ ទី​៣ ពុំ​មាន​ផែនការ​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​យុវជន​ធ្វើ​ការងារ​ក្នុង​ស្រុក។ ចំណែក​ឯ​វិធីសាស្ត្រ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​វិញ លោក​ពន្យល់​ថា កត្តា​សំខាន់ គឺ​បោស​សម្អាត​ពលករ​ដែល​ចូល​ធ្វើ​ការ​ក្នុង​ស្រុក​ដោយ​ខុស​ច្បាប់។ ទី​២ ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ស៊ី​ជម្រៅ ទាំង​កសិកម្ម ឧស្សាហកម្ម និង​ផ្នែក​សេវាកម្ម ជាដើម៖ «ទី​៣ យើង​ត្រូវ​រៀបចំ​គោល​នយោបាយ​ប្រាក់​ខែ​គោល​អប្បបរមា​មួយ ទាំង​អ្នក​ធ្វើ​ការងារ​ឧស្សាហកម្ម សេវាកម្ម កសិកម្ម ឬ​ក៏​អ្នក​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា​ការងារ​តាម​ផ្ទះ ជាដើម។ ទី​៤ យើង​ត្រូវ​រៀបចំ​ពង្រឹង​ដល់​ការ​យក​ពន្ធ​ដី ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​លើស​ពី ១០​ហិកតារ យើង​ត្រូវ​យក​ពន្ធ​ដី ដើម្បី​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ផ្ដល់​ការងារ​ដល់​កសិករ​យើង​ហ្នឹង»

របាយការណ៍​មន្ទីរ​ការងារ​ខេត្ត​ព្រៃវែង បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ប្រមាណ​ជាង ៤​សែន​នាក់ ក្នុង​នោះ​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រៃវែង ដែល​មាន​ប្រមាណ​ជាង ៤​ម៉ឺន​នាក់។ កាល​ពី​ខែ​មិថុនា កន្លង​ទៅ អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​ត្រឡប់​មក​កម្ពុជា វិញ ប្រមាណ​ជាង ២​សែន​នាក់។ ក្នុង​ចំណោម​នោះ ពលករ​មក​ពី​ខេត្ត​ព្រៃវែង ជាង ២​ម៉ឺន​នាក់។ ថ្មីៗ​នេះ ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ធ្វើ​លិខិត​ឆ្លង​ដែន​រយៈពេល​ខ្លី ដល់​ពលករ​ចំណាក​ស្រុក ដោយសារ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​ធំ បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។