កម្មករ​ជាង​២​ពាន់​នាក់​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​កាត់​លុយ​​ត្រឹម​៥០%​ពេល​ទៅ​បោះឆ្នោត

0:00 / 0:00

ក្រុម​កម្មករ​ជាង ២​ពាន់​នាក់​នៅ​រោងចក្រ សៅ ឡែនដ៍ (South Land) កាត់​ដេរ​មួក​នៅ​តំបន់​វ៉េងស្រេង នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា សុំ​ឲ្យ​ថៅកែ​កាត់​លុយ​ត្រឹម ៥០​ភាគរយ នៅ​ពេល​ពួកគេ​ឈប់​សម្រាក​បន្ថែម ១​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត ហើយ​មក​ធ្វើ​មិន​ទាន់។ ចំណែក​ភាគី​ថៅកែ​រោងចក្រ​ថា ពួកគេ​កំពុង​រក​ដំណោះ​ដើម្បី​ផ្ដល់​ជម្រើស​ដល់​កម្មករ។

ការ​ទាមទារ​នេះ ក្រុម​កម្មករ​លើក​ឡើង​ថា ការ​ដែល​បោះឆ្នោត​ថ្ងៃ​អាទិត្យ ហើយ​តម្រូវ​ឲ្យ​ពួកគេ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​កម្មករ​មិន​អាច​មក​ធ្វើ​ការ​ទាន់​ពេល​ទេ ព្រោះ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ដូច្នេះ​ស្នើ​សុំ​ទៅ​ថៅកែ​រោងចក្រ​កាត់​លុយ​ថ្ងៃ​ច័ន្ទ ដែល​មិន​បាន​មក​ធ្វើការ​ត្រឹម ៥០​ភាគរយ។

តំណាង​កម្មករ​រោងចក្រ​ម្នាក់ លោក វណ្ណា រំពឹង​ថា ថៅកែ​រោងចក្រ​នឹង​យល់​ស្រប​តាម​សំណើ​របស់​កម្មករ ព្រោះ​ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ ដូច្នេះ​ថៅកែ​រោងចក្រ​គួរ​សម្រួល​ដល់​កម្មករ៖ «៥០​ភាគរយ​ហ្នឹង ឧទាហរណ៍​មួយ​ថ្ងៃ​កម្មករ​ធ្វើការ​បាន ៥​ដុល្លារ ប៉ុន្តែ​បើ​យើង​អត់​មក​ធ្វើការ​គេ​កាត់​ទាំង​អស់ អ៊ីចឹង​យើង​សុំ​ឲ្យ​គេ​កាត់​ត្រឹម ២​ដុល្លារ​កន្លះ​បាន​ហើយ»

​ការ​ចេញ​មុខ​ទាមទារ​របស់​កម្មករ​នៅ​ពេល​នេះ ខណៈ​ដែល គ.ជ.ប និង​ក្រសួង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស សិប្បកម្ម និង​រោងចក្រ​កាត់ដេរ ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ខាង​មុខ​នេះ។

រដ្ឋបាល​រោងចក្រ សៅ ឡែនដ៍ លោក ប៊ុន សុគន្ធ ឲ្យ​ដឹង​ថា ភាគី​ថៅកែ​រោងចក្រ​បាន​ផ្ដល់​ជម្រើស​ពីរ​យ៉ាង​ដល់​កម្មករ គឺ​បើ​កម្មករ​មក​ធ្វើការ​ថ្ងៃ​ច័ន្ទ មិន​ទាន់ កម្មករ​អាច​ដាក់​ច្បាប់​ប្រចាំ​ឆ្នាំ និង​ដាក់​ពាក្យ​សុំ​ឈប់​ក្នុង​ថ្ងៃ​ដែល​មក​ធ្វើ​ការ​មិន​ទាន់។ ប៉ុន្តែ ករណី​កម្មករ​ស្នើ​ភាគី​ថៅកែ​រោងចក្រ​ពិភាក្សា​មិន​ទាន់​នៅ​ឡើយ៖ «ព្រោះ​ខ្ញុំ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប»

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បញ្ជាក់​ជំហរ​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​តម្រូវ​ឲ្យ​កម្មករ​ឈប់សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នោះ​ឡើយ។ ប៉ុន្តែ GMAC ថា កម្មករ​មាន​សិទ្ធិ​ឈប់​សម្រាក ១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ បន្ថែម​លើ​ការ​ឈប់​សម្រាក​បុណ្យ​ជាតិ​នានា ដែល​ចែង​ក្នុង​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ប៉ុន្តែ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ព្រងើយកន្តើយ​របស់​ក្រសួង​ការងារ ដែល​មិន​បាន​ជួយ​សម្រួល​ឲ្យ​កម្មករ កម្មការិនី​អាច​ទៅ​បោះឆ្នោត​បាន​ដោយ​ងាយស្រួល។ មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ដដែល ផ្ញើ​លិខិត​ចំហ​ទៅ​ក្រសួង​ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។