សហជីព​កម្មករ​មិន​ទទួល​ការ​ដំឡើង​ប្រាក់​ខែ​គោល​១១​ដុល្លារ​បន្ថែម

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ការងារ​ដែល​មាន​តំណាង​មក​ពី​រដ្ឋាភិបាល សហជីព និង​សមាគម​កាត់​ដេរ​កម្ពុជា បរាជ័យ​ក្នុង​ការ​ចរចា​កំណត់​ប្រាក់​ខែ​គោល​ថ្មី។ លទ្ធផល​នៃ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ទី២៦ កុម្ភៈ មិន​បាន​ជោគជ័យ​ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​លើ​ចំនួន​ប្រាក់​ខែ​គោល រវាង​សហជីព​កម្មករ និង​សមាគម​កាត់​ដេរ​កម្ពុជា។ ភាគី​ទាំង​បី​គ្រោង​នឹង​បន្ត​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ពុធ នេះ​ទៀត។
ដោយ យន់ សាមៀន
2013-02-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​តវ៉ា​ខេត្ត​តាកែវ ៣០៥
កម្មករ​ឈរ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ នៅ​ខាង​មុខ​រោងចក្រ ប៊្លូសសាម សេនជូរី (Blossom Century Cambodia) ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៣។
RFA/Ouk Savborey

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​ប្រធាន​កិច្ច​ប្រជុំ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា ភាគី​ទាំង​អស់​នឹង​បន្ត​ចរចា​គ្នា​រហូត​ទទួល​បាន​លទ្ធផល​ដែល​អាច​ទទួល​យក​បាន​ទាំង​គ្រប់​ភាគី។

លោក​បន្ត​ថា កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ មិន​ទាន់​សម្រេច​លទ្ធផល​ទាំង​ស្រុង ដោយ​សារ​ភាគី​សមាគម​កាត់​ដេរ​កម្ពុជា និង​តំណាង​សហជីព មិន​ទាន់​អាច​ព្រមព្រៀង​គ្នា​ទាំង​ស្រុង​លើ​ប្រាក់​ខែ​គោល។ ក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​តំណាង​ក្រុមហ៊ុន​សន្យា​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ៧២​ដុល្លារ ប៉ុន្តែ​តំណាង​សហជីព​ទាម​ទារ ១២០​ដុល្លារ។

លោក អ៊ិត សំហេង សង្ឃឹម​ថា ដំណើរ​ការ​ចរចា​នៅ​ថ្ងៃ​នេះ​នឹង​អាច​ឈាន​ទៅ​រក​លទ្ធផល​ចុង​ក្រោយ​មួយ​មាន​លក្ខណៈ​ល្អ​ប្រសើរ៖ «ខ្ញុំ​សង្ឃឹម​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​នឹង​អាច​ស្វែង​រក​ដំណោះស្រាយ​បាន។ នេះ​ជា​លទ្ធផល​ល្អ​មួយ​នៃ​វិស័យ​ទំនាក់​ទំនង​វិជ្ជាជីវៈ»

បច្ចុប្បន្ន កម្មករ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ប្រមាណ ៧​សែន​នាក់ ទទួល​បាន​ប្រាក់​ខែ​គោល ៦១​ដុល្លារ។ តំណាង​សហជីព​អះអាង​ថា ប្រាក់​ខែ​គោល​នេះ​មិន​សមស្រប​ទៅ​នឹង​តម្លៃ​ទំនិញ​ទីផ្សារ​បច្ចុប្បន្ន និង​មិន​អាច​ឲ្យ​កម្មករ​រស់នៅ​មាន​ជីវភាព​សមរម្យ​ឡើយ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​មាន​ប្រសាសន៍​ថា លោក​នឹង​រក្សា​ការ​ទាម​ទារ​ឲ្យ​សហជីព។ លោក​បន្ត​ថា សហជីព​នឹង​មិន​ចុះ​តម្លៃ​ទៅ​តាម​ការ​ស្នើសុំ​របស់​សមាគម​កាត់​ដេរ​កម្ពុជា ឡើយ៖ «១២០​ដុល្លារ មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​វា​ប្រសើរ​ជាង ៦១​ដុល្លារ។ កម្មករ​នៅ​តែ​មាន​ការ​ប្រឈម​ខ្លាំង»

ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី ឯកភាព​នឹង​បន្ត​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១២០​ដុល្លារ ក្នុង​មួយ​ខែ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ មាន​ប្រសាសន៍​ថា សមាគម​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ ប៉ុន្តែ​មិន​អាច​ដំឡើង​ទៅ​តាម​សំណូមពរ​របស់​សហជីព​បាន​ឡើយ។ លោក វ៉ាន់ ស៊ូអៀង បន្ត​ថា សមាគម​នឹង​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​ប្រមាណ ១០%។

ឧស្សាហកម្ម​កាត់​ដេរ​បាន​ផ្តល់​ប្រាក់​ចំណូល​ច្រើន​ដល់​កម្ពុជា។ កម្ពុជា មាន​រោងចក្រ​ប្រមាណ ៣រយ និង​មាន​កម្មករ​ប្រមាណ​ជាង ៧​សែន​នាក់ ដែល​ជាង ៩០% ជា​ស្ត្រី។ កម្ពុជា បាន​នាំ​ចេញ​សម្លៀកបំពាក់ និង​ផលិតផល​វាយនភណ្ឌ​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១២។ ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា រួម​មាន​សហរដ្ឋ​អាមេរិក អឺរ៉ុប កាណាដា ជប៉ុន កូរ៉េខាងត្បូង និង​ចិន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Annoymous

ពី Annoymous

សូមគិត​ចំណុចកណ្តាលសូមគិតពីប្រ​យេាជនទាំងពីរភាគី​​តំឡើងប៊ុណ្ណឹងវាសមរម្យ​ហើយ។​​​​ប្រយត្ន៍រោងចក្ររត់ទៅ​ប្រ​ទេស​គេអស់ទើប​ស្តាយ​ក្រោយវាហួស​ពេលហើយ៕

Feb 27, 2013 03:24 AM

អ្នក​អាន​អនាមិក

ពី PNH

ការទាមទាររបស់កម្មករ មិនបានសម្រេចទេ ចាប់ពី ១២០ដុល្លា ដល់ ១៥០ ដុល្លាក្នុងមួយខែនោះ ព្រោះអី ប្រាក់ខែរដ្ឋរបស់មន្រ្តីទាន់មិនបាន១០០ដុល្លាផងនោះ រៀនជិតអស់ថ្នាក់ហើយខ្លះ និងធ្វើការជិតចូលនិវត្តិទៅហើយ

Feb 26, 2013 09:59 PM