កម្មករ​រោងចក្រ​វីងស្តារស៊ូ​ទាមទារ​ឲ្យ​ពិនិត្យ​គុណភាព​សំណង់​អគារ​រោងចក្រ

ចំនួន​អ្នក​ស្លាប់ និង​រង​របួស​ក្នុង​ហេតុការណ៍​បាក់​ស្រុត​ពិតាន​ថ្ម ឬ​ហៅ​ថា​ប្លង់សេ​ឡៅតឿ នៃ​អគារ​រោងចក្រ​ផលិត​ស្បែក​ជើង វីង ស្តារ ស៊ូ (Wing Star Shoes) នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី១៧ ឧសភា ពុំ​មាន​ការ​ប្រែប្រួល​ឡើយ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​តំណាង​រោងចក្រ និង​ក្រុម​សហជីព​កម្មករ ដែល​តាម​ឃ្លាំ​មើល​រឿង​នេះ បាន​អះអាង​ដូចៗ​គ្នា​ថា ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ២​នាក់ គឺ​ប្រុស​មួយ​ស្រី​មួយ។ ចំណែក​អ្នក​របួស​មាន​ជាង ១០​នាក់។

ចំណែក​ក្រុម​កម្មករ​នៅ​រោងចក្រ​នោះ នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​មិន​ទាន់​ហ៊ាន​ចូល​ធ្វើ​ការ​នៅ​ឡើយ និង​ទាមទារ​ឲ្យ​ពិនិត្យ​គុណភាព​សំណង់​អគារ​ទាំង​នោះ​ឡើង​វិញ។

គ្រួសារ​ជន​រងគ្រោះ និង​មេ​ដឹកនាំ​សហជីព​កម្មករ ទាមទារ​អោយ​ថៅកែ​រោងចក្រ វីង ស្តារ ស៊ូ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ត្រូវ​តែ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​រោងចក្រ និង​បរិយាកាស​សុវត្ថិភាព​ការងារ​ឡើង​វិញ​ដោយ​ម៉ត់ចត់ មុន​នឹង​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ក្រោយ​ពេល​កើត​ហេតុការណ៍​បាក់​ពិតាន​ថ្ម​អគារ​រោងចក្រ​សង្កត់​លើ​កម្មករ​ស្លាប់ និង​របួស​នោះ​ថា ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​ពិនិត្យ​នូវ​គុណភាព​សំណង់​ក្នុង​រោងចក្រ​នោះ និង​ធានា​នូវ​សុវត្ថិភាព​របស់​កម្មករ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។

លោក អាត់ ធន់៖ «ផ្នែក​ផ្សេងៗ​នៃ​អគារ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ផ្នែក​សំណង់​ដែរ មុន​នឹង​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ យ៉ាង​ហោច​ណាស់​ក៏​មួយ​សប្ដាហ៍​ដែរ ដើម្បី​ឲ្យ​កម្មករ​បាន​យល់​ច្បាស់​ជុំវិញ​ព័ត៌មាន​នេះ ហើយ​ផុត​ពី​ការ​ភ័យ​ខ្លាច ទើប​ចូល​ធ្វើ​ការ​ពុំ​មាន​ការ​ភ័យ​ខ្លាច និង​មាន​ផល​ប៉ះពាល់​អារម្មរណ៍​អាច​សន្លប់ ឬ​ក៏​មាន​បញ្ហា​អ្វី​ត​ទៅ​ទៀត»

គ្រួសារ​សព និង​ជន​រងគ្រោះ​ដោយសារ​ហេតុការណ៍​បាក់​ពិតាន​រោងចក្រ​នោះ បាន​សម្ដែង​នូវ​ក្តី​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​សមាជិក​គ្រួសារ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ។

ម្តាយ​សព​កម្មករ លោក រឹម សារឿន អាយុ ២២​ឆ្នាំ គឺ​លោកស្រី គីម លាភ។ លោកស្រី​បាន​ទួញ​សោក​នៅ​ក្បែរ​មឈូស​សព​កូន​ប្រុស​ដែល​តម្កល់​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​របស់​គាត់ នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំងលាវ ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដោយ​រៀបរាប់​ពី​ការ​សោកស្ដាយ​កូន​ដែល​ស្លាប់​ចោល​ប្រពន្ធ និង​កូន​តូច​របស់​គេ ដែល​ទើប​កើត​បាន​ប្រមាណ​មួយ​ខែ​ប៉ុណ្ណោះ៖ «កូន​ខ្ញុំ​ចេញ​ទៅ​ស្លៀកពាក់​ស្អាត​បាត គ្រាន់​តែ​មួយ​សន្ទុះ​ពេល​ត្រឡប់​មក​វិញ កូន​ខ្ញុំ​ខ្ទេច​អស់​រលីង ខ្ញុំ​ស្ដាយ​កូន​ខ្ញុំ​ស្ដាយ​កូន​ខ្ញុំ​ណាស់!»

ចំណែក​ឪពុក​ម្តាយ​សាច់​ញាតិ​របស់​គ្រួសារ​សព​កម្មការិនី ស៊ីម ស្រីទូច ដែល​មាន​ទី​លំនៅ​ភូមិ​ត្រពាំងស្វាយ ឃុំ​ព្រៃវិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក៏​មាន​ការ​សោក​សង្រេង​ដូច​គ្នា​ដែរ ចំពោះ​ការ​បាត់បង់​កូន​ស្រី​ជា​ទី​ស្រឡាញ់។

ឪពុក​របស់ ស៊ីម ស្រីទូច លោក កន វិត បាន​ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​មាន​អាយុ ២២​ឆ្នាំ បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩ នៅ​ពេល​ថ្មីៗ​នេះ ដើម្បី​ចូល​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ វីង ស្តារ ស៊ូ រក​ប្រាក់​ជួយ​គ្រួសារ ហើយ​ទើប​នឹង​បាន​ចូល​ធ្វើ​ការ​បាន​ប្រមាណ​ជា​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ ដោយ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ផង ក៏​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​តែ​ម្តង៖ «រៀន​សូត្រ​បាន​តិចតួច នៅ​សល់​តែ​វា​មួយ អ៊ីចឹង​ទៅ​វា​ក៏​សម្រេច​ចិត្ត​ប្រាប់​ថា​ពុក​អើយ​កូន​ឈប់​រៀន​ហើយ កូន​ទៅ​ចូល​ធ្វើ​ការ​រោងចក្រ​ធ្វើ​អី​នឹង​គេ ហើយ​ម្យ៉ាង ខែ​នេះ​មិន​ទាន់​មមាញឹក​ក្នុង​ការ​ស្ទូង​ដក​ប៉ុន្មាន​ទេ សាលា​ក៏​នៅ​ឆ្ងាយ​ទៀត អ៊ីចឹង​ក៏​សម្រេច​ចិត្ត​គ្រាន់​បាន​ជំនួស​ដៃ​ជើង​ឪពុក​ម្តាយ​ខ្លះ»

ម្តាយ​ធំ​របស់​សព​កម្មការិនី ស៊ីម ស្រីទូច លោកស្រី នូ ជា ក៏​បាន​សំណូមពរ​ឲ្យ​ម្ចាស់​រោងចក្រ​រដ្ឋាភិបាល​គិតគូរ​កែ​សម្រួល​រោងចក្រ​នោះ​ឡើង​វិញ រាប់​ទាំង​សំណង់​អគារ និង​បរិយាកាស​កន្លែង​ធ្វើ​ការ​របស់​កម្មករ​ក្នុង​អគារ​នោះ ដែល​បច្ចុប្បន្ន​កំពុង​តែ​មាន​បញ្ហា​លំបាក​ដូច​ជា​ក្តៅ​ថប់​ដង្ហើម​ជាដើម៖ «មុន​គ្រោះថ្នាក់​កូន​នេះ ចេះ​តែ​ប្រាប់​ថា​ក្តៅ​សឹង​ងាប់​ក្នុង​រោងចក្រ​នោះ អត់​មាន​ម៉ាស៊ីន​ត្រជាក់ អត់​កង្ហារ ខ្ញុំ​សុំ​ឈប់​ហើយ​ម៉ែ? ខ្ញុំ​ថា​ទ្រាំ​តិច​ទៅ​កូន បន្តិច​ទៀត​គេ​ដាក់​កង្ហារ​ហើយ វា​ថា​ប្រហែល​គេ​មិន​ដាក់​ទេ​ម៉ែ ខ្ញុំ​ក្តៅ​សឹង​សន្លប់​ហើយ​សុំ​ឈប់​ហើយ​ម៉ែ! ខ្ញុំ​ចេះ​តែ​បង្ខំ​កូន​ឲ្យ​ទ្រាំ​មួយ​ថ្ងៃ​ជា​ពីរ​ថ្ងៃ រហូត​ជួប​គ្រោះថ្នាក់។ អ៊ីចឹង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​កន្លែង​ហ្នឹង​ធ្វើ​ឲ្យ​ត្រឹមត្រូវ ធានា​សុវត្ថិភាព​កូន​ខ្មែរ​រាប់​ម៉ឺន​នាក់​គ្រាន់​តែ​ភូមិ​នេះ​ចេញ​ស្ងាត់​ភូមិ​អស់​ហើយ ព្រោះ​អី​ចេះ​តែ​ជួយ​ដោះស្រាយ​ជីវភាព​ម៉ែ​ឪ​អ៊ីចឹង​ទៅ»

មក​ដល់​ពេល​នេះ គ្រួសារ​ជន​រងគ្រោះ​ពុំ​ទាន់​បាន​គិតគូរ​ដល់​បញ្ហា​សំណង់​តាម​ផ្លូវ​ច្បាប់​សមរម្យ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដោយ​ម្នាក់ៗ​រវល់​នឹង​ធ្វើ​ពិធី​បុណ្យ​សព និង​ព្យាបាល​របួស​ជា​បន្ទាន់។ តែ​ទោះ​យ៉ាង​ណា ពួក​គាត់​ថា​សំណង់​ប៉ុណ្ណា​ក៏​មិន​អាច​កាត់​ថ្លៃ​ស្មើ​នឹង​អាយុ​ជីវិត​របស់​កូន​គាត់​ដែរ។

មន្ត្រី​អគ្គនាយក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ។ អ្នកស្រី​បាន​ចុះ​ទៅ​ពិនិត្យ​ហេតុការណ៍​បាក់​ពិតាន​រោងចក្រ​សង្កត់​លើ​កម្មករ​ស្លាប់​កាល​ពី​ថ្ងៃ​ទី១៦ ឧសភា នោះ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ធូរ​រលុង​របស់​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​គុណភាព​សំណង់​រោងចក្រ កិច្ចការ​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​ការងារ​របស់​កម្មករ។ អ្នកស្រី​បន្ត​ថា នេះ​សារ​មួយ​ដាស់​ដល់​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ក្រឡេក​មើល​ទៅ​រោងចក្រ​ដទៃ​ទៀត លើ​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់ និង​កិច្ចការ​ដទៃ​ទៀត​ទាក់ទង​កិច្ចការ​ថែរក្សា​សុវត្ថិភាព​ការងារ​របស់​កម្មករ។

អ្នកស្រី មូរ សុខហួរ៖ «ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​ជា​កង្វះ​ខាត​សំខាន់ គឺ​ទៅ​លើ​អ្វី​ដែល​ជា​ស្តង់ដារ​អន្តរជាតិ ដើម្បី​ការពារ​កម្មករ​តាំង​ពី​ការ​ធ្វើ​ដំណើរ​មក​ធ្វើ​ការងារ​រហូត​នៅ​ទី​កន្លែង​ធ្វើ​ការងារ ហើយ​និង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ។ ឥឡូវ​យើង​ឃើញ​ថា​ជា​គ្រោះថ្នាក់​ដ៏​សោក​សង្រេង​ណាស់ ដែល​ធ្វើ​ឲ្យ​កម្មករ​យើង​ស្លាប់​នៅ​នឹង​ទី​កន្លែង ហើយ​គ្រោះ​នេះ​អាច​នឹង​ត្រូវ​ជៀស​បាន បើ​សិន​ជា​មាន​ការ​ត្រួត​ពិនិត្យ​តាម​ស្តង់ដារ​អន្តរជាតិ​ពិត​ប្រាកដ»

ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ វីង ស្តារ ស៊ូ លោក ម៉ៅ ឈីវសុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១៧ ឧសភា ថា​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​នោះ​មួយ​ថ្ងៃ​ថា គេ​រក​ឃើញ​ចុង​ក្រោយ គឺ​មាន​អ្នក​ស្លាប់​តែ​ពីរ​នាក់​ទេ ចំណែក​អ្នក​របួស​ធ្ងន់ និង​ស្រាល​បាន​កើន​ឡើង​ដល់ ១២​នាក់។ លោក​បន្ត​ថា នេះ​ជា​ហេតុការណ៍​កើត​ឡើង​ចៃដន្យ និង​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​ភាគី​រោងចក្រ​បាន​ទទួល​ខុស​ត្រូវ​លើ​សំណង់​នានា​ដល់​ជន​រងគ្រោះ និង​ត្រួត​ពិនិត្យ​លើ​បច្ចេកទេស​សំណង់ និង​រៀបចំ​កន្លែង​កម្មករ​ធ្វើ​ការ​ទាំង​នោះ​ឡើង​វិញ។

លោក ម៉ៅ ឈីវសុង៖ «ក្រុមហ៊ុន​នឹង​រៀបចំ​សាឡើងវិញ ឲ្យ​អ្នក​បច្ចេកទេស​មក​ពិនិត្យ​មើល​ឡើង​វិញ កន្លែង​ណា​គួរ​កែ​តម្រូវ​កន្លែង​ណា​មិន​មាន​សុវត្ថិភាព​អី ក្រុមហ៊ុន​ត្រូវ​កែ​តម្រូវ​ឡើង​វិញ​ទាំងអស់ ហើយ​កន្លែង​គ្រោះថ្នាក់​ដែល​កម្មករ​ធ្លាប់​អង្គុយ​ធ្វើ​ហ្នឹង គឺ​ឈប់​ឲ្យ​អង្គុយ​ធ្វើ​ការ​កន្លែង​ហ្នឹង​ទៀត​ហើយ»

រោងចក្រ វីង ស្តារ ស៊ូ មក​ពី​ប្រទេស​ចិន​តៃវ៉ាន់ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ពី​ភ្នំពេញ​ប្រមាណ ៦០​គីឡូម៉ែត្រ។ រោងចក្រ​នេះ​មាន​កម្មករ​ជាង ៦.០០០​នាក់ បាន​ដំណើរ​ការ​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ដោយ​ផលិត​ស្បែក​ជើង​កីឡា មាន​ម៉ាក អេស៊ិក (Asics) ជា​ផលិត​ផល​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ជប៉ុន។

អ្នក​នាំ​ពាក្យ​រោងចក្រ អេស៊ិក នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា រោងចក្រ វីង ស្តារ ស៊ូ នេះ​មាន​កិច្ច​សន្យា​ផលិត​ស្បែក​ជើង​កីឡា​ម៉ាក អេស៊ិក។ អេស៊ិក កំពុង​ព្យាយាម​ដើម្បី​កំណត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នា​ពេល​នេះ។

រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក អិត សំហេង មាន​ប្រសាសន៍​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយសារ​សំណង់​នៃ​អគារ​រោងចក្រ វីង ស្តារ ស៊ូ នោះ សង់​ឡើង​ដោយ​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ភាគី​ខាង​រោងចក្រ​ត្រូវ​ទទួល​ខុស​ចំពោះ​ច្បាប់​ដែល​ពាក់ព័ន្ធ​នានា។

លោក​បន្ត​ថា ហេតុការណ៍​នេះ​អាច​ចាត់​ទុក​ថា កើត​ឡើង​ជា​លើក​ដំបូង​ហើយ​នៅ​កម្ពុជា ហើយ​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ រដ្ឋាភិបាល​នឹង​ចុះ​ធ្វើ​អធិការកិច្ច​លើ​គុណភាព​សំណង់​រោងចក្រ​ទាំងអស់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត៖ «ផ្ដើម​ពី​ចំណុច​នេះ​បន្ត​ទៅ​មុខ​ទៀត គឺ​ថា...! ជា​ការ​ពិត ច្បាប់ គោល​នយោបាយ លិខិត​បទដ្ឋាន​អី​វា​មាន​រួច​ហើយ មាន​ន័យ​ថា លិខិត​បទដ្ឋាន និង​គោល​នយោបាយ​នានា​ដែល​មាន​ស្រាប់ យើង​ត្រូវ​ពង្រឹង​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ការ​អនុវត្ត​ឲ្យ​ម៉ត់ចត់​ថែម​ទៀត»

ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ទេ​ថា​នឹង​ចុះ​អនុវត្ត​ពេញ​លេញ​នា​ពេល​ណា​នោះ​ទេ។

ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ វីង ស្តារ ស៊ូ លោក ម៉ៅ ឈីវសុង ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី១៧ ឧសភា តំណាង​រោងចក្រ និង​តំណាង​ខាង​កម្មករ​បាន​ជួប​ពិភាក្សា និង​ស្រុះស្រួល​ថា​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទើប​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ៖ «កម្មករ​សំណូមពរ​ឲ្យ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​រំដោះ​គ្រោះ​នៅ​កន្លែង​ធ្វើ​ការ​ក្នុង​រោងចក្រ​នោះ ខាង​រោងចក្រ​ធ្វើ​តាម​ទាំងអស់ គឺ​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី១៧ ឧសភា នេះ»

កាល​ពី​ខែ​មេសា កន្លង​ទៅ កម្មករ​រោងចក្រ​នេះ​ធ្លាប់​នាំគ្នា​ធ្វើ​កូដកម្ម​ម្តង​រួច​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ឡើង​ប្រាក់​ខែ និង​កែប្រែ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។