ក្រុមសហជីពដែលមាននិន្នាការផ្ទុយគ្នា ទាំងប្រឆាំង និងសហជីពដែលមាននិន្នាការស្រប នៅថ្ងៃទី២៩ ខែកញ្ញា បានឯកភាពគ្នាជាឯកច្ឆន្ទ កំណត់យកប្រាក់ឈ្នួលចំនួន ១៦៨ដុល្លារក្នុងមួយខែដាក់បញ្ចូលក្នុងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០១៦។ តំណាងសហជីពអះអាងថា តួលេខ ១៦៨ដុល្លារ ជាតួលេខថ្មី និងជាមូលដ្ឋានដើម្បីបន្តពិភាក្សាជាមួយភាគីនិយោជក និងក្រសួងការងារ នៅដើមខែតុលា ខាងមុខ។
សហជីពដែលមាននិន្នាការផ្ទុយគ្នា ទាំងប្រឆាំង និងនិន្នាការស្របលើកឡើងថា នេះជាប្រវត្តិសាស្ត្រថ្មីដែលសហជីពមាននិន្នាការផ្ទុយគ្នា បានសម្រេចយកប្រាក់ឈ្នួលចំនួន ១៦៨ដុល្លារ ដែលសហជីពមួយចំនួនបានទាមទារលើសពីនេះកន្លងមក។
ការកំណត់យកចំនួន ១៦៨ដុល្លារ ជាការដាក់ពិភាក្សាជាមួយនិយោជកនៅពេលខាងមុខនោះ ដោយសារខាងសហជីពអះអាងថា ជាតួលេខដែលឆ្លុះបញ្ចាំងពីកម្រិតអតិផរណានៃទំនិញលើទីផ្សារកាន់តែឡើងថ្លៃ និងការចំណាយចាំបាច់ក្នុងសង្គម។
ការលើកឡើងរបស់ក្រុមសហជីពទាំងពីរនិន្នាការនៅពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី២៩ ខែកញ្ញា ដែលគេធ្វើឡើងនៅក្រសួងការងារ។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន បានឲ្យដឹងថា មានសហជីព ១៤ ដែលបានចូលរួមកិច្ចប្រជុំ បានឯកភាពគ្នាយកចំនួន ១៦៨ដុល្លារនេះ ដោយផ្អែកតាមការស្រាវជ្រាវ និងការផ្ដល់រូបមន្តរបស់សហជីពអន្តរជាតិ និងអង្គការពលកម្មខាងការងារ (ILO)។ លោកថា ក្រុមសហជីពនឹងយកតួលេខនេះដាក់បញ្ចូលក្នុងការចរចាជាត្រីភាគី នៅដើមខែតុលា ខាងមុខ។
លោកបញ្ជាក់ទៀតថា ក្រុមសហជីពរំពឹងថា កម្មករកម្ពុជា នឹងទទួលបានប្រាក់ឈ្នួលសមរម្យចាប់ពីឆ្នាំ២០១៦ ខាងមុខ៖ «អ្វីដែលជាតួលេខនេះ យើងបានសិក្សាច្រើន ហើយខ្ញុំគិតថា នឹងអាចឡើង បើផ្អែកលើអតិផរណា ការចំណាយផ្សេងៗ ក៏ដូចជាតម្រូវការសង្គមរបស់កម្មករ នឹងអាចកើនឡើងសមរម្យ»។
ចំណែកឯប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ដែរថា តួលេខ ១៦៨ដុល្លារក្នុងមួយខែនេះ ផ្ដោតលើកត្តាពីរ គឺការចំណាយលើម្ហូបអាហារ និងការចំណាយក្រៅពីអាហារ។ លោកបន្តថា ការថយចុះពី ១៧៧ដុល្លារដែលសហជីពទាមទារកាលពីឆ្នាំ២០១៣ កន្លងទៅ មកនៅត្រឹម ១៦៨ដុល្លារនៅពេលនេះ ដោយសារសហជីពបានដកការចំណាយរបស់កម្មករមួយចំនួនដែលមិនចាំបាច់ ដូចជា ការចំណាយលើទូរស័ព្ទ និងការចំណាយលើកម្មវិធីសង្គមជាដើម៖ «តួលេខដែលយើងមើលឃើញថា ការចំណាយមានរហូត ១៦៨ដុល្លារនៅពេលនេះ គឺជាចំណាយដែលចាំបាច់ចំពោះកម្មករនៅកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងនិយោជក លោក វ៉ាន់ ស៊ូអៀង និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសុំការបំភ្លឺបន្ថែមពីជំហរលើការកំណត់ប្រាក់ឈ្នួលជូនកម្មករបាននៅឡើយទេ នៅថ្ងៃទី២៩ ខែកញ្ញា។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន បានឲ្យដឹងថា ភាគីនិយោជកមិនទាន់ឯកភាពតាមការស្នើសុំរបស់សហជីពលើតួលេខ ១៦៨ដុល្លារ នេះនៅឡើយ។ ប៉ុន្តែលោកថា នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីនៅថ្ងៃទី២៩ ខែកញ្ញា ភាគីនិយោជកបានបង្ហាញតួលេខរបស់ខ្លួនត្រឹមចំនួន ១៣៣ដុល្លារ ដើម្បីដាក់បញ្ចូលក្នុងការចរចាប្រាក់ឈ្នួលកម្មករ។
កាលពីឆ្នាំ២០១៥ កន្លងទៅ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងពី ១០០ដុល្លារ ទៅ ១២៨ដុល្លារក្នុងមួយខែ ហើយបើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ចំណូលយ៉ាងតិចពី ១៤៧ដុល្លារ ដល់ ១៥៦ដុល្លារក្នុងមួយខែ។
សម្រាប់ឆ្នាំ២០១៦ កិច្ចចរចាប្រាក់ឈ្នួលត្រីភាគីមិនទាន់ឯកភាពគ្នាចេញជាតួលេខច្បាស់នៅឡើយ ប៉ុន្តែនៅដើមខែតុលា ខាងមុខនេះ ភាគីទាំងបី គឺរាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ ភាគីថៅកែរោងចក្រ និងភាគីសហជីពកម្មករ នឹងជួបប្រជុំគ្នាជាថ្មីទៀត ដើម្បីសម្រេចលើការកំណត់ដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរឆ្នាំ២០១៦។ ជាងនេះទៀត ភាគីទាំងបីរំពឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នឹងអាចអនុវត្តការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅក្រោយពេលគ្រប់ភាគីបានឯកភាពគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។