ក្រុមសហជីពខ្លះ នៅតែបន្តទាមទារដាក់របៀបវារៈ សុំដំឡើងប្រាក់ខែដល់កម្មករ ឲ្យបានរហូតដល់ ១០០ដុល្លារដដែល បើទោះបីជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្លូវការរួចទៅហើយ ពីការផ្តល់ប្រាក់ដល់កម្មករត្រឹម ៨០ដុល្លារប៉ុណ្ណោះ។
សេចក្តីសម្រេចលើការដំឡើងប្រាក់ខែគោលដល់កម្មករត្រឹម ៨០ដុល្លារ នៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ក្រុមសហជីពសហភាពធំៗចំនួន៤ ក្នុងចំណោម៧ ដែលមានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំ នៅបន្តដាក់សំណើទាមទារដំឡើងប្រាក់ខែគោលឲ្យកម្មកររហូត ១០០ដុល្លារ និងបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើសំណើនោះបរាជ័យ។
ប្រធានសហជីពសហភាពកម្ពុជា លោក រ៉ុង ឈុន ឲ្យដឹងថា ក្រុមសហជីពសហភាពរបស់លោក នៅតែមានសង្ឃឹមថា អាចតវ៉ាទាមទារសុំដំឡើងប្រាក់ខែគោលឲ្យកម្មករ ឲ្យបានរហូតដល់ ១០០ដុល្លារ និងស្នើសុំឲ្យរាជរដ្ឋាភិបាលជំរុញ និងគាំទ្រចំពោះការទាមទារនោះ។
លោក រ៉ុង ឈុន ពន្យល់ថា ការដំឡើងប្រាក់ខែ ១០០ដុល្លារដល់កម្មករ មិនធ្វើឲ្យប៉ះពាល់ដល់ក្រុមនិយោជក និងមិនធ្វើឲ្យក្រុមនិយោជកទាំងនោះគេចវេសពីការវិនិយោគចេញពីកម្ពុជា នោះទេ។ ផ្ទុយទៅវិញ ការដំឡើងប្រាក់ខែគោលឲ្យកម្មករខ្ពស់ អាចរក្សាបាននូវកម្លាំងពលកម្ម និងទប់ស្កាត់លំហូរចេញនៃការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅក្រៅប្រទេស៖ «ភាគីកម្មករយើងចុះតាំងពី ១៥០ដុល្លារ មក ១២០ មកដល់ ១០០ដុល្លារ អ៊ីចឹង ១០០ដុល្លារហ្នឹងអស់ចុះហើយ។ សម្រេចចិត្តចុងក្រោយ នឹងធ្វើការប្រមូលផ្តុំគ្នាហើយក្នុងពេលឆាប់ៗហ្នឹងតែម្តង»។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែមីនា រួចហើយ ស្ដីពីការដំឡើងប្រាក់ខែគោលដល់កម្មករពី ៦១ដុល្លារ ដល់ ៧៥ដុល្លារ បូកនឹងប្រាក់ថែទាំសុខភាព ៥ដុល្លារទៀត ឬមានន័យថា កម្មករអាចទទួលប្រាក់ខែចំនួន ៨០ដុល្លារក្នុងមួយខែ។ ការសម្រេចនោះ នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភា តទៅ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា បើទោះជាមានការសម្រេចយ៉ាងនោះក្តី ប៉ុន្តែយន្តការត្រីភាគីចរចានៅតែបន្តមាន ដើម្បីពិនិត្យបញ្ហាកម្រៃប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ៖ «ប្រាក់ខែគោលបានឈានដល់ ១០០ដុល្លារ ហើយឡើងតាំងពីជាង ៣០ដុល្លារ ដល់ជាង ៤០ដុល្លា ឥឡូវឡើងពី ៦១ ដល់ ៨០ដុល្លារ។ កន្លែងខ្លះ គេឡើងលើសហ្នឹងទៅទៀត គេអត់ចាំអាគោលហ្នឹងទេ ព្រោះគេត្រូវការកម្មករ អ៊ីចឹងគេឲ្យប្រាក់ខែខ្ពស់»។
ប្រធានក្រុមប្រឹក្សាភិបាលសហជីពជាតិកម្ពុជា លោក សោម អូន យល់ថា ការចរចាដំឡើងប្រាក់ខែគោលដល់កម្មករសម្រាប់ឆ្នាំ២០១៣ ហាក់ចប់សព្វគ្រប់ហើយតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ប៉ុន្តែកិច្ចប្រជុំត្រីភាគីដែលត្រៀមធ្វើនៅពេលខាងមុខ គ្រាន់ជាការប្រជុំឲ្យស្របតាមនីតិវិធីចុងក្រោយ ក្នុងគណៈកម្មការប្រឹក្សាការងារប៉ុណ្ណោះ ហើយក្រុមសហជីពរបស់លោកមិនមានរបៀបវារៈណាមួយស្ដីពីការទាមទារសុំឲ្យលើសពី ៨០ដុល្លារ ក្នុងកិច្ចប្រជុំនោះទៀតទេ៖ «យើងអាចមានលក្ខខណ្ឌមួយចំនួនទៀត បន្ទាប់ពីបញ្ចប់ការចរចាប្រាក់ឈ្នួលនេះហើយ តើត្រូវមានគោលការណ៍អីខ្លះទៀត ដើម្បីយើងអភិវឌ្ឍពាក់ព័ន្ធនឹងជីវភាព និងលក្ខខណ្ឌការងារដល់កម្មករយើង ព្រោះយើងមិនមែនធ្វើតែប៉ុណ្ណឹងចប់ទេ»។
សព្វថ្ងៃ មានកម្មករ ៦០ម៉ឺននាក់ កំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ រាជរដ្ឋាភិបាល បានឯកភាពឲ្យបង្កើតក្រុមការងារចម្រុះត្រីភាគី និងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបដំឡើងប្រាក់ខែគោលថ្មីសម្រាប់ឆ្នាំ២០១៤។ ជាគោលការណ៍ថ្មី ចាប់ពីឆ្នាំ២០១៤ តទៅ ការដំឡើងប្រាក់ខែគោលដល់កម្មករ មិនត្រូវធ្វើតាមការទាមទាររបស់ក្រុមសហជីពនោះទេ ប៉ុន្តែក្រុមប្រឹក្សាការងារចម្រុះត្រីភាគី ត្រូវគណនាដំឡើងតាមអត្រាអតិផរណាទំនិញនៅលើទីផ្សារជាក់ស្តែង។ ក្រៅពីនោះ ការដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក៏ស្ថិតក្នុងកិច្ចចរចាថ្មីដែលត្រៀមជជែកគ្នាជារៀងរាល់ឆ្នាំដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
