តើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​អាច​ជោគជ័យ​ឬ​ទេ?

កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី៨ ឬ​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ​របស់​រាជ​រដ្ឋាភិបាល ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា កិច្ច​ប្រជុំ​ត្រី​ភាគី ចរចា​រឿង​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​នៅ​តែ​បន្ត​ជាប់​គាំង បើ​ទោះ​បី​ជា​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចំនួន ៣​លើក​រួច​មក​ហើយ។

0:00 / 0:00

ភាគី​សហជីព និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា នៅ​តែ​ទាន់​មិន​ព្រមព្រៀង​គ្នា​លើ​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដំឡើង​ទៅ​ឲ្យ​កម្មករ​នៅ​ឡើយ។

ស្រប​ពេល​គ្នា​នោះ ប្រធាន​សហព័ន្ធ​សហជីព​ធំៗ​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ បាន​បែក​បាក់​សាមគ្គី និង​មាន​ជំហរ​ទាមទារ​ផ្សេង​គ្នា ដែល​ជំរុញ​ឲ្យ​បរិយាកាស​សុំ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​មិន​អាច​ឈាន​ទៅ​មុន។

តើ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ អាច​ទទួល​បាន​ជោគជ័យ​ដែរ ឬ​យ៉ាង​ណា?

សេចក្តី​សម្រេច​លើ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ នៅ​តែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​តម្លៃ​ចរចា ដោយ​ភាគី​និយោជក​ដំឡើង​ពី ៦១​ដុល្លារ ដល់ ៧០​ដុល្លារ។ តែ​សម្រាប់​ក្រុម​សហជីព​វិញ យល់​ថា ការ​ដំឡើង​នោះ​វា​តិចតួច និង​មាន​គម្លាត​ឆ្ងាយ​ពី​ការ​ទាមទារ​របស់​ពួក​គេ ដែល​សុំ​ដំឡើង​យ៉ាង​ទាប​បំផុត​ឲ្យ​បាន​ដល់ ១០០​ដុល្លារ។

ប្រធាន​សហជីព​សហភាព​កម្ពុជា លោក រ៉ុង ឈុន ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ។

តាម​ការ​សិក្សា លោក រ៉ុង ឈុន រក​ឃើញ​មាន​ថៅកែ​រោងចក្រ​ជាច្រើន​ត្រូវ​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ ឬ​ថ្លៃ​ទឹក​តែ រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​មន្ត្រី​ពុក​រលួយ។ ការ​ចំណាយ​ដ៏​លើសលប់​នោះ ប្រសិន​បើ​យក​មក​ចំណាយ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ មាន​ន័យ​ថា កម្មករ​ម្នាក់​អាច​ដំឡើង​បាន​រហូត​ដល់ ២០៥​ដុល្លារ​ក្នុង​មួយ​ខែ៖ «បញ្ហា​ទាំងអស់​ហ្នឹង វា​ស្ថិត​នៅ​ឆ្ងាយ​គ្នា ហើយ​យើង​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​និយោជក​ត្រូវ​តែ​ពិនិត្យ​ពិចារណា​ឡើង​វិញ ជុំវិញ​បញ្ហា​ទាំងអស់​នេះ»

ក្រុម​សហជីព​តំណាង​ឲ្យ​ភាគី​កម្មករ បាន​បង្ហាញ​ទឡ្ហីករណ៍​សំខាន់​ពីរ ដើម្បី​អះអាង​ក្នុង​ការ​ទាមទារ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា។ ទី១ ការ​ដំឡើង​ប្រាក់​ខែ​តិចតួច​របស់​កម្មករ មិន​អាច​ដើរ​ទាន់​តម្លៃ​ទំនិញ​ខ្ពស់​នៅ​លើ​ទីផ្សារ។ ទី២ គ្មាន​ហេតុផល​ណា​មួយ​ដែល​កម្ពុជា មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ដល់ ១០០​ដុល្លារ​បាន​ទេ ទន្ទឹម​នឹង​កម្មករ​នៅ​ប្រទេស​ថៃ ទទួល​បាន​ប្រាក់​ខែ​ចំនួន ៣០០​ដុល្លារ ហើយ​ប្រទេស​វៀតណាម ទទួល​បាន​ប្រាក់​ចំនួន ១៧៨​ដុល្លារ។

លោក រ៉ុង ឈុន បន្ត​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ ១០០​ដុល្លារ​នោះ មិន​មាន​ផល​ប៉ះពាល់​រហូត​ឲ្យ​ថៅកែ​រោងចក្រ​គេច​ចេញ​ពី​កម្ពុជា ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​វិនិយោគទុន​ទាំង​នោះ​មិន​ខ្លាច​នឹង​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​កម្មករ​ឡើយ ដរាប​ណា​គ្មាន​សញ្ញា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​មាន​អំណាច​នៅ​ក្រៅ​ផ្លូវ​ការ៖ «អ្នក​វិនិយោគទុន​គេ​រារែក​ខ្លាច​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទេ។ អ្វី​ខ្ញុំ​លើក​ឡើង​ពី​ម្សិលមិញ ខាង​ភាគី​និយោជក​ក៏​គេ​ងក់​ក្បាល​ដែរ គេ​យល់​ព្រម គេ​ក៏​ឯកភាព​ថា​ចំណាយ​ក្រៅ​ផ្លូវ​ការ​ហ្នឹង ខ្ពស់​អ៊ីចឹង។ គេ​ឲ្យ​សញ្ញា​ថា ប្រសិន​បើ​គ្មាន​ការ​ជំរិត​ពី​មន្ត្រី​ដែល​គ្មាន​អំណាច​ទៅ​ជំរិត​យក​លុយ​គេ​ក្រៅ​ផ្លូវ​ការ គេ​នឹង​ដំឡើង​ឲ្យ​កម្មករ​យើង​បាន​ហើយ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ពិចារណា​ឡើងវិញ ហើយ​យើង​កុំ​យក​មូលហេតុ​ការ​ដំឡើង​ប្រាក់​ខែ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​គេច​ចេញ​ពី​កម្ពុជា វា​មិន​មែន​ជា​ហេតុផល​ទេ»

កិច្ច​ប្រជុំ​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា មិន​ទាន់​បាន​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ឡើយ​ទេ។ កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ តម្លៃ​មិន​ប្រសព្វ​គ្នា​នៃ​ការ​ចរចា កំពុង​ធ្វើ​ឲ្យ​កម្មករ​ជាង ៧២​ម៉ឺន​នាក់ អន្ទះអន្ទែង​រង់ចាំ​អ៊ុត​លទ្ធផល​យ៉ាង​អន្ទះសា។

ស្រប​ពេល​នោះ មេ​ដឹកនាំ​សហភាព​សហជីព​ធំៗ​ចំនួន​៧ ដែល​មាន​ឈ្មោះ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ កំពុង​បែក​ចេញ​ជា​ពី​បក្ខ គឺ​ទី១ សហភាព​សហជីព​ចំនួន​៣ ដែល​មាន​ទំនោរ​ទៅ​ក្រុម​និយោជក និង​រាជ​រដ្ឋាភិបាល បាន​បន្ទន់​ឥរិយាបថ​ទម្លាក់​ថ្លៃ​ទាមទារ​ត្រឹម ៩១​ដុល្លារ។ ដោយ​ឡែក ក្រុម​សហភាព​សហជីព​៤ ទៀត នៅ​តែ​ប្រកាន់​ជំហរ​រឹង​បន្ត​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់ ១០០​ដុល្លារ​ដដែល។

តំណាង​កម្មករ​ព្រមាន​ថា ការ​បែក​បាក់​ផ្ទៃ​ក្នុង និង​ការ​ជាប់​គាំង​រក​ដំណោះស្រាយ​មិន​ចេញ​ពី​កិច្ច​ចរចា​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​មុន​បំណាច់​ខែ​មីនា នោះ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​អាច​នឹង​កើត​មាន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហជីព​ជាតិ​កម្ពុជា លោក សោម អូន មាន​មតិ​ថា កិច្ច​ចរចា​នោះ​វា​មិន​ទាន់​ជាប់​គាំង​រហូត​ដល់​រក​ផ្លូវ​ចេញ​មិន​ឃើញ​នោះ​ទេ។ លោក​បន្ត​ថា ក្រុម​សហជីព​របស់​លោក​បាន​ទម្លាក់​ថ្លៃ​ទាមទារ​ត្រឹម ៩១​ដុល្លារ ដោយ​សំអាង​ថា ប្រសិន​បើ​កម្មករ​ទទួល​បាន​តម្លៃ​នេះ នោះ​អាច​នឹង​ប្រដំប្រសង​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន ដូច​ជា ប្រទេស​ឡាវ វៀតណាម និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា)៖ «បើ​យើង​ដំឡើង​ក្នុង​កម្រិត ៩០​ដុល្លារ​ហ្នឹង គឺ​ទី​មួយ យើង​អាច​ឈ្នះ​ឡាវ ហើយ​ព្រោះ​ឡាវ មាន ៧៨​ដុល្លារ ហើយ​វៀតណាម មាន​តែ ៨០ ទៅ ៨៥​ដុល្លារ​ទេ គាត់​ចែក​ជា​តាម​តំបន់​ប្រទេស​ភូមា ប្រហែល​ជា ៤០ ទៅ ៤៣​ដុល្លារ​ទេ»

ម្យ៉ាង ប្រសិន​បើ​កិច្ច​ប្រជុំ​ពិត​ជា​ជាប់​គាំង​រក​ផ្លូវ​ចេញ​មិន​ឃើញ​មែន​នោះ ភារកិច្ច​ដំឡើង​ប្រាក់​ខែ​គោល នឹង​ត្រូវ​បញ្ជូន​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ។ ការ​លូក​ដៃ​របស់​រាជ​រដ្ឋាភិបាល គឺ​ដើម្បី​កំណត់​ប្រាក់​ខែ​អប្បបរមា​ថ្មី​ជា​ឯកតោ​ភាគី ក្នុង​ចន្លោះ​ណា​មួយ​នៃ​គម្លាត​មិន​ត្រូវ​គ្នា​រវាង​ក្រុម​សហជីព និង​ក្រុម​និយោជក។

តែ​ទោះ​ជា​យ៉ាង​ណា លោក សោម អូន បញ្ជាក់​ថា ក្រុម​ការងារ​ទី៨ ឬ​ក្រុម​ចរចា បាន​ចេញ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​តម្រូវ​ឲ្យ​ខាង​និយោជក និង​សហជីព​បែង​ចែក ៣ ទៅ ៤​ក្រុម ដើម្បី​ចរចា​គ្នា​ជា​ទ្វេភាគី ដើម្បី​បើក​ចំហ និង​និយាយ​ឲ្យ​ត្រង់​ពី​មូលហេតុ​ដែល​ភាគី​ទាំង​ពីរ​មិន​ស្រប​គ្នា មុន​នឹង​មាន​ការ​ប្រជុំ​ត្រី​ភាគី​ជា​ផ្លូវ​ការ​ម្តង​ទៀត៖ «កាល​ណា​មាន​ការ​ជាប់​គាំង ខ្ញុំ​គិត​ថា ពេល​ហ្នឹង គឺ​តួនាទី​របស់​រាជ​រដ្ឋាភិបាល គាត់​ត្រូវ​តែ​មាន​ការ​សម្របសម្រួល​មួយ ហើយ​ដើម្បី​ឲ្យ​វា​មាន​ដំណោះស្រាយ អ៊ីចឹង​ហើយ​ការ​សម្របសម្រួល​របស់​រាជ​រដ្ឋាភិបាល។ ខ្ញុំ​គិត​ថា គាត់​នឹង​ពិចារណា​ទៅ​លើ​ចន្លោះ​គម្លាត​គ្នា​នៃ​ការ​ជាប់​គាំង​ហ្នឹង»

ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ថា រាជ​រដ្ឋាភិបាល​មិន​មាន​តួនាទី​អន្តរាគមន៍​ក្នុង​ការ​កំណត់​ប្រាក់​ខែ​អប្បបរមា​កម្មករ​នោះ​ទេ ពីព្រោះ​កម្ពុជា គឺ​ជា​សេដ្ឋកិច្ច​ផ្អែក​លើ​ទីផ្សារ​ដែល​អាស្រ័យ​លើ​ប្រាក់​ចំណេញ​របស់​សហគ្រាស។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា បញ្ជាក់​ថា តម្លៃ​ចរចា​រវាង​និយោជក និង​ក្រុម​សហជីព នៅ​មាន​គម្លាត​ឆ្ងាយ។ លោក​ស្នើសុំ​ឲ្យ​សហជីព​ទាំង​នោះ កុំ​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ជឿនលឿន និង​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​មធ្យម។ លោក​បាន​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​និយោជក​ដំឡើង​ប្រាក់​ដល់​កម្រិត​ដែល​ទាមទារ​នោះ តើ​ជីវិត​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា អាច​ទៅ​មុខ​បាន​កម្រិត​ណា​ទៀត?

លោក ជាតិ ខេមរា៖ «ជា​ឧស្សាហកម្ម​មួយ​ក្នុង​កម្រិត​មួយ​ផុយ​ស្រួយ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ក្នុង​លក្ខណៈ​ដំឡើង​ខ្ពស់​ពី​បរិមាណ​ដែល​ពួក​គេ​មក​រក​ស៊ី ហើយ​គេ​មិន​សូវ​ចំណេញ វា​ដូច​ជា​ធ្វើ​បាប​ខ្លួន​ឯង។ យើង​គិត​ថា ការ​ដំឡើង​ក្នុង​កម្រិត​ហ្នឹង វា​អាច​សមស្រប​មួយ​ជំហានៗ ហើយ​យើង​នឹង​ធ្វើ​តាម​ការ​ដំឡើង​ជាប់​ជាមួយ​នឹង​ជំនាញ ជាប់​ជាមួយ​បច្ចេកទេស​ជា​រៀង​រាល់​ឆ្នាំ​ទៅ​វិញ»

រាជ​រដ្ឋាភិបាល​បាន​អនុគ្រោះ​ពន្ធ​ច្រើន​លើ​ការ​វិនិយោគ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។ ការ​អនុគ្រោះ​នោះ តាម​រូបភាព​មិន​យក​ពន្ធ​លើ​ការ​វិនិយោគ មិន​យក​ពន្ធ​លើ​ការ​នាំ​ចេញ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ឲ្យ​មក​វិនិយោគ​ច្រើន​លើ​ផ្នែក​វិស័យ​កាត់​ដេរ។

ទោះ​ជា​មាន​ការ​អនុគ្រោះ​ពន្ធ​សន្ធឹក ងាយ​នឹង​ចូល​មក​វិនិយោគ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា ក្រុម​និយោជក​បែរ​ជា​ត្រូវ​ចំណាយ​ប្រាក់​ក្រោម​តុ ឬ​ហៅ​ជា​ទូទៅ​ថា ថ្លៃ​ទឹក​តែ រាប់​លាន​ដុល្លារ​ឲ្យ​មន្ត្រី​មាន​អំណាច ដើម្បី​ឲ្យ​ជួយ​សម្រួល​អាជីវកម្ម​របស់​ខ្លួន។ ហេតុផល​នេះ ទើប​ធ្វើ​ឲ្យ​ក្រុម​និយោជក​ពិបាក​នឹង​ដក​លុយ​ដែល​ចំណេញ​មក​បែង​ចែក​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ។ សហជីព​ខ្លះ​មាន​សុទិដ្ឋិនិយម​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ អាច​នឹង​ទៅ​រួច​ប៉ុន្មាន​មិន​បាន​ដល់​កម្រិត​ដែល​ក្រុម​សហជីព​ទាមទារ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។