ថៅកែ​រោងចក្រ​នៅ​តែ​មិន​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ

ភាគី​រោងចក្រ​នៅ​តែ​មិន​ព្រម​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ឲ្យ​ច្រើន​ជាង ៧២​ដុល្លារ​ឡើយ តាម​ការ​ទាម​ទារ​របស់​ក្រុម​តំណាង​កម្មករ​ឡើយ។ ការ​ប្រកាន់​ជំហរ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព បើក​ការ​ចរចា​ជា​ថ្មី​ស្ដីពី​ការ​ដំឡើង​ប្រាក់​ខែ​គោល​ទាប​បំផុត នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ។
ដោយ វណ្ណ វិចារ
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាត សមុទ្រ ៣០៥
អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក សាត សមុទ្រ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​តំណាង​សហជីព និង​តំណាង​ថៅកែ​រោងចក្រ នា​ក្រសួង​សង្គម​កិច្ច កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Vann Vicha

តំណាង​សហជីព​លើក​ឡើង​ថា ភាគី​រោងចក្រ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ទេ និង​នៅ​តែ​ចង់​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ។

នៅ​ក្នុង​កិច្ច​ចរចា​ជា​ថ្មី​រវាង​តំណាង​សហព័ន្ធ​សហជីព​ជាង​៧០ និង​ភាគី​រោងចក្រ ជុំវិញ​បញ្ហា​ដំឡើង​ប្រាក់​ខែ​គោល​ទាប​បំផុត​ឲ្យ​កម្មករ នា​ថ្ងៃ​ទី២៧ កុម្ភៈ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​នោះ​ទេ។ ភាគី​រោងចក្រ​ឲ្យ​មនុស្ស ២​នាក់​ជា​តំណាង ដែល​មិន​មាន​សិទ្ធិ​សម្រេច​ចូល​រួម​ចរចា ស្រប​ពេល​ដែល​ភាគី​សហជីព​បាន​សម្រេច​បន្ទន់​ឥរិយាបថ ដោយ​ទម្លាក់​តម្លៃ​ទាម​ទារ​ពី ១២០​ដុល្លារ មក​នៅ ១០០​ដុល្លារ។

តំណាង​សហជីព​ចូល​រួម​ចរចា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តំណាង​សហជីព​បង្ហាញ​សុឆន្ទៈ​ចុះ​តម្លៃ​ប្រាក់​ខែ​គោល តែ​ភាគី​រោងចក្រ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល គឺ​ព្យាយាម​បដិសេធន៍​អត្ថប្រយោជន៍​ជូន​កម្មករ។ លោក​បន្ត​ថា ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​កំណត់​ប្រាក់​ឈ្នួល​ទាប​បំផុត​ឲ្យ​កម្មករ មក​នៅ​ត្រឹម​កម្រិត​មួយ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ​សិន ហើយ​បន្ទាប់​មក​កម្មករ​អាច​នឹង​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​តាម​អត្រា​នៃ​អតិផរណា ឬ​អត្រា​នៃ​ការ​ប្រែប្រួល​តម្លៃ​ទំនិញ​បន្ត​ទៀត។

លោក អាត់ ធន់ បញ្ជាក់​ថា បើ​សិន​ជា​ភាគី​រោងចក្រ​នៅ​តែ​មិន​ព្រម​ដំឡើង​ត​ទៅ​ទៀត​នោះ ប្រហែល​ជា​កម្មករ​អាច​ផ្ទុះ​ការ​តវ៉ា​ណា​មួយ​ជា​មិន​ខាន៖ «គាត់​បាន​ពន្យល់​ហើយ​ថា លោក វ៉ាន់ ស៊ូអៀង ទៅ​ក្រៅ ហើយ​ថៅកែ​ក៏​មិន​នៅ​ដែរ គេ​រវល់​មិន​មាន​ពេល​ពិភាក្សា​គ្នា​ទេ។ ការ​ចរចា​ជា​ដំណើរ​ការ​មួយ តែ​មិន​មាន​លទ្ធផល។ យើង​មិន​អាច​ថា​ត្រូវ​ទេ សហជីព​ជា​តំណាង​កម្មករ បើ​កម្មករ​តវ៉ា យើង​នឹង​ជួយ​កម្មករ តែ​យើង​មិន​ទាន់​ថា​យ៉ាង​ណា​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្តី ភាគី​រោងចក្រ​ដែល​មក​ចូល​ចរចា​មិន​មាន​សិទ្ធិ​សម្រេច​នោះ​ឡើយ ដោយ​សារ​តែ​មនុស្ស​មក​ចរចា​មាន​គ្នា​តែ ២​នាក់ ហើយ​ក្រុម​ថៅកែ​ធំៗ​ដែល​មាន​សិទ្ធិ​សម្រេច​ក្នុង​រឿង​នេះ គឺ​មិន​បាន​មក​ចូល​រួម​ពិភាក្សា​ដោះស្រាយ​ឡើយ ដោយ​អ្នក​តំណាង​ប្រាប់​ថា ពួក​ថៅកែៗ​រវល់ និង​ជាប់​បេសកកម្ម​ទៅ​ក្រៅ​ស្រុក។ ប៉ុន្តែ​តំណាង​ភាគី​រោងចក្រ​ដែល​ចូល​រួម ថ្លែង​ប្រាប់​អ្នក​កាសែត​ដោយ​ខ្លី​ថា ថៅកែ​ឲ្យ​ប្រាក់​ខែ​គោល ៧២​ដុល្លារ​ឲ្យ​កម្មករ តែ​បើ​កម្មករ​មិន​អាច​ទទួល​យក​បាន​ទេ​នោះ ពួក​គេ​អាច​ឈប់​ធ្វើ​ការ​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​បាន។

យ៉ាង​ណា​ក៏ដោយ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក សាត សមុទ្រ ថ្លែង​ថា រដ្ឋាភិបាល​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ប្រាក់​ខែ​គោល​កម្មករ​នឹង​នៅ​តែ​អាច​ឡើង​ជា​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​ចរចា​ជា​ថ្មី​សិន។ លោក​បន្ត​ថា ភាគី​សហជីព​បន្ទន់​ឥរិយាបថ​ខ្លះ​ហើយ នៅ​តែ​រោងចក្រ​ប៉ុណ្ណោះ ហើយ​បើ​រោងចក្រ​ព្រម​ថែម​ឲ្យ​ខ្លះ​ទៀត ប្រហែល​ជា​អាច​និយាយ​គ្នា​បាន។

លោក សាត សមុទ្រ បញ្ជាក់​ថា ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​សិក្សា​ពី​បញ្ហា​នេះ ហើយ​គម្រោង​ដំឡើង​ប្រាក់​ខែ​នេះ អាច​នឹង​ត្រូវ​ចរចា​បញ្ចប់​មុន​ចូល​ឆ្នាំ​ខ្មែរ៖ «គ្នា​គាត់​ជុំ​គ្នា​បាន​គាត់​ប្រជុំ​បាន គាត់​ម្នាក់​ឯង​ហ្នឹង​សម្រេច​មិន​ទាន់​បាន​ទេ អង្គ​ប្រជុំ​ស្នើ​ឲ្យ​គាត់​ប្រជុំ​គ្នា​គាត់​បន្ត​ទៀត»

ការ​ចរចា​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​រោងចក្រ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​ព្រមាន​ធ្វើ​មហា​បាតុកម្ម កាល​ពី​ចុង​ឆ្នាំ​២០១២ ដើម្បី​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៥០​ដុល្លារ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី២០ កុម្ភៈ ឆ្នាំ​២០១៣ រួច​មក សហជីព​សម្រេច​ទាម​ទារ​ប្រាក់​ខែ​គោល​នៅ​ត្រឹម ១២០​ដុល្លារ និង​នៅ​ថ្ងៃ​ទី២៧ កុម្ភៈ សម្រេច​ទាម​ទារ​មក​ត្រឹម ១០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Taso

ពី Takeo

I think that if employers really consider Cambodian workers as the core input for their business and really willing to solve the min wage issue, holidays are not the proper excuse for such the big thing.

President Barrack Obarma gave up his annual vacation to settle the fiscal issue of the US. Attracting FDI of the gov't is a good policy, but should not kill/hurt its children to please the investors...

Feb 27, 2013 10:13 PM

sal

ពី phnom penh

that is the reason that cambodians go to work in Thailand...

Feb 27, 2013 08:20 PM

sal

ពី phnom penh

ខ្ញុំសូមគាំទ្រចំពោះការតវ៉ារនេះ។ព្រោះបើប្រាក់ខែនៅតែទាប​ មិនអាចផ្គត់ផ្គង់គ្រួសារបានទេ តើអោយកម្មករទៅធ្វើការអ្វី?នេះហើយជាមូលហេតុដែល កម្មករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃ....

Feb 27, 2013 08:19 PM

HURRYCANE

Stop big corruption everry think go well.

Feb 27, 2013 06:06 PM