គ្រួសារ​ពលករ​ធ្វើ​ការ​នៅ​ប្រ៊ុយណេ​២៥​នាក់​ស្នើ​ជួយ​ពលករ​ត្រឡប់​មក​ស្រុក​វិញ

ពលករ​ចំណាក​ស្រុក​ចំនួន ២៥​នាក់ នៅ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ចាញ់​បោក​មេ​ខ្យល់ ហើយ​ត្រូវ​សមត្ថកិច្ច​ប្រទេស​ប្រ៊ុយណេ ចាប់​ខ្លួន​ឃុំ​ទុក​ជាង ២​ខែ​មក​ហើយ ដោយ​មិន​បាន​ទទួល​ដំណឹង​អ្វី​សោះ។ ក្រុម​គ្រួសារ​ពលករ​ទាំង​នោះ កំពុង​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គារ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​នាំ​យក​ពលករ​ទាំង​នោះ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

0:00 / 0:00

ក្រុម​គ្រួសារ​ពលករ​ចំណាក​ស្រុក​រស់​នៅ​ភូមិ​ព្រែក១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ជា​ច្រើន​គ្រួសារ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា ជីវភាព​គ្រួសារ​របស់​ពួក​គាត់​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លាំង ដោយសារ​តែ​ប្ដី ឬ​សាច់​ញាតិ​ដែល​មាន​កម្លាំង​រឹងមាំ​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ត្រូវ​សមត្ថកិច្ច​ប្រទេស​ប្រ៊ុយណេ ចាប់ ហើយ​បាត់​ដំណឹង​ឈឹង​មិន​ដឹង​ស្លាប់ ឬ​រស់។

ភរិយា​ពលករ​ចំណាក​ស្រុក​ម្នាក់​ក្នុង​ចំណោម ២៥​នាក់ រស់​នៅ​ភូមិ​ព្រែក១ អ្នកស្រី មៀច គរ មាន​ប្រសាសន៍​ថា ប្ដី​របស់​អ្នកស្រី​បាន​បាត់​ដំណឹង និង​មិន​ដែល​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ប្រពន្ធ​កូន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឡើយ។ សព្វថ្ងៃ អ្នកស្រី​មាន​កូន ៤​នាក់ ចាប់​តាំង​ពី​បាត់​កម្លាំង​ប្ដី​របស់​អ្នកស្រី​ទៅ ជីវភាព​គាត់​កាន់​តែ​ទ័លក្រ៖ «អូ! លោកគ្រូ​អើយ! ជីវភាព​គ្រួសារ​ខ្ញុំ​រាល់​ថ្ងៃ​នេះ​វេទនា​ជាង​គេ កូន​ក៏​ច្រើន ហើយ​ប្ដី​ទៅ​បាត់​ជាប់​អីចឹង​វេទនា​ជា​ង​គេ ដើរ​តែ​ជីក​ក្ដួច​ឲ្យ​កូន​ហូប ហើយ​ជីក​ដំឡូង​ឲ្យ​កូន​ហូប​រាល់​ថ្ងៃ ប្រសិន​បើ​មាន​ឱកាស​បាន​មក​វិញ ខ្ញុំ​ឈប់​ឲ្យ​ទៅ​ហើយ ទោះ​បី​ជា​មាន​ក្រ​យ៉ាង​ណា​នៅ​ហូប​ជុំ​គ្នា»

ចំណែក​ឯ​អ្នកស្រី អ៊ូ សុខន បញ្ជាក់​ថា ប្ដី​របស់​អ្នកស្រី​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ប្រ៊ុយណេ តាម​រយៈ​មេ​ខ្យល់​ឈ្មោះ ឈឿន ង៉ូវ តាំង​ពី​ឆ្នាំ​២០១០ ហើយ​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​អ្នកស្រី​បាន ៤​ដង ក៏ប៉ុន្តែ កាល​ពី​២​ខែ​មុន ប្ដី​របស់​អ្នកស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា គាត់ និង​ពលករ​ចំនួន ២៤​នាក់​ផ្សេងៗ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន៖ «ចាប់​ប្ដី​ខ្ញុំ​ហ្នឹង​គេ​ថា​យក​ទៅ​ដាក់​ជំរុំ ដោយសារ​តែ​ជីវភាព​ខ្វះខាត​បាន​ឲ្យ​ទៅ​រក​ស៊ី ល្បី​ថា​គេ​រក​ស៊ី​បាន​ណាស់​ណា​ពូ ចេះ​តែ​ឲ្យ​ប្ដី​ទៅ​រក​តាម​គេ​តាម​ឯង​អីចឹង​ទៅ​ណា៎។ គេ​អត់​គិត​ប្រាក់​ខែ​ប្រាក់​ថ្ងៃ​អី​ទេ ដឹង​គេ​ទៅ​ធ្វើ​អី​អត់​ដឹង​ផង»

ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​មេ​ខ្យល់​ឈ្មោះ ឈឿន ង៉ូវ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) និង​សំណូម​ពរ​ដល់​រដ្ឋាភិបាល ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ឲ្យ​ជួយ​អន្តរាគមន៍ និង​បញ្ជូន​ប្ដី ឬ​សាច់​ញាតិ​ពួក​គាត់​ទាំង ២៥​នាក់ មក​ស្រុក​កំណើត​វិញ។ ពលករ​ចំណាក​ស្រុក​ទាំង ២៥​នាក់ ក្នុង​នោះ​មាន ២៣​នាក់ រស់​នៅ​ភូមិ​ព្រែក១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និង ២​នាក់​ទៀត មក​ពី​ខេត្ត​បាត់ដំបង។ ពលករ​ទាំង​នោះ​មាន​អាយុ​ចាប់​ពី ២៧ ទៅ ៥០​ឆ្នាំ ត្រូវ​បាន​មេ​ខ្យល់​ប្រាប់​ថា ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ដូង​ប្រេង​ក្នុង​ប្រទេស​ប្រ៊ុយណេ ក៏ប៉ុន្តែ មិន​បាន​ប្រាប់​ថា​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈឿន ង៉ូវ ដែល​ប្រជាពលរដ្ឋ​អះអាង​ថា​ជា​មេ​ខ្យល់ ព្រម​ទាំង​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អនីតិជន​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ កញ្ញា មិត្ត សាមួន មាន​ប្រសាសន៍​ថា ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ អង្គការ​លីកាដូ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ និង​ធ្វើ​ការ​សហការ​ជាមួយ​ខាង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​អន្តរាគមន៍​ក្នុង​ករណី​នេះ​ជា​បន្ទាន់៖ «ជីវភាព​វា​សុទ្ធ​តែ​អ្នក​ជួប​បញ្ហា​លំបាក​ខ្វះខាត ហើយ​អត់​មាន​មុខ​របរ​ច្បាស់​លាស់ ខ្លះ​មាន​ដី​ស្រែ​តិចតួច ខ្លះ​ក៏​អត់​អីចឹង​ទៅ​ណា៎ គ្រាន់​តែ​ឮ​ព័ត៌មាន​គេ​ថា​ទៅ​ធ្វើ​ការ​បាន​លុយ អ្នក​ខ្លះ​ក៏​សុខ​ចិត្ត អ្នក​ខ្លះ​ខ្ចី​បុល​គេ អ្នក​ខ្លះ​លក់​របស់​របរ​យក​លុយ​ទៅ​អីចឹង​ទៅ»

កញ្ញា​បញ្ជាក់​ថា គិត​ត្រឹម​ត្រី​មាស​ទី១ ដល់​ត្រី​មាស​ទី៣ ក្នុង​ឆ្នាំ​២០១៣ អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ បាន​ទទួល​ពាក្យ​បណ្ដឹង និង​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ចំណាក​ស្រុក​ចំនួន ១៧​ករណី ដែល​មាន​ជន​រងគ្រោះ​ចំនួន ៧៦​នាក់ ក្នុង​នោះ​បាន​អន្តរាគមន៍​ជោគជ័យ​ចំនួន ៤​ករណី ដោយ​មាន​ជន​រងគ្រោះ​មក​ដល់​ស្រុក​កំណើត​វិញ​ចំនួន ៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។