ករណីនេះ បានធ្វើឲ្យសង្គមស៊ីវិលព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលករ ហើយបានស្នើសុំឲ្យរដ្ឋាភិបាល និងក្រសួងការងារ ពិនិត្យមើលលើយន្តការ និងលក្ខខណ្ឌការងារនានារបស់ក្រុមហ៊ុនបញ្ជូនពលករ មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះបញ្ជូនពលករចេញទៅធ្វើការនៅក្រៅប្រទេស។
រយៈពេលជាង១០ខែក្នុងឆ្នាំ២០១៣ សមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង បានទទួលពាក្យបណ្ដឹងពីគ្រួសារពលកររងគ្រោះនៅប្រទេសម៉ាឡេស៊ី ចំនួន ៣១ករណី ក្នុងនោះមាន ១២ករណីបានបាត់ដំណឹង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា មានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះគម្រោងរបស់រដ្ឋាភិបាលក្នុងការបញ្ជូនពលករចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី នៅដើមឆ្នាំ២០១៤ ខាងមុខ ថាអាចនឹងជួបបញ្ហាកាន់តែធ្ងន់ធ្ងរ ខណៈដែលពលករពលការិនីរងគ្រោះជាច្រើននាក់ នៅមិនទាន់រកឃើញ ឬទទួលបានរកយុត្តិធម៌នៅឡើយ៖ «មានពន្លឺតិចតួចណាស់ យើងនៅច្រើនទៀតដែលនៅបន្តបាត់ដំណឹងដដែល។ ខ្ញុំព្រួយបារម្ភថា បើមិនមានយន្តការច្បាស់លាស់ក្នុងការការពារពលករហ្នឹងទេ អ្វីដែលយើងមានកន្លងមកដូចជាការបាត់ខ្លួន ធ្វើទារុណកម្ម ឬរំលោភសេពសន្ថវៈ ឬការបើកប្រាក់ខែមិនគ្រប់គ្រាន់ឲ្យពលករ ហើយពេលនេះមិនទាន់មានការដោះស្រាយឲ្យបានត្រឹមត្រូវនោះ វានឹងអាចកើតឡើងមកវិញ»។
នៅក្នុងឆ្នាំ២០១២ សមាគមនេះបានទទួលពាក្យបណ្ដឹងចំនួន ៨២ករណី ក្នុងនោះមានពលករចំនួន ១៦នាក់ បានបាត់ដំណឹង ហើយភាគច្រើននៃពលករទាំងនោះ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណឹងអ្វីនៅឡើយ។
ឪពុករបស់ពលការិនីម្នាក់ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក ឆាយ អូន មានប្រសាសន៍ថា លោកមានកូនស្រីម្នាក់ឈ្មោះ ឆាយ អ៊ីម បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន ថប មែនផោវ័រ (Top manpower) តាំងពីឆ្នាំ២០០៩ ហើយបាត់ដំណឹងជាង ៣ឆ្នាំមកហើយ មិនដឹងថាស្លាប់ ឬរស់ ដោយបានទុកកូនឲ្យគាត់នៅមើលជាច្រើននាក់៖ «ចាំមើលកូនរបស់ខ្ញុំទាល់តែដល់សព្វថ្ងៃនេះ ព្រោះសព្វថ្ងៃចិញ្ចឹមគ្រាន់តែចៅទាំងពីរគ្រួសារ វា ៧នាក់ទៅហើយ សព្វថ្ងៃហ្នឹងអត់រកស៊ីអីទេ រកត្បាញបង្គីអីបន្តិចៗទៅគ្រាន់បានអង្កអីបន្តិចបន្តួចអ៊ីចឹងមកណា៎»។
ក្រុមគ្រួសាររបស់ពលករពលការិនី បានសំណូមពរដល់សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ឲ្យជួយស្រាវជ្រាវ និងបញ្ជូនកូន ឬសាច់ញាតិរបស់ពួកគាត់ត្រឡប់មកស្រុកកំណើតវិញឲ្យបានឆាប់។
ទាក់ទងនឹងបញ្ហានេះ ស្នងការរងទទួលបន្ទុកផ្នែកការជួញដូរមនុស្ស និងយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អ្នកស្រី ប្រាក់ សៅនី មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៣ ពុំមានពាក្យបណ្ដឹង ឬករណីបាត់ខ្លួនរបស់ពលករច្រើនដូចជាការលើកឡើងរបស់មន្ត្រីសមាគមអាដហុក នោះទេ ក៏ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់អំពីចំនួនករណីច្បាស់លាស់បាន ដោយសារតែអ្នកស្រីកំពុងតែមានជំងឺសម្រាកព្យាបាលនៅផ្ទះ៖ «ពាក់ព័ន្ធនឹងករណីដែលថាអង្គការអាដហុក បញ្ជូនមកហ្នឹង ខ្ញុំបានធ្វើតាមនីតិវិធី។ ការទទួលពាក្យបណ្ដឹងហ្នឹង ខ្ញុំបានចាត់ការហើយ ខ្ញុំធ្វើបូកជាឯកសារហើយ ក៏បញ្ជូនសំណុំរឿងទៅនាយកដ្ឋានប្រឆាំងការជួញដូរ យើងមិនអាចលូកដៃឆ្លងប្រទេសបានទេ នៅនាយកដ្ឋានគេចាត់ការបន្ត»។
មន្ត្រីសិទ្ធិមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រួតពិនិត្យឲ្យបានម៉ត់ចត់ទៅលើយន្តការ ឬលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនបញ្ជូនពលករ ដើម្បីធានាបាននូវសុវត្ថិភាព និងផលប្រយោជន៍របស់ពលករពលការិនី សម្រាប់គម្រោងរបស់រដ្ឋាភិបាលក្នុងការបញ្ជូនកម្លាំងពលកម្មចេញទៅធ្វើការងារនៅក្រៅប្រទេសនាថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
