ពលករ​ជាង​៣០​នាក់​ធ្វើ​ការ​នៅ​ថៃ​សុំ​ឲ្យ​ជួយ​នាំ​ពួក​គាត់​មក​ស្រុក​វិញ

ពលករ​ស្រប​ច្បាប់​ជាង ៣០​នាក់ ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ (TOUCH MANAK MANPOWER SUPPLY Co., Ltd.) បាន​ចោទ​ថា ក្រុមហ៊ុន​នោះ​លក់​ពួក​គាត់​ជា​ទាសករ​ដំឡើង​ឆាក​តន្ត្រី​នៅ​ស្រុក​មួយ​នៃ​ប្រទេស​ថៃ។

0:00 / 0:00

តំណាង​ពលករ​ឈ្មោះ សឹម ពិសិទ្ធ ថ្លែង​ប្រាប់​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ថា ពួក​គាត់​ជា​ពលករ​ស្រប​ច្បាប់ ដែល​មាន​កាន់​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៣ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ។

នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ សន្យា​ឲ្យ​ទៅ​ធ្វើ​ការ​ខាង​ផ្នែក​អេឡិចត្រូនិក ក្នុង​១​ថ្ងៃ ពលករ​ម្នាក់​នឹង​បាន​ប្រាក់ ៤៨០​បាត​ប្រាក់​ថៃ។ បើ​ធ្វើ​ការ​លើស​ម៉ោង ក្រុមហ៊ុន​នឹង​គិត​ប្រាក់​ម៉ោង​បន្ថែម។ ប៉ុន្តែ ទៅ​ដល់​ប្រទេស​ថៃ ក្រុមហ៊ុន​នៅ​ទី​នោះ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ខាង​ដំឡើង​ឆាក​តន្ត្រី ថៅកែ​ថៃ បើក​ប្រាក់​ឲ្យ​ពលករ​ម្នាក់​ក្នុង​១​ថ្ងៃ តែ ២៤០​បាត ទេ ហើយ​បង្ខំ​ឲ្យ​ពលករ​ធ្វើ​ការ​លើស ៨​ម៉ោង ក្នុង​១​ថ្ងៃ​ទៀត។ ពួក​គាត់​សុំ​ផ្អាក​ធ្វើ​ការ ៤​ថ្ងៃ​មក​នេះ រង់ចាំ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ នោះ បំភ្លឺ​បញ្ហា​ថយ​លុយ​ប្រចាំ​ថ្ងៃ​នោះ។ ពលករ​រូប​នោះ​បន្ត​ថា ថៅកែ​ថៃ នឹង​ដេញ​គាត់​ចេញ​ពី​ជំរុំ​កំពុង​នៅ ពេល​ពួក​គាត់​ផ្អាក​ការងារ។ ពួក​គាត់​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ជួយ​នាំ​ពួក​គាត់​ត្រឡប់​មក​ប្រទេស​វិញ។

តំណាង​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ កញ្ញា លីន ណា ថ្លែង​នៅ​ថ្ងៃ​ទី៩ ខែ​មេសា ថា ក្រុមហ៊ុន​សុំ​ឲ្យ​ពលករ​ទាំង​នោះ​ធ្វើ​ការ​សិន ទម្រាំ​ថៅកែ​ក្រុមហ៊ុន​ចេញ​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​កើត​ឡើង​នោះ។

ពលករ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ បាន​ប្រាប់​គាត់​ថា ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ បាន​លក់​ពួក​គាត់​ឲ្យ​ធ្វើ​ការ​រហូត​សង​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​ថ្មី​ចំនួន ២​ម៉ឺន​បាត ក្នុង​ម្នាក់​រួច​សិន។ ពួក​គាត់​មិន​ព្រម​ចូល​ធ្វើ​ការ​ឡើយ ព្រោះ​ពលករ​ទាំងអស់​មាន​លិខិត​ឆ្លង​ដែន ប៉ុន្តែ​ថៅកែ​ថៃ ដក​ហូត​យក​នៅ​ពេល​ពួក​គាត់​ទៅ​ដល់​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។