ពលករខ្មែរជាច្រើននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលទៅតាមរយៈក្រុមហ៊ុន អានី រីតា (Anny Ryta) ដោយស្របច្បាប់ ត្អូញត្អែរពីការលំបាក នៅពេលដែលទៅដល់ប្រទេសថៃ ក្រុមហ៊ុនដកហូតយកលិខិតឆ្លងដែនពីពួកគេទៅរក្សាទុក។ ពួកគេអះអាងថា កំពុងរស់នៅក្នុងភាពប្រថុយប្រថាន ខ្វះសេរីភាព និងភ័យខ្លាចការចាប់ខ្លួនពីប៉ូលិសថៃ ជាដើម។
ពលករខ្មែរជាច្រើននាក់ អំពាវនាវអោយក្រុមហ៊ុនផ្តល់លិខិតឆ្លងដែន ឬឯកសារស្របច្បាប់ណាមួយ អោយពួកគេកាន់ក្នុងពេលកំពុងបំពេញការងារក្នុងប្រទេសថៃ ដើម្បីអោយពួកគេអាចធ្វើការដោយទុកចិត្ត មិនភ័យបារម្ភពីការចាប់ខ្លួនពីសំណាក់ប៉ូលិសថៃ។
ពលករនៅខេត្តស្វាយរៀង ម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២២ ខែសីហា ថា ពួកគេទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន អានី រីតា ដោយស្របច្បាប់ប្រមាណ ១ខែមកហើយ។ ពលកររូបនេះបន្តថា ការរស់នៅប្រទេសថៃ ពុំមានសេចក្ដីសុខនោះទេ គឺធ្វើការងារយ៉ាងលំបាកលំបិន និងភិតភ័យ ហើយមិនអាចដើរហើរដោយសេរីឡើយ។ ជាងនេះ ការបើកប្រាក់ឈ្នួល ក៏មិនទៀងទាត់ មិនដូចការសន្យាដែលក្រុមហ៊ុនថាបើកប្រាក់ឈ្នួលឲ្យកម្មករនៅពេលធ្វើការពីរសប្ដាហ៍ម្ដង ដើម្បីយកប្រាក់ឲ្យសាច់ញាតិសងថ្លៃជំពាក់គេនៅឯស្រុកខ្មែរនោះទេ។
ពលកររូបនេះបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏មិនបានផ្ដល់ឯកសារស្របច្បាប់ណាមួយឲ្យកម្មករ ធ្វើឲ្យពួកគេរស់នៅទាំងប្រថុយប្រថានប្រឈមនឹងគ្រោះរៀងរាល់ថ្ងៃ។ ដោយសារការលំបាកនេះ ធ្វើឲ្យពលករមួយចំនួន សម្រេចចិត្តចាកចេញពីកន្លែងការងារទាំងគ្មានលិខិតឆ្លងដែន៖ «ទុក្ខលំបាករបស់ពួកខ្ញុំធ្ងន់ណាស់ ដោយសារខ្ចីគេមកធ្វើប៉ាសស្ព័រ ប៉ាសស្ព័រហើយថ្លៃហូបចុកអីនាយអាយមកនោះ អស់លុយម៉ាគំនរម៉ាគគោក។ ខ្ញុំជឿជាក់លើក្រុមហ៊ុន ដល់ពេលក្រុមហ៊ុនធ្វើអ៊ីចឹងដាក់ពួកខ្ញុំទៅ ពួកខ្ញុំហ្នឹងអ្នកអស់ជំនឿៗក៏ទៅផ្ទះ។ ឥឡូវហ្នឹងអត់មានប៉ាសស្ព័រប៉ាសអីហ្នឹង ប៉ូលិសចាប់ប៉ូលិសអីជាប់គុកជាប់ច្រវាក់ ហើយម៉ែឪក្រពិបាកវេទនា ហើយចាំរំពឹងកូនផ្ញើលុយទៅ»។
ពលកររូបនេះបន្តថា ពលករមួយចំនួនដែលគេចចេញពីការលំបាកទាំងនោះដោយគ្មានលិខិតឆ្លងដែន ត្រូវប៉ូលិសថៃ នៅខេត្តសុរាដថានី ចាប់ដកយកទូរស័ព្ទដៃ ហើយដាក់ពន្ធនាគារ មិនអាចទាក់ទងពួកគេបាននោះទេ។ ប្រភពដដែលឲ្យដឹងថា ពលករ ៣នាក់ ដែលគេស្គាល់ ហើយត្រូវចាប់ខ្លួន និងបាត់ទំនាក់ទំនងកាលពីថ្ងៃទី២០ សីហា កន្លងទៅ ឈ្មោះ លោក សារី ឆើត លោក ហឹម សុខហេង និងលោក យឹន ម៉ាញ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីដែលនាំពលករទៅធ្វើការនៅប្រទេសថៃ ដែលពលករអះអាងថា ក្រុមហ៊ុន អានី រីតា គឺលោក ឆន សោភ័ណ្ឌ និយាយថា លោកបានប្ដូរមកធ្វើការនៅក្រុមហ៊ុននាំពលករឈ្មោះ អេ.ភី (AP)។ យ៉ាងនេះក្តី លោកមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបាននាំពលករទៅទុកចោលដោយគ្មានលិខិតឆ្លងដែន ដូចការចោទប្រកាន់ឡើយ។ ចំណែកឯពលករចំនួន ៣នាក់នោះ លោកថាបញ្ហានេះជាកំហុសរបស់ពួកគេទាំងនោះទេ ដែលលួចរត់ចេញពីការងារគ្មានច្បាប់ទម្លាប់ដោយខ្លួនឯង។ រីឯពលករដែលថា ប៉ូលិសថៃ ចាប់ខ្លួននោះ លោកថាពុំទទួលព័ត៌មាននេះនៅឡើយទេ៖ «កន្លងមក គឺគេឲ្យទាំងអស់ គឺអាកូពីក៏គេឲ្យ ធម្មតាយើងចូលទៅប៉ាសស្ព័រកូពី គេតែងតែឲ្យយើងកាន់ហើយ។ តែបើថាទៅដល់ណោះ គឺខាងក្រុមហ៊ុន គឺមិនបានឲ្យកាន់ទេ ឲ្យកាន់តែប៉ាសស្ព័រកូពី ឬជាកាតណាស់បង។ កន្លងមកដែលយើងគាត់កាន់ គឺគាត់មិនដែលកាន់បានយូរទេ ជួនណាទៅ ទីមួយមានការបាត់ ទី២អ៊ីចឹង គឺវាសឹកអ៊ីចឹងទៅ ដូចថាវាទទួលយកអត់បានអ៊ីចឹងណាស់!»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេត និងការជួញដូរមនុស្សនៃអង្គការលីកាដូ (Licadho) លោក សែម ចៅសុខ មានប្រសាសន៍ថា ពលករទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ហើយនៅពេលដែលពួកគេជួបការលំបាកនោះ បញ្ហាទាំងនេះជាបន្ទុករបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ៖ «តាមទ្រឹស្ដីផលរបរគ្រប់ឯកសារទាំងអស់ ដែលពួកគាត់ត្រូវបានរក្សាទុក ដើម្បីសម្គាល់ថា អត្តសញ្ញាណរបស់គាត់ ហើយត្រូវបានក្រុមហ៊ុនរក្សាទុកដោយអត់មានហេតុផលច្បាស់លាស់ វាជាករណីកេងកម្លាំងពលកម្មរបស់គាត់ហ្នឹង បាត់បង់ផលប្រយោជន៍ច្រើន ពេលដែលគាត់អត់មានឯកសារអស់ហ្នឹងនៅនឹងខ្លួនរបស់គាត់ គាត់អត់មានកម្លាំងអត់មានឥទ្ធិពលអីក្នុងការតវ៉ាទាមទារទាក់ទងទៅនឹងលក្ខខណ្ឌការងារមិនល្អនោះទេបាទ»។
តាមការស៊ើបអង្កេតរបស់អង្គការលីកាដូ រកឃើញថា ពលករទៅធ្វើការនៅប្រទេសថៃ ភាគច្រើនក្រុមហ៊ុនពុំបានផ្ដល់លិខិតឆ្លងដែនឲ្យកាន់រស់នៅជាកម្មករស្របច្បាប់ឡើយ។
ពលករធ្វើការនៅប្រទេសថៃ ឲ្យដឹងថា ពួកគេទៅធ្វើការតាមរយៈក្រុមហ៊ុន អានី រីតា ជាកម្មករសំណង់នៅខេត្តសុរាដថានី ប្រមាណជាង ៣០នាក់ កំពុងជួបការលំបាកចុះទឹកក្រពើ លើគោកខ្លា ទាំងការរស់នៅ និងការដើរហើរគ្មានសេរីភាព ទៅណាមិនរួចឡើយ ហើយចង់ត្រឡប់មកកម្ពុជា វិញក៏គ្មានលិខិតឆ្លងដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
