កម្មករ​​ភ័យ​ខ្លាច​​ពិតាន​រោងចក្រ​​​បាក់​កិន​ស្លាប់

កម្មករ​រោងចក្រ​កាត់ដេរ សៀវគិញ មាន​ទីតាំង​ក្បែរ​សាលា​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ពិតាន​រោងចក្រ​នេះ​បាក់​សង្កត់​លើ​ស្លាប់ ខណៈ​ដែល​ថៅកែ​រោង​ចក្រ​នៅ​តែ​​បង្ខំ​ឲ្យ​ពួកគេ​ចូល​ធ្វើ​ការ។

កម្មការិនី​រោងចក្រ សៀវគិញ ជា​ច្រើន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា កម្មករ​បាន​ផ្អើល​រត់​ចេញ​​មក​ក្រៅ​អគារ​រោងចក្រ​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍ ទី​២១ វិច្ឆិកា នៅ​ម៉ោង ៣​រសៀល​នៅ​ពេល​​​ឮ​សំឡេង​លាន់​ចេញ​ពី​ពិតាន​ជាន់​ទីមួយ​នៃ​អគារ​កាត់​ដេរ។

កម្មការិនី ចន្ទ ថុល បញ្ជាក់​នៅ ថ្ងៃ​ទី​២៥ វិច្ឆិកា ថា មក​ទល់​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ ថៅកែ​រោងចក្រ​នៅតែ​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើការ​ទៀត តែ​កម្មករ​​​​​​ប្រកែក​ព្រោះ​ខ្លាច​អគារ​រលំ​កិន​ស្លាប់៖ «ពេល​យើង​កំពុង​ធ្វើ​ការៗ ស្រាប់​តែ​លាន់​ឮ​ប្រឹបៗ​ចេញ​ពី​តាន​ជាន់​ទី​មួយ​មាន​ហុយ​ផង ពួកយើង​ភ័យ​នាំ​គ្នា​រត់​ចេញ​ក្រៅ។ តាំង​ពី​ថ្ងៃ​ហ្នឹង​មក ថៅកែ​ចេះ​តែ​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ តែ​កម្មករ​មិន​ហ៊ាន​ចូល ហើយ​ថ្ងៃ​ស្អែក​នេះ ថៅកែ​កំណត់​ឲ្យ​ពួក​យើង​ចូល​ធ្វើ​ការ​បន្ត​ទៀត​ហើយ តែ​ពួក​យើង​ភ័យ​ខ្លាច​បាក់​កិន នាំ​ឲ្យ​គ្រោះថ្នាក់»

កម្មការិនី​ឲ្យ​ដឹង​ថា កម្មករ​ទាំង​អស់​សង្ស័យ​ថា ពិតាន​ជាន់​ទី​១ ពុក​ផុយ​អាច​រក​កល​បាក់​ធ្លាក់​ព្រោះ​អគារ​រោងចក្រ​នេះ​ចាស់ ហើយ​ថៅកែ​ចេះ​តែ​ផ្ទុក​សម្ភារៈ​​ច្រើន​បន្ថែម​ទៀត​ដែល​អាច​បង្ក​ឲ្យ​បាក់។កញ្ញា​បន្ត​ថា ស្រប​ពេល​នេះ​ពិតាន​អគារ​ជាន់​ទី​ពី​ក៏​ពុក​រក​កល​​បាក់​ស្រុត​ដែរ។

កម្មការិនី​បន្ថែម​ថា នៅ​ពេល​ដែល​កម្មករ​បដិសេធ​មិន​ព្រម​ចូល​ធ្វើ​ការ ថៅកែ​កាត់​ប្រាក់​ថ្លៃ​​ឈ្នួល​ប្រចាំ​ថ្ងៃ ៥០​ភាគរយ ហើយ​ថៅកែ​បាន​ជំរុញ​ឲ្យ​កម្មករ​មក​បង្ហាញ​មុខ​ក្នុង​រោងចក្រ​រាល់​ថ្ងៃ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​តំណាង​រោងចក្រ​បាន​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​សុំ​​ការ​បញ្ជាក់​​ចំពោះ​ការ​អះអាង​របស់​កម្មករ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។