មន្ត្រីស៊ើបអង្កេតនៃមន្ទីរការងារខេត្តក្រចេះ រកឃើញថា ថៅកែរោងចក្រផលិតក្ដារបន្ទះរបស់ចិន ពិតជាបានធ្វើខុសទៅនឹងពេលម៉ោងធ្វើការ និងថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍របស់កម្មករ ហើយករណីនេះ បានអនុវត្តផ្ទុយទៅនឹងច្បាប់ការងារ។
កាលពីថ្ងៃអង្គារ មន្ត្រីការងារខេត្តបានចុះទៅពិនិត្យរោងចក្រផលិតក្ដារបន្ទះមួយ មានទីតាំងនៅភូមិអូរព្រំ ឃុំអូរគ្រៀង ស្រុកសម្បូរ ខេត្តក្រចេះ បន្ទាប់ពីកម្មកររាយការណ៍ថា ថៅកែក្រុមហ៊ុនបានតម្រូវឲ្យកម្មករធ្វើការមួយថ្ងៃ ៩ម៉ោង ហើយថ្ងៃអាទិត្យ ក៏ត្រូវធ្វើការដោយគ្មានផ្តល់ប្រាក់កម្រៃបន្ថែមឡើយ។
អនុប្រធានមន្ទីរការងារខេត្តក្រចេះ លោក ខាន់ ប៊ុនសេង មានប្រសាសន៍បញ្ជាក់ថា ក្រុមការងារបានជួបកម្មករផ្ទាល់ និងតំណាងក្រុមហ៊ុន រួមទាំងបានពិនិត្យស្ថានភាពទីតាំងរោងចក្រ និងកន្លែងស្នាក់នៅហូបអាហាររបស់កម្មករ និងរកឃើញថា ក្រុមហ៊ុនពិតជាមានចំណុចខ្វះខាតលើការកំណត់ពេលវេលាបំពេញការងាររបស់កម្មករ ក៏ប៉ុន្តែក៏មានចំណុចល្អប្រសើរលើការផ្តល់កន្លែងស្នាក់នៅ ការផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងការផ្តល់ប្រាក់ឈ្នួលប្រចាំខែបានខ្ពស់សមរម្យ។
លោកបន្តថា តំណាងក្រុមហ៊ុនបានសន្យាធ្វើការកែសម្រួលចំណុចខ្វះខាតតាមការណែនាំរបស់មន្ត្រីការងារ៖ «កំហុសដែលគាត់បានធ្វើ យើងគិតថា ប្រហែលជាលើកទីមួយទេ ហើយម្យ៉ាង គាត់ក៏មិនរឹងទទឹងអ្វីក្នុងការអនុវត្តដែរ។ ដល់អ៊ីចឹង យើងណែនាំគាត់ យើងមិនមានវិធានការអ្វីចំពោះគាត់ដូចជាដាក់ទណ្ឌកម្មអ្វីដល់គាត់ទេ។ យើងគ្រាន់តែថា ឥឡូវយើងនឹងណែនាំពីច្បាប់បន្តទៀត ដើម្បីឲ្យគាត់គោរព ដើម្បីកុំឲ្យខុសតទៅទៀត»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ វិច្ឆិកា មិនអាចទាក់ទងសុំការបញ្ជាក់ពីភាគីក្រុមហ៊ុនបានទេ។
ក៏ប៉ុន្តែ កម្មករមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនចិន នេះ ក្រៅពីរំលោភច្បាប់ការងារ ក៏មានចំណុចខុសឆ្គងមួយចំនួនទៀត ដូចជាបណ្ដេញចេញកម្មករដោយគ្មានហេតុផល ចំណែកបុគ្គលិកជាជនជាតិចិន ខ្លះទៀត មានអាកប្បកិរិយា និងពាក្យសម្ដីប្រមាថមើលងាយកម្មករខ្មែរដោយគ្មានការគោរពសិទ្ធិកម្មករ៖ «បន្ថយម៉ោងទៅវាធូរកម្លាំង ដូចថា ម្ង៉ៃៗវាឈរពេកអ៊ីចឹងណា! គ្មានអ្នកណាហ៊ានតវ៉ាទេ ព្រោះយើងមកធ្វើអ៊ីចឹង យើងបានលុយ ដល់យើងតវ៉ាម្នាក់យើងខុសម្នាក់គេដេញយើងចោលអ៊ីចឹង»។
យ៉ាងនេះក្តី មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហេង ភារៈ មានប្រសាសន៍បញ្ជាក់ថា នេះគឺជាការរួមចំណែកទទួលខុសត្រូវរបស់ក្រុមហ៊ុន ទៅលើសិទ្ធិកម្មករ។ លោកអំពាវនាវសុំឲ្យអ្នកទទួលខុសត្រូវក្រុមហ៊ុន យកចិត្តទុកដាក់អនុវត្តច្បាប់ការងារនៃប្រទេសកម្ពុជា ឲ្យបានល្អប្រសើរ៖ «សុំកុំកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករបន្តទៅទៀត។ យើងនឹងបន្តឃ្លាំមើលដំណើរការហ្នឹងបន្តទៅទៀត ថាតើក្រុមហ៊ុននៅតែបន្តរំលោភច្បាប់ការងារទៀត ឬយ៉ាងណា? ខ្ញុំសំណូមពរឲ្យកម្មករ បើសិនក្រុមហ៊ុននៅតែរំលោភការងារមកលើកម្មករ សុំឲ្យរាយការណ៍មក ដើម្បីឲ្យបានព័ត៌មាន»។
រោងចក្រផលិតក្ដារបន្ទះរបស់ក្រុមហ៊ុនចិន ឈ្មោះ យ៊ូ ឡាយ បានបើកអាជីវកម្មផលិតក្ដារបន្ទះនៅតំបន់ដីសម្បទានសេដ្ឋកិច្ចមួយ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីផ្លូវជាតិលេខ៧ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ជាងមួយខែហើយ និងមានកម្មករប្រមាណ ១០០នាក់ បានជ្រើសរើសមកបំពេញការងារនៅរោងចក្រនោះ។
មន្ត្រីការងារ បញ្ជាក់ថា យ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុនត្រូវរៀបចំចុះបញ្ជីការការងារ ឬជូនដំណឹងពីការបើកក្រុមហ៊ុន និងប្រកាសពីបុគ្គលិកកម្មករដល់មន្ទីរការងារ រួមទាំងធ្វើបទបញ្ជាផ្ទៃក្នុង ស្ដីពីពេលវេលាធ្វើការ និងថ្ងៃឈប់សម្រាកស្របនឹងច្បាប់ការងារបានកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
