ការបាក់ដីអណ្ដូងរ៉ែមាសនោះ បានកើតឡើងតាំងតែពីយប់ថ្ងៃទី១៩ ខែឧសភា ត្រូវគេជឿថានឹងអាចមានអ្នកភូមិមួយចំនួនកំពុងជាប់ខ្លួនក្នុងរណ្ដៅ។
សមត្ថកិច្ច និងអាជ្ញាធរស្រុករវៀង រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កំពុងប្រឹងប្រែងជីកកកាយយកអាចម៍ដីចេញពីអណ្ដូងរ៉ែមាសមួយកន្លែង ដែលបាក់សង្កត់ ក្នុងបំណងជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់ខ្លួននៅក្នុងអណ្ដូងនោះ។
ប្រភពពីអាជ្ញាធរជាច្រើន បានឱ្យដឹងថា ក្នុងរយៈពេលជាង ២០ម៉ោងមកហើយ គេនៅតែប្រឹងប្រែងប្រើគ្រឿងចក្រជីកកាយយកអាចម៍ដីចេញពីអណ្ដូងរ៉ែមាសនោះ ក៏ប៉ុន្តែ គេមិនទាន់បានរកឃើញ និងជួបប្រទះជនរងគ្រោះណាម្នាក់នៅក្នុងអណ្ដូងរ៉ែមាសនោះនៅឡើយទេ។
អភិបាលស្រុករវៀង គឺលោក ឯ សារ៉ូ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ថា លោកកំពុងតែនៅពីមុខអណ្ដូងរ៉ែមាសដែលបាក់ដីសង្កត់នោះ។ មន្ត្រីដដែលបានបញ្ជាក់ថា កម្លាំងចម្រុះជាច្រើនកំពុងតែជីកកកាយយកអាចម៍ដីចេញពីអណ្ដូងរ៉ែមាសដែលបាក់នោះ ក៏ប៉ុន្តែមិនទាន់មាននរណាម្នាក់ហ៊ានចូលទៅពិនិត្យក្នុងរណ្ដៅ ដើម្បីតាមរកអ្នកបាត់ខ្លួន និងអ្នករងគ្រោះនៅឡើយទេ៖ «ឥឡូវហ្នឹង យើងបានកកាយទៅដល់ចំណុចដែលវាបាក់ខ្ទប់រណ្ដៅនោះហើយ។ ក៏ប៉ុន្តែ មិនទាន់ហ៊ានចូលទៅពិនិត្យទេ ដោយសារតែដីនៅខាងលើចេះតែធ្លាក់។ អ៊ីចឹង កំពុងតែកកាយយកដីចេញសិន»។
ចំណែកអធិការនគរបាលស្រុករវៀង លោក សាយ ដេត បានមានប្រសាសន៍ថា ចាប់តាំងតែពីព្រឹកថ្ងៃទី២០ ខែឧសភា រហូតមកដល់ពេលនេះ សមត្ថកិច្ចមានប៉ូលិស កងរាជអាវុធហត្ថ និងមន្ត្រីមួយចំនួនទៀត បានរួមគ្នាជីកកកាយយកអាចម៍ដីចេញពីអណ្ដូងរ៉ែមាសនោះ ដោយមិនឈប់សម្រាកឡើយក្នុងរយៈពេលជាង ២០ម៉ោងមកហើយ៖ «សរុបគ្នាតែម្ដង កងកម្លាំងពិភាក្សាគ្នាធ្វើបណ្ដោយ ឃើញតែប្រហោង។ ឥឡូវ យើងកំពុងតែរកវិធី ដើម្បីកាយរកប្រហោងចូល ពីព្រោះថ្មចេះតែបាក់។ ធ្វើជាប់រហូតហើយ គឺប្រជុំរៀបចំគោលដៅ ទើបតែចប់អំបាញ់មិញ។ អ៊ីចឹងបានហើយ ខ្ញុំជាប់រវល់ ជាប់រៀបចំធ្វើការសម្រេច»។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បានទទួលព័ត៌មានអំពីចំនួនអ្នករងគ្រោះដែលជាប់ខ្លួននៅក្នុងអណ្ដូងរ៉ែមាសនោះថាប៉ុន្មាននាក់ច្បាស់លាស់នៅឡើយទេ។
ប្រភពពីសមត្ថកិច្ចជាច្រើនផ្នែក បានត្រឹមតែដឹងថា មានយុវជនម្នាក់បានបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ដីអណ្ដូងរ៉ែមាសនោះ ក៏ប៉ុន្តែ គេសង្ស័យថា ចំនួនអ្នកជាប់ខ្លួននៅក្នុងអណ្ដូងរ៉ែមាស អាចច្រើនជាងម្នាក់។ មូលហេតុដែលសមត្ថកិច្ចមិនបានទទួលព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកជាប់ខ្លួននៅក្នុងអណ្ដូងរ៉ែមាសនោះ ដោយសារតែក្រុមប្រជាពលរដ្ឋភាគច្រើនដែលចូលទៅរករ៉ែមាសក្នុងតំបន់កើតហេតុ គឺជាជនចំណាកស្រុកមកពីខេត្តផ្សេង ហើយនៅពេលមានហេតុការណ៍កើតឡើង គឺពួកគេអាចគេចវេសមិនចង់ផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ដោយសារតែពួកគេប្រកបរបររករ៉ែមាសខុសច្បាប់។
ប្រភពពីប្រជាពលរដ្ឋនៅភូមិរំដេង បានអះអាងថា អ្នកភូមិរបស់គេម្នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីសង្កត់អណ្ដូងរ៉ែមាសនោះ ក៏ប៉ុន្តែនៅភូមិផ្សេងទៀតមិនទាន់មានគ្រួសារណាមួយចេញមុខអះអាងថា សមាជិកក្នុងគ្រួសាររបស់គេបានរងគ្រោះដោយសារហេតុការណ៍នោះនៅឡើយទេ។
បុរសឈ្មោះ ស៊ី នួន ជាអ្នកភូមិរំដេង បានមានប្រសាសន៍ថា គ្រួសារមួយដែលនៅជិតផ្ទះរបស់គាត់ គឺស្ត្រីឈ្មោះ រ៉ន និងប្តីឈ្មោះ ធី បានបាត់កូនប្រុសម្នាក់ឈ្មោះ ណាត អាយុប្រមាណ ១៧ ទៅ ១៨ឆ្នាំ នៅថ្ងៃដែលមានហេតុការណ៍បាក់ដីអណ្ដូងរ៉ែមាសនោះ៖ «សាក្សីឃើញផ្ទាល់ភ្នែកថា នៅក្នុងរូងហ្នឹងឯង ជាមួយគ្នា រត់ចេញជាមួយគ្នា ប៉ុន្តែរត់អត់ទាន់ ឯអាមួយនោះរត់ទាន់»។
សមត្ថកិច្ច និងអាជ្ញាធរខេត្តព្រះវិហារ បានត្រឹមតែដឹងដូចគ្នាថា អណ្ដូងរ៉ែមាសដែលបាក់ដីសង្កត់ គឺជារណ្ដៅដែលគេជីកលុងដីនៅពីក្រោមភ្នំ ដែលមានប្រវែងប្រហែលពី ៥០ ទៅ ៦០ម៉ែត្រ ក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងឱ្យប្រាកដថា អណ្ដូងរ៉ែមាសនោះត្រូវបានគេជីកតាំងពីជំនាន់ណាប្រាកដឡើយ។
ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តព្រះវិហារ លោក គង់ មករា បានមានប្រសាសន៍ថា អណ្ដូងរ៉ែមាសនោះជម្រៅមិនជ្រៅទេ ប៉ុន្តែវាមានប្រវែងវែង។ លោកបានបញ្ជាក់ថា លោកមិនដឹងច្បាស់ពីប្រវត្តិអណ្ដូងរ៉ែមាសនោះទេ ដោយសាររូបលោកទើបតែមកកាន់តួនាទីនៅខេត្តនេះប្រហែល ២ឆ្នាំ ក៏ប៉ុន្តែលោកធ្លាប់បានចូលទៅបង្ក្រាបសកម្មភាពជីករករ៉ែមាសខុសច្បាប់នៅតំបន់នោះ កាលពីអំឡុងខែកញ្ញា-វិច្ឆិកា ឆ្នាំ២០១២ គឺលោកបានឃើញអណ្ដូងរ៉ែមាសនោះរួចទៅហើយ។ លោក គង់ មករា បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនតែងលួចចូលទៅរែងរ៉ែមាសនៅក្នុងអណ្ដូងនោះជាញឹកញាប់ បើទោះបីជាលោកធ្លាប់ហាមឃាត់ និងបានដាក់កម្លាំងសន្តិសុខឱ្យប្រចាំការនៅទីនោះក៏ដោយ។
លោក គង់ មករា៖ «រណ្ដៅនេះជារណ្ដៅវែង ដូចត្រង់សេអ៊ីចឹង គេលុងនៅតាមក្រោមភ្នំហ្នឹង ពេលចូលទៅផ្លូវតែមួយ ប៉ុន្តែពេលចូលទៅក្នុងទៅ វាមានផ្លូវបែកខ្ញែកដូចម្រាមដៃអ៊ីចឹង រូងផ្សេងៗគ្នា ធ្វើរណ្ដៅហ្នឹងបានទាល់តែយើងមានចំរឹងឈើ ឬក៏ដែកសម្រាប់ទ្រទល់កុំឱ្យវាបាក់ វាយការពារវាទាំងជញ្ជាំងទាំងដំបូល។ ឥឡូវយើងកំពុងសហការជាមួយកម្លាំងអាជ្ញាធរដែនដី កម្លាំងខេត្ត កម្លាំងប្រដាប់អាវុធទាំងបី ហើយខាងក្រុមហ៊ុន ខាងមន្ទីរខ្ញុំទៅជួយសង្គ្រោះ យើងជីកហើយ វាឃើញរន្ធឃើញអីហើយ ក៏ប៉ុន្តែវាអត់ទាន់ឃើញមនុស្ស»។
ភូមិរំដេង ដែលមានភូមិសាស្ត្រតំបន់ភ្នំ ក្នុងឃុំរមទម្យ ស្រុករវៀង ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រភាគខាងកើតឆៀងខាងត្បូងពីទីរួមខេត្តព្រះវិហារ នោះ គឺមានប្រជាពលរដ្ឋជាច្រើនតែងចូលទៅប្រកបរបររែងរ៉ែមាសជាច្រើនឆ្នាំមកហើយ។ រយៈពេល ២-៣ឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន មានក្រុមហ៊ុនចិន មួយបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជា ដើម្បីរុករករ៉ែមាសនៅក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
