សិក្ខា​សាលា​ពិភាក្សា​ស្ដីពី​សារសំខាន់​នៃ​ការ​ស្រាវជ្រាវ

0:00 / 0:00

សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា រៀបចំ​សិក្ខា​សាលា​ស្ដីពី​ការ​លើក​កម្ពស់​ការ​កសាង​សមត្ថភាព​ស្រាវជ្រាវ និង​ការ​រួម​ចំណែក​របស់​វិស័យ​មួយ​នេះ ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ សិក្ខា​សាលា​ពិភាក្សា​ពី​សារសំខាន់​របស់​ការ​ស្រាវជ្រាវ អំពី​ការ​ប្រឈម​របស់​ការ​ស្រាវជ្រាវ ព្រម​ទាំង​មធ្យោបាយ​ផ្សេងៗ ដើម្បី​កសាង​សមត្ថភាព​ស្រាវជ្រាវ ជាដើម។

សិក្ខា​សាលា​ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ចូលរួម​ដោយ​និស្សិត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​អប់រំ និង​អ្នក​ធ្វើ​ការ​ផ្នែក​ស្រាវជ្រាវ​ប្រមាណ ៤០០​នាក់ មាន​គោល​បំណង​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​រវាង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងរក​មធ្យោបាយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​របស់​យុវជន និស្សិត និង​ជួយ​ពួក​គេ ក្នុង​ការ​វិភាគ​ទៅ​លើ​បញ្ហា​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​តំបន់ ជាពិសេស គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​វប្បធម៌ ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​និស្សិត តាម​រយៈ​ការ​បណ្តុះបណ្តាល និង​កម្មវិធី​អប់រំ​ផ្សេងៗ។

នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក អុំ វុទ្ធដារ៉ា ដែល​ជា​អ្នក​រៀបចំ​សិក្ខា​សាលា​នេះ មាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​និស្សិត ព្រោះ​ថា ការ​ស្រាវជ្រាវ​នេះ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន បន្ថែម​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​សិក្សា​ពី​គ្រូ​នៅ​ក្នុង​ថ្នាក់។ បើ​តាម លោក អុំ វុទ្ធដារ៉ា ការ​ស្រាវជ្រាវ​ពុំ​មាន​ព្រំដែន​ឡើយ។ លោក​ថា វា​គឺ​ជា​ដំណើរ​ស្វែងរក​ព័ត៌មាន ដើម្បី​បង្កើត​នូវ​គំនិត ព្រម​ទាំង​មធ្យោបាយ​ថ្មីៗ​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ ជាដើម។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា ការ​ស្រាវជ្រាវ​ទាមទារ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ប្រឹងប្រែង​របស់​និស្សិត​រៀងៗ​ខ្លួន។

លោក អុំ វុទ្ធដារ៉ា៖ «តាម​ពិត​ទៅ ៤​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ពិបាក​ណាស់​ក្នុង​ការ​ប្រូម៉ូត (promote) ការ​សិក្សា​ស្រាវជ្រាវ​ហ្នឹង ដោយសារ​និស្សិត​នៅ​ប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​កម្ពុជា របស់​យើង​ហ្នឹង គាត់​អត់​ទទួល​ស្គាល់​ថា គាត់​មិន​មែន​មិន​ទទួល​ស្គាល់​ទេ គាត់​មិន​ស្គាល់​ពី​ថា​រ៉ីស្សើច (research) អ៊ីចឹង​ហើយ ដំបូង​យើង​ត្រូវ​ពន្យល់​ប្រាប់​គាត់​ថា អ្វី​ទៅ​ជា​រ៉ីស្សើច? បន្ទាប់​មក យើង​ចាប់​ពន្យល់​គាត់​ពី​សារសំខាន់​នៃ​ការ​ទទួល​រ៉ីស្សើច​នោះ បន្ទាប់​មក​យើង​ចាប់​ផ្ដើម​ឌីវើឡូប ស្គីល (develop skill) របស់​គាត់ ដើម្បី​ឲ្យ​គាត់​យក​ចំណេះ​ដឹង​ដែល​គាត់​បាន​រៀន​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ ទៅ​បង្កើត​ចំណេះ​ដឹង​ថ្មីៗ​នោះ អ៊ីចឹង​កាល​ណា​គាត់​មាន​ចំណេះ​ដឹង​ផ្នែក​រ៉ីស្សើច​ហើយ គាត់​អាច​វិភាគទាន​ទៅ​លើ​ចំណេះ​ដឹង​ផ្សេងៗ​ទៀត​នោះ​ឯង»

ជា​ការ​ពិត​ណាស់ យុវជន និង​និស្សិត​នៅ​កម្ពុជា ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ឡើយ។ នេះ​ប្រហែល​ជា​ពួក​គេ​គិត​ថា ការ​ស្រាវជ្រាវ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ស្មុគស្មាញ ខាត​បង់​ពេល​វេលា ឬ​ថវិកា​ផ្ទាល់​ខ្លួន​ទៀត​ផង។ ម្យ៉ាង​ទៀត ភាព​លំបាក​ក្នុង​ការ​ទទួល​នូវ​ព័ត៌មាន​ពី​ប្រភព​ខាង​ក្រៅ និង​ការ​ខ្វះខាត​បណ្ដាញ​ប្រភព ក៏​អាច​ជា​មូលហេតុ មិន​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ។ មួយ​វិញ​ទៀត ជំងឺ​ខ្លាច ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​ទៅ​ខុស ខ្លាច​ខ្លួន​ឯង​ធ្វើ​ទៅ​មិន​កើត មិន​ល្អ​ដូច​អ្នក​ដទៃ ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​មើល​ឃើញ​ជាទូទៅ​នោះ មិន​ថា​ការ​ស្រាវជ្រាវ​នោះ​ទេ សូម្បី​តែ​ការ​អាន​សៀវភៅ ក៏​យុវជន​ខ្មែរ​ពុំ​សូវ​មាន​ទម្លាប់​អាន​ដូច​យុវជន​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ដែរ។ ជា​ការ​កត់​សម្គាល់ យុវជន​បរទេស​ភាគ​ច្រើន ដាក់​សៀវភៅ​តាម​ខ្លួន ហើយ​ឲ្យ​តែ​មាន​ឱកាស​ទំនេរ គឺ​គេ​ចាប់​ផ្តើម​អាន​តែ​ម្តង មិន​ថា​ពួក​គេ​នៅ​តាម​ទី​សាធារណៈ នៅ​តាម​សួនច្បារ ឬ​នៅ​លើ​រថយន្ត​ក្រុង​ឡើយ។

យុវជន ម៉ន សុខនី និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ទីផ្សារ​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ឬ​ហៅ​កាត់​ជា​ភាសា​បារាំង ថា ប៉េ.អែស.អើ (PSE) ដែល​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្រាវជ្រាវ​ដែរ​នោះ ឲ្យ​ដឹង​ថា ពី​មុន​មក លោក​ចាប់​អារម្មណ៍​តិចតួច​ពី​ការ​ស្រាវជ្រាវ​នេះ ប៉ុន្តែ​លោក​ថា បន្ទាប់​ពី​បាន​ចូលរួម​ស្តាប់​ការ​ណែនាំ និង​គំនិត​ល្អៗ​របស់​វាគ្មិន​ក្នុង​សិក្ខា​សាលា វា​ធ្វើ​ឲ្យ​លោក​រឹត​តែ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ស្រាវជ្រាវ​ច្រើន​ជាង​មុន។ តែ​ទោះ​ជា​យ៉ាង​ណា យុវជន​រូប​នេះ​ថា បើ​ទោះ​ជា​លោក​មាន​ចំណាប់​អារម្មណ៍​ច្រើន​ជាង​មុន​ក្តី ប៉ុន្តែ​បញ្ហា​ភាសា​អាច​ជា​ឧបសគ្គ​សម្រាប់​លោក​ក្នុង​ការ​ស្រាវជ្រាវ។

យុវជន ម៉ន សុខនី៖ «ថ្ងៃ​នេះ​ខ្ញុំ​បាន​សិក្សា​អំពី​របៀប​នៃ​ការ​រ៉ីស្សើច គេ​ឲ្យ​យើង​ចេះ​ស្វែង​យល់​ពី​ការ​ស្រាវជ្រាវ ពី​អ្វី​ដែល​យើង​ចង់​ដឹង​ពី​មុន ហើយ​ពី​អ្វី​ដែល​យើង​មិន​ដែល​ដឹង​ពី​មុន​មក​រឿង​ហ្នឹង ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់ ប្រសិន​ជា​គ្មាន​ការ​រ៉ីស្សើច យើង​ក៏​អត់​ដឹង​នូវ​អ្វី​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​មុន តែ​នៅ​ពេល​ដែល​យើង​បាន​រ៉ីស្សើច​ទៅ គឺ​អ្វី​ដែល​យើង​មិន​ធ្លាប់​ដឹង គឺ​យើង​បាន​ដឹង»

សិក្ខា​សាលា​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​សមត្ថភាព​ស្រាវជ្រាវ​របស់​យុវជន និង​និស្សិត វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ស្ថាប័ន​អប់រំ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល ជាពិសេស គឺ​ការ​ចង់​ដឹង​ចង់​យល់ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​និស្សិត​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។