អ្នក​ជំនាញ​ណែនាំ​សិស្ស​បាក់​ឌុប​ឲ្យ​ចេះ​រើស​ជំនាញ​រៀន​ចិញ្ចឹម​ជីវិត

0:00 / 0:00

កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​អប់រំ ក្នុង​ឆ្នាំ​២០១៤ លឿន​ពេក បណ្ដាល​ឲ្យ​សិស្ស​ជិត ៧​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប។

បញ្ហា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ទាំងអស់ ដែល​ប្រឡង​ជាប់ និង​ធ្លាក់ ត្រូវ​តែ​បន្ត​រៀន​យក​ជំនាញ​កុំ​បោះ​បង់​ការ​រៀន​សូត្រ។ ក្នុង​ការ​រៀន​មុខ​ជំនាញ​នោះ សុំ​កុំ​រៀន​តាម​គ្នា​លើ​មុខ​វិជ្ជា​តែ​មួយ ពីព្រោះ​ទីផ្សារ​ការងារ​មាន​កំណត់។

សិស្ស​ជាប់ និង​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៤ ប្រមាណ ២០០​នាក់ ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដើម្បី​ស្តាប់​អ្នក​មាន​បទពិសោធន៍​ការងារ ណែនាំ​ឲ្យ​ចេះ​រៀបចំ​ជីវិត បន្ទាប់​ពី​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ។

នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន លោក កឹម អឿន មាន​ប្រសាសន៍​ថា អ្នក​ជាប់ និង​ធ្លាក់​សញ្ញាបត្រ​បាក់​ឌុប ត្រូវ​តែ​ចេះ​រើស​យក​ជំនាញ​តាម​សមត្ថភាព​ពី​កំណើត ដើម្បី​រៀន​បន្ត​យក​ជា​អាជីព នោះ​វា​អាច​ឲ្យ​យុវជន​ឈាន​ទៅ​រក​ការ​ប្រកប​ការងារ​មាន​ប្រសិទ្ធភាព៖ «នៅ​ពេល​ដែល​គាត់​ចាប់​មុខ​វិជ្ជា​ជំនាញ​មួយ​ណា​ហើយ គាត់​ហាក់​បី​ដូច​មាន​ការ​ងាក​រេ នៅ​ពេល​ដែល​ទៅ​មុខ​ទៀត។ ហេតុ​ហ្នឹង​ហើយ ដែល​នាំ​ឲ្យ​គាត់​បោះ​ចោល ហើយ​មាន​ការ​ចែក​រំលែក​ដែរ​ថា មិន​មាន​ការ​ជ្រើស​រើស​ណា​មួយ​ដែល​ខុស ឬ​ក៏​ត្រូវ​ទេ ពីព្រោះ​យើង​ថា​នៅ​បច្ចុប្បន្ន​នេះ អ្នក​ដែល​រៀន​មិន​ពូកែ ក៏​ក្លាយ​ទៅ​ជា​អ្នក​ដែល​ដឹក​នាំ​ក្រុមហ៊ុន អ្នក​រើស​មុខ​វិជ្ជា​ប្រវត្តិវិទ្យា ភូមិវិទ្យា ក៏​ក្លាយ​ទៅ​ជា​រដ្ឋមន្ត្រី ឬ​ក៏​អ្នក​មុខ​អ្នក​ការ​ដែរ»

ថ្លែង​លើក​ទឹក​ចិត្ត​សិស្ស​ដែល​មិន​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប លោក ឌិន សុមេធារិទ្ធ អគ្គនាយក និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ហ្វ្រាំងជីផានី វីឡា ហូតែល (Frangipani villa Hotel) ថ្លែង​ថា សិស្ស​ប្រឡង​ធ្លាក់​ទាំងអស់​កុំ​បាក់​ទឹក​ចិត្ត សូម​ទៅ​ប្រឡង​លើក​ទី​២​ឲ្យ​បាន​ជាប់​ទាំងអស់​គ្នា។ ប្រសិន​បើ​មិន​ជាប់ ក៏​អាច​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​បាន​ដែរ ហើយ​ត្រូវ​ចេះ​ជ្រើស​រើស​យក​ជំនាញ​ដែល​ត្រូវ​ចំណង់​ចំណូល​ចិត្ត។ លោក​ថា អ្នក​កំពុង​មាន​ឋានៈ​ក្នុង​ការងារ មាន​អ្នក​ខ្លះ​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​ទេ តែ​គេ​មាន​ជំនាញ​ធ្វើ​ការ​ច្បាស់​លាស់ គេ​អាច​រក​ចំណូល​បាន​ច្រើន​ក្លាយ​ជា​ឧកញ៉ា ឬ​ថៅកែ។ លោក​លួងលោម​សិស្ស​បន្ត​ថា បន្ទាប់​ពី​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត ហើយ​អ្នក​នោះ​ចាំបាច់​ត្រូវ​តែ​ទៅ​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុប​ឲ្យ​បាន ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់៖ «ប៉ុន្តែ​ខាង​ខ្ញុំ ភាគ​ច្រើន​ខ្ញុំ​ទទួល​អ្នក​ជំនាញ អ៊ីចឹង​យើង​អត់​ទៅ​លើ​សញ្ញាបត្រ​ជា​ធំ​ទេ គឺ​ទៅ​លើ​ជំនាញ​ដែល​មាន​ឱកាស ក៏ប៉ុន្តែ​តាម​បទពិសោធន៍​របស់​ខ្ញុំ អ្នក​ដែល​អត់​មាន​សញ្ញាបត្រ​បាក់​ឌុប គាត់​ទៅ​ធ្វើ​ការ ក៏​គាត់​មិន​សូវ​ជា​ឡើង​ឋានៈ»

ពួក​គាត់​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ចំពោះ​មុខ​សិស្ស​ច្រើន​នាក់​ដែល​ប្រឡង​ជាប់ និង​ធ្លាក់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៤ នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​យុវជន ការ​អប់រំ និង​ការងារ ក្រោម​ប្រធានបទ «ការ​រៀបចំ​ជីវិត បន្ទាប់​ពី​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វិទ្យាល័យ​ទួល​ទំពូង។

សិស្ស​ជាប់​និទ្ទេស​ប៊ី (B) រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង ឈ្មោះ អាន ម៉េងហុង ឲ្យ​ដឹង​ថា គាត់​ជាប់​នេះ​ដោយសារ​គាត់​ចេះ​វិទ្យាសាស្ត្រ​ពិត។ យុវជន​ថា គាត់​រំពឹង​ពី​តូច​មក​ថា នឹង​បាន​ធ្វើ​មន្ត្រី​សុខាភិបាល។ ឥឡូវ គាត់​ប្រឡង​ជាប់​ហើយ គាត់​នឹង​ចាប់​រៀន​មុខ​វិជ្ជា​វេជ្ជសាស្ត្រ​នៅ​សកលវិទ្យាល័យ៖ «មូលហេតុ​ទី​១ គឺ​សមត្ថភាព​ពី​កំណើត​របស់​ខ្ញុំ ខ្ញុំ​ពូកែ​ទៅ​លើ​មុខ​វិជ្ជា​ដែល​ត្រូវ​នឹង​ថ្នាក់​វេជ្ជសាស្ត្រ។ ទី​២ គឺ​ខ្ញុំ​មើល​ទៅ​លើ​ទីផ្សារ​ការងារ ដែល​វិស័យ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន​ខ្លាំងក្លា ពីព្រោះ​តែ​កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ»

សិស្ស​ជាប់​និទ្ទេស​ស៊ី (C) រៀន​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី កញ្ញា ហ៊ាង សុជាតា ឲ្យ​ដឹង​ថា ការ​បង្ហាញ​របស់​អ្នក​មាន​បទពិសោធន៍​ការងារ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​ឯកជន សុទ្ធ​តែ​បង្ហាញ​ពី​ទីផ្សារ​ដែល​កំពុង​ខ្វះ​ធនធាន​មនុស្ស​ទាំង​ស្រុង ដើម្បី​ឲ្យ​អ្នក​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ គួរ​ចាប់​មុខ​វិជ្ជា​រៀន។ កញ្ញា​បន្ត​ថា គោល​បំណង​គាត់​ផ្ទាល់​ដែល​ចង់​រៀន​បន្ត​នៅ​មហាវិទ្យាល័យ គឺ​យក​ជំនាញ​ផ្នែក​រចនា​ម៉ូដ​សម្លៀកបំពាក់៖ «ខ្ញុំ​ចង់​ឲ្យ​នៅ​ស្រុក​ខ្មែរ​យើង វា​ដុះ​ដាល​លើ​គ្រប់​វិស័យ មិន​មែន​តែ​ផ្នែក​អ្វី​មួយ ឬ​ក៏​ផ្នែក​តូចតាច​ណា​មួយ គឺ​ខ្ញុំ​ចង់​បាន​ឲ្យ​គ្រប់​វិស័យ អ៊ីចឹង​ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​រៀន​រចនា​ម៉ូដ​សម្លៀកបំពាក់​ហ្នឹង ដើម្បី​អភិវឌ្ឍ​ជាតិ»

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​សីហា កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប ធ្វើ​ឲ្យ​សិស្ស​ជាង ៧៤% បាន​ធ្លាក់។

ក្រោយ​ការ​ប្រកាស​លទ្ធផល​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​៣០ ខែ​សីហា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រឡង​ធ្លាក់​ជិត ៧​ម៉ឺន​នាក់ អាច​ប្រឡង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។