សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម រៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី២២ សីហា ស្ដីពីរបៀបការពារធនធានធម្មជាតិ ដែលផ្តល់ឱកាសឱ្យបណ្ដាញប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់ ឱ្យអាជ្ញាធរបានដឹងបានឮ។ ក្នុងពេលនោះដែរ មន្ត្រីជំនាញ និងអាជ្ញាធរសន្យាថា ដោះស្រាយបញ្ហាមួយចំនួនរបស់ពលរដ្ឋ។
ក្រោយពីមានកិច្ចពិភាក្សារយៈពេលមួយព្រឹក រវាងបណ្ដាប្រជាសហគមន៍ដែលមានបញ្ហា មកពីតំបន់ផ្សេងៗនៅក្នុងខេត្តកំពង់ចាម និងតំបន់ខ្លះក្នុងខេត្តត្បូងឃ្មុំ នៅក្នុងសិក្ខាសាលារបស់សមាគមអាដហុក គឺអាចធ្វើឱ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ យល់ដឹងពីតម្រូវការរបស់ពួកគាត់។ ក្រៅពីនេះ អាជ្ញាធរក៏បានសន្យាដោះស្រាយនូវបញ្ហាមួយចំនួនរបស់ពលរដ្ឋ និងពន្យល់ណែនាំពីនីតិវិធីបន្ថែមទៀត ដើម្បីឱ្យពួកគាត់អាចការពារសម្បត្តិធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ក្នុងសិក្ខាសាលានោះ ក៏មានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីជំនាញ ដូចជា ខាងមន្ត្រីជលផល មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដី និងសមត្ថកិច្ចខេត្តកំពង់ចាម ជាដើម។ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានស្វែងយល់ពីតម្រូវការដែលប្រជាពលរដ្ឋចង់បាន។ លើសពីនេះទៀត ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ ក៏បានកំណត់នូវអនុសាសន៍ផ្សេងៗជាច្រើន ជុំវិញបញ្ហាប្រឈម និងវិធីការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
ដោយឡែកអនុសាសន៍ចុងក្រោយរបស់អភិបាលរងខេត្តកំពង់ចាម លោក ជឹម លាវ មានប្រសាសន៍ថា ដើម្បីឱ្យធនធានធម្មជាតិទាំងអស់អាចនៅគង់វង្ស គឺទាល់តែមានការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរ និងប្រជាសហគមន៍៖ «ពិសេស ខ្ញុំគ្រាន់តែជម្រាបអំបាញ់មិញថា យើងធ្វើៗទាំងអស់គ្នាត្រូវប្រើកម្លាំងសរុបរវាងកម្លាំងរដ្ឋអំណាច និងប្រជាសហគមន៍។ រវាងស្ថាប័នជំនាញ និងប្រជាសហគមន៍ គឺធ្វើទាំងអស់គ្នាបានៗ»។
ចំណែកពលរដ្ឋម្នាក់មកពីសហគមន៍នេសាទបឹងធំ ស្រុកព្រៃឈរ លោក រ៉េន រ៉ាន់ បានលើកឡើងពីបញ្ហានេសាទដែលពួកគាត់បានជួបប្រទះថា កន្លងមកបទល្មើសនេសាទនៅតំបន់ដែលលោករស់នៅ គឺកើតមានជាហូរហែ ពិសេសគឺការប្រើប្រាស់ស្បៃមុងក្រឡាញឹក ដើម្បីយកកូនត្រីតូចៗទៅធ្វើចំណីត្រីឆ្ដោរ។ លោកយល់ថា បើគ្មានការចិញ្ចឹមត្រីឆ្ដោរ ក៏គ្មានការនេសាទយកកូនត្រីតូចៗដែរ។ លោកបន្តថា កន្លងមកប្រជាពលរដ្ឋដែលមានទឹកចិត្តចូលរួមបង្ក្រាបបទល្មើសនេសាទជាមួយអាជ្ញាធរ តែងត្រូវបានគំរាមកំហែង ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីសំណាក់ជនល្មើស ប៉ុន្តែសមត្ថកិច្ចនៅតែមិនទាន់ចាត់វិធានការចំពោះជនល្មើសទាំងនោះទេ ដែលធ្វើឱ្យពួកគាត់មានការបារម្ភ និងស្ទើរតែមិនហ៊ានចេញមុខបង្ក្រាបទៀតផង។ អាជ្ញាធរខេត្តក៏បានបញ្ជាក់ថា បញ្ហានេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីរកជនល្មើសទាំងនោះ ធ្វើយ៉ាងម៉េចឱ្យពលរដ្ឋអាចបំពេញការងាររបស់ខ្លួនដោយគ្មានការបារម្ភ។
ប្រធានផ្នែកដីធ្លីធនធានធម្មជាតិ និងសាលាក្តីខ្មែរក្រហម លោក ឡាត់ គី មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការរៀបចំសិក្ខាសាលាឡើង គឺដើម្បីឱ្យមន្ត្រី និងរាស្ត្រ មានឱកាសជជែកពិភាក្សាគ្នាលើរាល់បញ្ហាដែលកើតមានឡើង។ លោកបន្តថា នៅពេលរាស្ត្រ និងមន្ត្រីយល់ពីបញ្ហាគ្នាទៅវិញទៅមក គឺវាងាយស្រួលក្នុងការរកចំណុចរួមសម្រាប់ដោះស្រាយរាល់បញ្ហាទាំងនោះ៖ «ពីព្រោះថា ច្បាប់ក៏មានចែង ហើយសមត្ថកិច្ចក៏មានសមត្ថភាព ហេតុអ្វីបានជាបទល្មើសនេសាទនៅតែបន្តកើតមាន ហើយនិងព្រៃលិចទឹកក្លាយជាទ្រព្យសម្បត្តិឯកជន? អ៊ីចឹងជាចំណុចមួយដែលយើងត្រូវជជែកគ្នាជាមួយអាជ្ញាធរជំនាញមានសមត្ថកិច្ច ដើម្បីឱ្យមានជាអនុសាសន៍រួម ហើយឱ្យមានការប្ដេជ្ញាចិត្តពិតប្រាកដមួយ ដែលដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ»។
លោកបញ្ជាក់ថា ដើម្បីការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមទាំងអស់គ្នា ពិសេសពលរដ្ឋដែលមានបញ្ហាទាំងនោះ ត្រូវប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ហើយបើស្ថាប័នពាក់ព័ន្ធមិនអាចដោះស្រាយបាន នោះគឺចុងក្រោយត្រូវសុំកិច្ចអន្តរាគមន៍ពីតុលាការតែប៉ុណ្ណោះ។ លោកបន្ថែមថា បញ្ហាធនធានធម្មជាតិ គឺជាបញ្ហាដ៏សំខាន់របស់មនុស្សទូទៅ ហើយសមាគមអាដហុក គឺមានទិសដៅចង់ឱ្យធនធានទាំងនេះអាចធានាបាននូវនិរន្តរភាព ដោយមិនចង់ឃើញនូវភាពវិនាសនៃធនធានធម្មជាតិឡើយ និងរឹតតែមិនចង់ឃើញទៅទៀតនោះ គឺនៅពេលធនធានធម្មជាតិទាំងឡាយក្លាយទៅជាសម្បត្តិបុគ្គល ឬមនុស្សមួយក្រុម ពិសេសអ្នកមានលុយ ឬអ្នកមានអំណាច ដែលអាចធ្វើប៉ះពាល់ដល់ពលរដ្ឋដែលអាស្រ័យផល និងធ្វើឱ្យគម្លាតជីវភាពរស់នៅរបស់ពលរដ្ឋដែលទទួលផលពីសម្បត្តិធម្មជាតិទាំងនោះកាន់តែធ្លាក់ចុះទៅៗមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
