ធនាគារ​ពិភពលោក​ក្រើន​រំឭក​កម្ពុជា​ពី​បញ្ហា​ទីផ្សារ​ការងារ​សម្រាប់​យុវជន

0:00 / 0:00

ធនាគារ​ពិភពលោក (World Bank) ក្រើន​រំឭក​ដល់​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា ផង ឲ្យ​កែប្រែ​គោល​នយោបាយ ដើម្បី​លើក​កម្ពស់​ភាព​មាន​ការងារ​សម្រាប់​យុវជន។

ការ​អនុវត្ត​មិន​បាន​ល្អ បាន​ជំរុញ​ឲ្យ​យុវជន​ជាច្រើន​នាក់​ទទួល​បាន​ការងារ​ដោយ​គ្មាន​ការ​គាំពារ ការងារ​មិន​ផ្លូវ​ការ ឬ​គ្មាន​ការងារ​ធ្វើ។ ជាក់ស្ដែង កម្ពុជា មាន​អត្រា ៨០% ដែល​ចាត់​ទុក​ថា គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​ធនធាន​យុវជន​កម្ពុជា ដែល​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​រៀង​រាល់​ឆ្នាំ។

ភាព​គ្មាន​ការងារ​ធ្វើ​ជា​បញ្ហា​រសើប​ខ្លាំង ដែល​ប្រទេស​មួយ​ចំនួន​មិន​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។ ការ​លាក់​ទុក​ដោយ​គ្មាន​ចាត់​វិធាន​ការ​ដោយ​សមស្រប​នោះ នឹង​បង្ក​ជា​អសន្តិសុខ​ប៉ះពាល់​ដល់​សង្គម​នា​ពេល​អនាគត ដោយសារ​តែ​ភាព​គ្មាន​ការងារ​ធ្វើ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ឧសភា រក​ឃើញ​ថា ប្រទេស​មួយ​ចំនួន​កំពុង​អនុវត្ត​គោល​នយោបាយ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​មាន​ប្រសិទ្ធភាព មាន​ន័យ​ថា អត្រា​យុវជន​ដែល​ចូល​ទៅ​ទីផ្សារ​កាន់​តែ​ច្រើន ស្រប​ពេល​ពេល​គោល​នយោបាយ​បង្កើត​ការងារ​មាន​តិចតួច។

របាយការណ៍​របស់​ធនាគារ​ពិភពលោក ដែល​មាន​ចំណង​ជើង​ថា អត្រា​មាន​ការងារ​ធ្វើ​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ការងារ សហគ្រាស និង​សុខុមាលភាព គូស​បញ្ជាក់​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច គឺ​ជា​ជោគជ័យ​មួយ​ក្នុង​ការ​បង្កើត​ការងារ ប៉ុន្តែ​ប្រទេស​នានា​បច្ចុប្បន្ន ត្រូវ​អនុម័ត​គោល​នយោបាយ​ការពារ​សង្គម ដើម្បី​បង្កើត​ការងារ​ដល់​កម្មករ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក ដែល​ចូល​រួម​សរសេរ​របាយការណ៍​នេះ លោក ទ្រូមែន ផេកខាដ (Truman Packard) មាន​ប្រសាសន៍​ថា គោល​នយោបាយ​ឧស្សាហកម្ម​ពី​លើ​ចុះ​ក្រោម ឬ​មាន​ន័យ​ថា ការ​ទាក់ទាញ​ឧស្សាហកម្ម​ធំ​ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រោម មាន​និរន្តរភាព​តិចតួច​នៅ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន ដោយសារ​ឧស្សាហកម្ម​នេះ​ពឹង​ខ្លាំង​លើ​មូលដ្ឋាន​ច្បាប់ ដើម្បី​ភាព​រីក​ចម្រើន។

អ្នក​សេដ្ឋកិច្ច​គូស​បញ្ជាក់​ថា ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ផ្ទុយ​គ្នា​នេះ ធ្វើ​ការ​តម្រូវ​ការ​ទីផ្សារ​ការងារ​មិន​ស៊ី​ចង្វាក់​នឹង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។ គោល​នយោបាយ​នោះ​បាន​ផ្ដោត​ស្ទើរ​តែ​ស្រុង​លើ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ធំៗ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ជឿ​ជាក់​ថា អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែ គោល​នយោបាយ​នេះ​មិន​អាច​បង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ​ឡើយ សម្រាប់​យុវជន​កម្ពុជា ដែល​កំពុង​ហូរ​ចូល​ទីផ្សារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ប៉ុន្តែ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ កាល​ពី​ដើម​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ភាព​គ្មាន​ការងារ​ធ្វើ​សម្រាប់​យុវជន​កម្ពុជា មាន​អត្រា ០.៣% ដែល​ជា​អត្រា​ទាប​បំផុត​បើ​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។

បញ្ហា​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា បាន​បដិសេធ​ចំពោះ​ការ​រក​ឃើញ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ នេះ៖ «ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស​ធ្វើ​ការ​ហ្នឹង​ចាត់​ទុក​ថា មាន​ការងារ​ធ្វើ ខ្ញុំ​គិត​ថា មិន​មែន​ជា​និយមន័យ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់។ ពេល​ដែល​មនុស្ស​មាន​ការងារ​ធ្វើ​ហ្នឹង​ស្ថានភាព​នៃ​ការ​រស់​នៅ ជីវភាព​របស់​គាត់ ជីវិត​របស់​គាត់​បែប​ម៉េច អា​ហ្នឹង​គឺ​ជា​រឿង​ដែល​គួរ​តែ​មើល។ ហើយ​បើ​មើល​នៅ​ក្នុង​កម្រិត​នៃ​ការ​រស់​នៅ និង​ជីវភាព​រស់​នៅ​វិញ យើង​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ខ្ញុំ​មិន​ឯកភាព​ចំពោះ​តួលេខ ០,៣ អ្នក​ដែល​អត់​ការងារ​ធ្វើ​ទេ ព្រោះ​យើង​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​អ្នក​ដែល​មាន​ការងារ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន​មែន​ទែន»

តាម​ការ​ស្រាវជ្រាវ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​បង្ហាញ​ថា មាន​យុវជន​ប្រមាណ ២០% ប៉ុណ្ណោះ បាន​ទទួល​ការងារ​ធ្វើ នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ។ អ្នក​ដែល​ទទួល​បាន​ការងារ​នោះ បាន​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ខែ​ក្នុង​ការ​រក​ការងារ​ធ្វើ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មាន​វិធី​បី​យ៉ាង​ដើម្បី​គណនា​អត្រា​ភាព​មាន​ការងារ។ ទី​មួយ ភាព​មាន​ការ​ធ្វើ​ពេញលេញ (Full Employment) ដែល​សំដៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​មាន​ពេល​វេលា​ធ្វើ​ការ​ចំនួន ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ ៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍។ ទី​ពីរ ភាព​មាន​ការងារ​ធ្វើ​មិន​ពេញលេញ (Under Employment) ដែល​សំដៅ​លើ​អ្នក​ដែល​ធ្វើ​ការងារ​តិច​ជាង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ទី​បី ភាព​គ្មាន​ការងារ​ធ្វើ (Unemployment)។

តាម​ការ​ប៉ាន់ស្មាន​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​នានា បង្ហាញ​ថា កម្លាំង​យុវជន​កម្ពុជា ដែល​ពេញ​កម្លាំង​ចូល​ក្នុង​ទីផ្សារ​ពលកម្ម​មាន​ចំនួន​យ៉ាង​ហោច​ណាស់ ៣០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ រីឯ​ការ​បង្កើត​ការងារ​ថ្មី​រៀង​រាល់​ឆ្នាំ​មាន​ចំនួន​តែ ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។ តួលេខ​នេះ រៀង​រាល់​ឆ្នាំ​យុវជន​កម្ពុជា ប្រមាណ ៨០% ធ្លាក់​ចូល​ទៅ​ក្នុង​ចំនួន​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។