កម្មករ​រោងចក្រ​ស៊ីងតាយ​នៅ​ទឹក​ថ្លា​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​រឿង​លក្ខខណ្ឌ​ការងារ

កម្មករ​រោងចក្រ ស៊ីងតាយ ហ្គាម៊ិន ខេមបូឌា (Xing Tai Garment Cambodia) ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ប្រមាណ ១០០​នាក់ តំណាង​ឲ្យ​កម្មករ ៨០០​នាក់ ដែល​មិន​ចូល​ធ្វើ​ការ នាំ​គ្នា​ដើរ​ជា​ក្បួន​មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្វែងរក​អន្តរាគមន៍​លើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​ថៅកែ​រោងចក្រ​មិន​ព្រម​ដោះស្រាយ។

លក្ខខណ្ឌ​ដែល​ក្រុម​កម្មករ​ទាមទារ​ពី​ភាគី​រោងចក្រ គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ថ្លៃ​បាយ​បន្ថែម​ម៉ោង​ពេល​ល្ងាច​មួយ​ម៉ោង ២​ពាន់​រៀល ថ្លៃ​បាយ​ថ្ងៃ​ត្រង់​មួយ​ថ្ងៃ ៤​ពាន់​រៀល និង​ផ្តល់​ប្រាក់ ៥% ដែល​ក្រុមហ៊ុន​មិន​ទាន់​ទូទាត់​ឲ្យ​កម្មករ រួម​និង​ថ្លៃ​ធ្វើ​ដំណើរ ឬ​ការ​ស្នាក់នៅ​បន្ថែម ១០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ខែ។

បន្ទាប់​ចូល​ជួប​ជាមួយ​មន្ត្រី​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម ប្រធាន​សហព័ន្ធ​សហជីព​លើក​តម្កើង​ជីវភាព​កម្មករ​និយោជិត​ខ្មែរ លោក មុំ សារ៉ន ថ្លែង​ឲ្យ​ដឹង​ថា ក្រសួង​ការងារ នឹង​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ៖ «អ្នក​ខ្លះ​ជួល​ផ្ទះ​វា​ថ្លៃ ដល់​គ្រាន់​តែ​ឮ​ថា​ចង់​ដំឡើង​ប្រាក់​ខែ តម្លៃ​ឡាន​តម្លៃ​ផ្ទះ​អី​ចាប់​ផ្ដើម​ឡើង ធ្វើ​ឲ្យ​បង​ប្អូន​ដោះស្រាយ​អត់​ចេញ​ទេ ជីវភាព​ហ្នឹង ចឹង​មាន​តែ​ទាមទារ​តាម​រយៈ​ម៉ែ​ឪ គឺ​និយោជក​ហ្នឹង សុំ​ឲ្យ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ហ្នឹង​បន្តិចបន្តួច ដើម្បី​ឲ្យ​គាត់​អាច​មាន​លទ្ធភាព​មក​ធ្វើ​ការ​ឲ្យ​គាត់​វិញ»

មន្រ្តី​ដោះស្រាយ​បាតុកម្ម​កូដកម្ម​នៃ​ក្រសួង​ការងារ លោក ឯក សុខជា ដែល​ចេញ​មក​ជួប​កម្មករ មាន​ប្រសាសន៍​ថា លោក​មាន​តួនាទី​ត្រឹម​តែ​ផ្តល់​ព័ត៌មាន​ដល់​កម្មករ និង​រៀបចំ​សំណើ​ទៅ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា រាល់​ការ​ដោះស្រាយ​បញ្ហា​របស់​កម្មករ អាស្រ័យ​ថ្នាក់​លើ​ជា​អ្នក​សម្រេច។

ក្រុម​កម្មករ​អះអាង​ថា បើ​ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ដោះស្រាយ​តាម​គោលការណ៍​ដូច​ដែល​បាន​ស្នើសុំ​ទេ ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​មុខ​រោងចក្រ​ស៊ីងតាយ បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។