កម្មកររោងចក្រ ស៊ីងតាយ ហ្គាម៊ិន ខេមបូឌា (Xing Tai Garment Cambodia) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រមាណ ១០០នាក់ តំណាងឲ្យកម្មករ ៨០០នាក់ ដែលមិនចូលធ្វើការ នាំគ្នាដើរជាក្បួនមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកអន្តរាគមន៍លើលក្ខខណ្ឌការងារមួយចំនួនដែលថៅកែរោងចក្រមិនព្រមដោះស្រាយ។
លក្ខខណ្ឌដែលក្រុមកម្មករទាមទារពីភាគីរោងចក្រ គឺស្នើឲ្យក្រុមហ៊ុនផ្តល់ថ្លៃបាយបន្ថែមម៉ោងពេលល្ងាចមួយម៉ោង ២ពាន់រៀល ថ្លៃបាយថ្ងៃត្រង់មួយថ្ងៃ ៤ពាន់រៀល និងផ្តល់ប្រាក់ ៥% ដែលក្រុមហ៊ុនមិនទាន់ទូទាត់ឲ្យកម្មករ រួមនិងថ្លៃធ្វើដំណើរ ឬការស្នាក់នៅបន្ថែម ១០ដុល្លារសហរដ្ឋអាមេរិកក្នុង១ខែ។
បន្ទាប់ចូលជួបជាមួយមន្ត្រីដោះស្រាយបញ្ហាកូដកម្មបាតុកម្ម ប្រធានសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិតខ្មែរ លោក មុំ សារ៉ន ថ្លែងឲ្យដឹងថា ក្រសួងការងារ នឹងពិភាក្សាជាមួយភាគីក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយជូនកម្មករ៖ «អ្នកខ្លះជួលផ្ទះវាថ្លៃ ដល់គ្រាន់តែឮថាចង់ដំឡើងប្រាក់ខែ តម្លៃឡានតម្លៃផ្ទះអីចាប់ផ្ដើមឡើង ធ្វើឲ្យបងប្អូនដោះស្រាយអត់ចេញទេ ជីវភាពហ្នឹង ចឹងមានតែទាមទារតាមរយៈម៉ែឪ គឺនិយោជកហ្នឹង សុំឲ្យជួយកាត់បន្ថយការចំណាយហ្នឹងបន្តិចបន្តួច ដើម្បីឲ្យគាត់អាចមានលទ្ធភាពមកធ្វើការឲ្យគាត់វិញ»។
មន្រ្តីដោះស្រាយបាតុកម្មកូដកម្មនៃក្រសួងការងារ លោក ឯក សុខជា ដែលចេញមកជួបកម្មករ មានប្រសាសន៍ថា លោកមានតួនាទីត្រឹមតែផ្តល់ព័ត៌មានដល់កម្មករ និងរៀបចំសំណើទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា រាល់ការដោះស្រាយបញ្ហារបស់កម្មករ អាស្រ័យថ្នាក់លើជាអ្នកសម្រេច។
ក្រុមកម្មករអះអាងថា បើភាគីក្រុមហ៊ុននៅតែមិនព្រមដោះស្រាយតាមគោលការណ៍ដូចដែលបានស្នើសុំទេ ពួកគាត់នឹងបន្តការតវ៉ាមុខរោងចក្រស៊ីងតាយ បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
