កម្មកររោងចក្រ ស៊ីង ហ្វាង (Xing Fang) ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ ៤០០នាក់ បានបន្តការតវ៉ាចំនួន ៣ថ្ងៃជាប់គ្នាឲ្យថៅកែគោរពលក្ខខណ្ឌការងារជាង ១០ចំណុច។ ក្នុងអំឡុងពេលនៃការតវ៉ានេះ មានសហជីពមួយចំនួនក្នុងរោងចក្រប្រឆាំងគ្នា ប៉ុន្តែបានបង្ហាញជំហរដូចៗគ្នាថាចង់ការការពារប្រយោជន៍កម្មករ។
ការតវ៉ាឲ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារល្អ បានក្លាយទៅជាទំនាស់សហជីព។ បញ្ហានេះបានរុញច្រានឲ្យថៅកែរោងចក្រមិនព្រមដោះស្រាយចំពោះការទាមទាររបស់កម្មករឡើយ។
អ្នកបកប្រែភាសា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) ប្រចាំរោងចក្រ ស៊ីង ហ្វាង អ្នកស្រី ឆេន សុវណ្ណា បានឲ្យដឹងនៅថ្ងៃទី២០ សីហា ថា បុគ្គលិកសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា ដឹកនាំដោយលោក ហ៊ួយ សម្បត្តិ បានរំខាននិងប្រើអំពើហិង្សាមកលើបុគ្គលិកសម្ព័ន្ធសហជីព ស៊ីខាវឌូ ក្នុងពេលធ្វើកូដកម្ម។
ពួកគាត់យល់ថា សហជីពនេះមិនមានចេតនាជួយការពារប្រយោជន៍ជូនកម្មករឡើយ៖ «តាំងពីដើមមកកម្មករមានបញ្ហា សហជីព ហ៊ួយ សម្បត្តិ អត់ដឹងនៅណាទេ ក្រោយពេលដែលខ្ញុំបង្កើតសហជីពស៊ីខាវឌូ អស់រយៈពេលក្រោយមករហូតដល់ផ្ទុះកូដកម្មមក ទើបសហជីព ហ៊ួយ សម្បត្តិ មកខាងក្រៅស្រែកឡូងៗ លួងកម្មករឲ្យកម្មករផ្ដិតមេដៃឲ្យដើម្បីសុំខ្លួនចូលដោះស្រាយក្នុងរោងចក្រឲ្យ។ ខាងគេហ្នឹងមានអុកឡុក មានជើងកាងជើងកបអីច្រើនដែរ សំដៅមកវាយសហជីពស៊ីខាវឌូ»។
ឆ្លើយតបបញ្ហានេះ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ួយ សម្បត្តិ ថ្លែងថា មន្ត្រីរបស់សហជីព ស៊ីខាវឌូ មានចរិតរើសអើងសហជីពលោកដែលទទួលបានការពឹងពាក់ពីកម្មករតិចជាងសហជីពស៊ីខាវឌូ៖ «ទះដៃមួយមិនឮទេ បើយើងមិនជេរគេ មិនរករឿងគេ មិនដៀមដាមឲ្យគេក៏គ្មាននរណាសុខៗទៅប៉ះពាល់ដៀមដាមយើងវិញដែរ។ ក៏ប៉ុន្តែអានេះគេហៅវប្បធម៌ដណ្ដើមប្រជាប្រិយភាពគ្នា មានហ្អែងអត់អញ ដល់ចឹងទៅវាប៉ះសម្ដីគ្នាហើយ បើយើងមានឆន្ទៈថាចង់ជួយកម្មករយើងបើកបេះដូងសាមគ្គីគ្នា យើងរួបរួមគ្នាទៅមិនថាសហជីពតូចសហជីពធំ សហជីពមុនសហជីពក្រោយទេ គឺយើងឲ្យតែថាកម្មករពឹងពាក់យើងសហការគ្នាទៅ»។
អ្នកស្រី ឆេន សុវណ្ណា បន្តថា ពួកគាត់ទាមទារឲ្យថៅកែរោងចក្រអនុវត្តតាមការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារចំនួន ៩ចំណុច ហើយបន្តដោះស្រាយការទាមទាររបស់កម្មករចំនួន ១០ចំណុចផ្សេងទៀត ដូចជា ស្នើឲ្យគោរពលក្ខខណ្ឌការងារ គោរពសិទ្ធិកម្មករ កុំរើសអើងសហជីព ផ្ដល់លុយបាយថ្ងៃត្រង់ ២ពាន់រៀល ទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរក្នុងមួយខែ ១៥ដុល្លារ និងផ្ដល់ថ្លៃទឹកដោះគោឲ្យស្ត្រីដែលសម្រាលកូនហើយ ២០ដុល្លារក្នុង ១ខែជាដើម។ ប៉ុន្តែការទាមទារនេះមិនមានការឆ្លើយតបពីថៅកែរោងចក្រឡើយ។
អ្នកស្រី ឆេន សុវណ្ណា៖ «ក្រុមហ៊ុន ស៊ីង ហ្វាង មិនគោរពច្បាប់ទេ បានជួលកម្មករស៊ីថ្ងៃដែលគ្មានច្បាប់មកធ្វើការនៅក្នុងហ្នឹងរាប់ឆ្នាំហើយ ពួកខ្ញុំជាកម្មករធ្វើកូដកម្មទាមទារដើម្បីឲ្យរោងចក្រហ្នឹងគោរពលក្ខខណ្ឌការងារថៅកែរោងចក្របាននិយាយថា ធ្វើអីធ្វើទៅសុខចិត្តជួលអ្នកស៊ីម៉ោងចូលឲ្យពេញរោងចក្រមិនឈឺក្បាលទេ។ ចឹងមានន័យថា ក្រុមហ៊ុនមិនរកដំណោះស្រាយឲ្យអ្នកស៊ីខែទេ»។
ក្រុមកម្មករបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ក្រសួងការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានកាត់ឲ្យកម្មករឈ្នះក្ដីចំនួន ៩ចំណុចក្នុងចំណោម ១៤ចំណុចដែលកម្មករបានទាមទារ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាមការដោះស្រាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។