សមាគមសិល្បៈមួយ ដែលមានឈ្មោះថា "ហ្វាពន្លឺសិល្បៈ" កំពុងព្យាយាមជួយដល់យុវជន និងកុមារ ដែលងាយរងគ្រោះជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈសិល្បៈនេះ។
តើការជួយដោយមធ្យោបាយសិល្បៈនោះ បានលទ្ធផលបែបណាខ្លះ?
សមាគម ហ្វាពន្លឺសិល្បៈ ដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង កំពុងដឹកនាំក្រុមអ្នកសិល្បៈវ័យក្មេងជាច្រើន មកសម្ដែងល្ខោនសៀកនៅក្នុងទីរួមខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រហែល ៤ខែមកហើយ។
អ្នកគ្រប់គ្រងរបស់សមាគមសិល្បៈនោះ បានឱ្យដឹងថា ការសម្ដែងល្ខោនសៀកនៅក្នុងខេត្តសៀមរាប គឺក្នុងបំណងផ្សព្វផ្សាយឱ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានយល់ដឹងអំពីសមត្ថភាពនៃល្ខោនសៀកកម្ពុជា និងម្យ៉ាងទៀត ដើម្បីរកចំណូលទៅជួយផ្នែកអប់រំសម្រាប់កុមារងាយរងគ្រោះ និងស្ថានភាពក្រីក្រ។
សហនាយករបស់សមាគម ហ្វាពន្លឺសិល្បៈ គឺលោក ហួត តារា។ លោកបានមានប្រសាសន៍ថា ក្រុមយុវជននៃសមាគម ហ្វាពន្លឺសិល្បៈ របស់លោកបានមកសម្ដែងល្ខោនសៀកនៅក្នុងខេត្តសៀមរាប ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ។ លោក ហួត តារា បានបញ្ជាក់ថា សមាគមកំពុងប្រឹងប្រែងក្នុងការអប់រំ បង្ហាត់បង្រៀនជំនាញដល់កុមារ និងយុវវ័យទាំងអស់ ដោយមិនមានរើសអើង ដើម្បីឱ្យពួកគេមានជំនាញ និងការងារធ្វើសម្រាប់អនាគត។
លោក ហួត តារា៖ «កម្មវិធីនៅសៀមរាប នេះ គឺដើម្បីសម្ដែងជូនភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស អំពីសមត្ថភាពនៃសិល្បៈល្ខោនសៀកកម្ពុជា។ ចំណុចទី២ គឺដើម្បីរកចំណូលជូនសិល្បករ ឱ្យគាត់មានចំណូលសមរម្យ ដើម្បីបន្តអាជីពជាសិល្បកររបស់គាត់បាន ហើយគោលបំណងទី៣ ដើម្បីឱ្យយើងអាចជួយទៅសមាគម ហ្វាពន្លឺសិល្បៈ វិញ ដើម្បីបន្តសកម្មភាពអប់រំសិល្បៈ និងសង្គម និងពង្រីកសកម្មភាពហ្នឹងកាន់តែច្រើន ដើម្បីជួយដល់ក្មេងៗដែលងាយរងគ្រោះ និងមកពីស្ថានភាពពិបាកហ្នឹងឱ្យបានកាន់តែច្រើនជាងមុនទៅទៀត»។
ការសម្ដែងល្ខោនសៀកនៅខេត្តសៀមរាប បានធ្វើឡើងរាល់ពេលរាត្រី ដោយមានអ្នកទេសចរបរទេសចម្រុះជាតិសាសន៍មួយចំនួន នាំគ្នាទិញសំបុត្រចូលទស្សនា។
សំបុត្រដែលគេលក់សម្រាប់អ្នកចូលទស្សនាការសម្ដែងនោះ គឺមនុស្សពេញវ័យជនជាតិបរទេសម្នាក់ ១៥ដុល្លារ និង ៨ដុល្លារសម្រាប់ក្មេង។ ចំណែកជនជាតិខ្មែរវិញ គឺសំបុត្រមួយថ្លៃ ៤ដុល្លារ សម្រាប់មនុស្សធំ និង ២ដុល្លារសម្រាប់ក្មេង។
សិល្បករភាគច្រើនដែលជាអ្នកសម្ដែងល្ខោនសៀកនោះ គឺមានប្រវត្តិចេញមកពីស្ថានភាពគ្រួសារលំបាក និងរស់នៅតាមសហគមន៍ជនបទ ដែលធ្លាប់តែអស់សង្ឃឹមក្នុងជីវិត។
តួកំប្លែងរបស់ល្ខោនសៀកនោះមួយរូប គឺយុវជន នុត សំណាង បានមានប្រសាសន៍ថា គាត់រស់នៅភូមិវត្តរំដួល ឃុំរំដួល ស្រុកបាត់ដំបង។ កាលពីវ័យកុមារ គ្រួសាររបស់គាត់មិនធូរធារទេ។ គាត់បានចូលរៀននៅក្នុងអង្គការមួយ ក៏ប៉ុន្តែដោយសារតែគាត់មិនសូវចេះចាំចំពោះការរៀនអក្សរពីដំបូង គាត់ក៏ចាប់ផ្ដើមទៅរៀនគូរគំនូរ និងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមរៀនលេងល្ខោនសម្ដែង រឿងអប់រំ ហើយចាប់ពីអំឡុងឆ្នាំ២០០៧ គឺលោកបានចាប់ផ្ដើមហាត់សម្ដែងល្ខោនសៀក។
នុត សំ ណាង បានបញ្ជាក់ថា ចាប់តាំងពីគាត់ចេះសម្ដែងល្ខោនសៀក គឺបានធ្វើឱ្យជីវិតរបស់លោកដែលចេះអក្សរតិចតួច មានសង្ឃឹម និងមានឱកាសបានយល់ដឹងអំពីពិភពលោកជាច្រើនទៀត តាមរយៈការចេញទៅសម្ដែងសិល្បៈ៖ «ក្រុមគ្រួសារខ្ញុំរកតែពូខ្ញុំម្នាក់ ហើយម៉ាក់ខ្ញុំគាត់មើលមាន់ មើលទាអីចឹងទៅ ហើយប្អូនខ្ញុំមានម្នាក់ទៀតប្អូនប្រុស គាត់ទៅរៀន ហើយអត់មានអ្នកណារកស៊ីទៀតទេ។ អីចឹង ខ្ញុំនៅខាងក្រៅ ខ្ញុំខំរកលុយតាមរយៈគូរគំនូរ លេងសៀកហ្នឹង នៅពេលដែលបានថវិកា ខ្ញុំយកទៅផ្ទះខ្លះៗ។ ខ្ញុំឃើញក្នុងពិភពសិល្បៈ ដូចជាគំនូរអីហ្នឹង វាប្លែក វាធ្វើឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំធ្វើការខ្ញុំសប្បាយចិត្ត ដូចខ្ញុំបានទៅបរទេសអីចឹង ដោយសារតែសិល្បៈហ្នឹងដែរ បានខ្ញុំអាចទៅស្គាល់ពិភពខាងក្រៅ»។
ចំណែកកញ្ញា នូវ ស្រីលាភ អាយុ ២៧ឆ្នាំ គឺជាអ្នកដែលមានជំនាញ និងបទពិសោធន៍សម្ដែងល្ខោនសៀកម្នាក់ទៀត។ នាងបានមានប្រសាសន៍ថា នាងបានហាត់សម្ដែងសិល្បៈតាំងតែពីនាងមានអាយុ ១១ឆ្នាំមកម្ល៉េះ។ ស្រីលាភ បញ្ជាក់ថា កាលពីនៅកុមារ គ្រួសាររបស់នាងគ្រាន់តែជាអ្នកប្រកបរបរលក់នំបន្តិចបន្តួចចិញ្ចឹមជីវិត ក៏ប៉ុន្តែ ដោយសារតែស្រឡាញ់សិល្បៈ នាងសុខចិត្តលះបង់ពេលវេលាជាច្រើនជាមួយសិល្បៈ។ ស្រីលាភ បញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះ ការតស៊ូជាមួយសិល្បៈ អាចជួយរូបនាង ក្រុមគ្រួសារ សហគមន៍នៅតាមបណ្ដាខេត្ត យុវវ័យ និងកុមារងាយរងគ្រោះជាច្រើនទៀត៖ «យើងចែករំលែកបទពិសោធន៍ពីសិល្បៈ អំពីបញ្ហាសង្គម។ ខ្ញុំបង្រៀនច្រើនសិស្សណាស់ ព្រោះខ្ញុំធ្វើការជាមួយនឹងសិស្សនៅសមាគម ហ្វា ផង ហើយធ្វើការតាមខេត្តជាមួយក្មេងៗពិការ ជាមួយនឹងជនរងគ្រោះដែលផ្ដាច់គ្រឿងញៀន ជាមួយអ្នកមានផ្ទុកមេរោគអេដស៍។ ខ្ញុំធ្វើការជាមួយអ្នករោងចក្រ និយាយទៅធ្វើច្រើនណាស់តាមរយៈសិល្បៈ»។
សមាគម ហ្វាពន្លឺសិល្បៈ មានប្រវត្តិនៅក្នុងខេត្តបាត់ដំបង ជិត ២០ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ន។ សមាគមនេះបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៩៤ ដោយក្រុមយុវវ័យ ៨នាក់ ដែលរស់នៅភូមិអញ្ចាញ ឃុំអូរចា។ កាលណោះមានជនភៀសខ្លួនជាច្រើន ដែលសុទ្ធសឹងតែជាកសិករ បានធ្វើមាតុភូមិនិវត្តន៍ពីជំរំជាយដែនខ្មែរ-ថៃ ក៏ប៉ុន្តែ នៅពេលដែលកសិករទាំងនោះវិលមករស់នៅក្នុងសហគមន៍វិញ គឺពុំមានដីស្រែ និងចម្ការទេ ធ្វើឱ្យក្មេងៗនៅក្នុងសហគមន៍មានបញ្ហាជាច្រើន។ ដូច្នេះ យុវជនទាំង ៨នាក់ ក៏បាននាំគ្នាជួយបង្រៀនសិល្បៈ និងគំនូរដល់កុមារនៅក្នុងសហគមន៍នោះ ដើម្បីឱ្យពួកគេអាចរកកម្រៃបាន និងកសាងឱ្យមានក្ដីសង្ឃឹមដល់សហគមន៍ក្រីក្រនោះផង ហើយជាបន្តបន្ទាប់ គម្រោងនោះបានរីកធំធាត់ឡើងៗ។
បច្ចុប្បន្ន សមាគម ហ្វាពន្លឺសិល្បៈ អាចជួយដល់កុមារ និងយុវជនប្រមាណ ១.៤០០នាក់ ដែលរៀននៅតាមសាលាបឋមសិក្សា និងតាមវិទ្យាល័យនាខេត្តបាត់ដំបង ឱ្យអាចចូលរៀនអំពីសិល្បៈក្នុង ១ថ្ងៃ។ ជំនាញដែលបង្រៀនកុមារ និងយុវវ័យនោះ មានដូចជា ការសម្ដែងសិល្បៈ ការគូរគំនូរ ការលេងភ្លេងបុរាណ និងសម័យជាដើម។
ក៏ប៉ុន្តែ នៅក្នុងខេត្តសៀមរាប បើទោះបីជាសមាគម ហ្វាពន្លឺសិល្បៈ បានមកសម្ដែងល្ខោនជាច្រើនខែមកហើយក៏ដោយ ក៏មិនទាន់មានកម្មវិធីបង្រៀនកុមារ និងយុវវ័យនៅឡើយទេ។
សមាគម ហ្វាពន្លឺសិល្បៈ ក្រៅពីជួយបង្រៀនជំនាញសិល្បៈដល់កុមារ និងយុវវ័យ ក៏បានដើរសម្ដែងអប់រំនៅតាមសហគមន៍នៃបណ្ដាខេត្តមួយចំនួន ស្ដីអំពីគ្រោះថ្នាក់ដោយសារមីន ដោយសារជំងឺគ្រុនចាញ់ និងគ្រុនឈាមជាដើម។ ក្រុមសិល្បៈនេះ ក្រៅពីសម្ដែងនៅក្នុងស្រុក ក៏តែងតែចេញទៅសម្ដែងនៅក្រៅប្រទេសមួយចំនួន ដូចជានៅអឺរ៉ុប អាហ្វ្រិក ជប៉ុន និងអាស៊ីកណ្ដាល ដែលយ៉ាងហោចណាស់ក៏ម្ដង ឬ ២ដងក្នុង ១ឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
