តំណាង​កុមារ​និង​យុវជន​ត្អូញត្អែរ​ពី​បញ្ហា​បាត់​ឱកាស​ទទួល​បាន​ការ​អប់រំ​បែប​បរិយាប័ន្ន

0:00 / 0:00

តំណាង​កុមារ និង​យុវជន​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​របស់​កុមារ​នៅ​កម្ពុជា ចាប់​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា នៅ​តែ​ជួប​បញ្ហា​ប្រឈម។ ទន្ទឹម​គ្នា​នេះ តំណាង​កុមារ និង​យុវជន​ដែល​បាត់​ឱកាស​អប់រំ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឱកាស​អប់រំ​បែប​បរិយាប័ន្ន​ដល់​កុមារ​កម្ពុជា ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​កុមារ​ទទួល​បាន​ឱកាស​អប់រំ​ស្មើ​គ្នា។

សង្គម​ស៊ីវិល តំណាង​កុមារ និង​យុវជន​ដែល​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​ឱកាស​អប់រំ​នៅ​កម្ពុជា លើក​ឡើង​ថា ការ​អប់រំ​បែប​បរិយាប័ន្ន គឺ​ជា​ការ​អប់រំ​រួម​បញ្ចូល​គ្នា រាប់​ចាប់​ពី​កុមារ​មិន​ពិការ​គ្រប់​ប្រភេទ កុមារ​ពិការ កុមារ​មាន​ស្ថានភាព​លំបាក កុមារ​ក្រីក្រ និង​កុមារ​ដែល​គ្មាន​ឱកាស​ទទួល​បាន​កម្មវិធី​សិក្សា។

សង្គម​ស៊ីវិល និង​តំណាង​កុមារ យល់​ថា ការ​ផ្តល់​ឱកាស​អប់រំ​បែប​បរិយាប័ន្ន ឬ​ការ​អប់រំ​រួម​បញ្ចូល​គ្នា​ប្រកប​ដោយ​គុណភាព និង​សមធម៌​ដល់​កុមារ គឺ​ជា​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​នៅ​កម្ពុជា។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល និង​តំណាង​កុមារ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៥ ស្ដីពី​ការ​អប់រំ​បរិយាប័ន្ន ក្រោម​ប្រធានបទ «ទស្សនវិស័យ​អំពី​ការ​អប់រំ​បរិយាប័ន្ន​ប្រកប​ដោយ​គុណភាព» ដែល​រៀបចំ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ករណី​នេះ តំណាង​កុមារ និង​យុវជន​ពិការ និង​មាន​ស្ថានភាព​លំបាក កញ្ញា មិន ចន្តា ឲ្យ​ដឹង​ថា ការ​រើសអើង​លើ​កុមារ និង​យុវជន​មិន​ទទួល​បាន​ការ​អប់រំ​បែប​បញ្ចូល​គ្នា​រវាង​កុមារ​ទូទៅ និង​កុមារ​ដែល​មាន​ស្ថានភាព​លំបាក នៅ​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម។ បញ្ហា​នេះ កំពុង​ជំរុញ​ឲ្យ​កុមារ​ធ្លាក់​ទឹក​ចិត្ត​មាន​ភាព​ឯកោ និង​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​សង្គម។

កញ្ញា មិន ចន្តា ដែល​ត្អូញត្អែរ​ពី​បញ្ហា​បាត់​ឱកាស​អប់រំ​បែប​បរិយាប័ន្ន​កុមារ​ពិការ និង​យុវជន​បន្ត​ថា ទោះ​ជា​កុមារ​ពិការ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ជាមួយ​កុមារ​ទូទៅ ក៏​ពួក​គេ​នៅ​តែ​រង​ការ​មើលងាយ​ពី​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​នៅ​ឡើយ ជាក់ស្តែង​កញ្ញា​ផ្ទាល់ « គ្រូ​ខ្លះ​គាត់​ឃើញ​ខ្ញុំ​រៀន​មហាវិទ្យាល័យ​ចឹង គាត់​ថា​ហែង ! មក​រៀន​បាន​ប្រយោជន៍​អី ជន​ពិការ​ផ្សេងៗ​គេ​ដើរ​តែ​ច្រៀង​តាម​ស្តុប​គេ​បាន​លុយ​ឡើង​ច្រើន។ ខ្ញុំ​ឮ​ហើយ ខ្ញុំ​អន់​ចិត្ត ហេតុ​អ្វី​គាត់​ជា​គ្រូ គាត់​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ ដើម្បី​ជា​គំរូ​ដល់​សិស្ស

តំណាង​កុមារ និង​យុវជន​ពិការ​យល់​ថា ដើម្បី​ឲ្យ​កុមារ​ទទួល​ការ​អប់រំ​ដោយ​សមធម៌ និង​បញ្ឈប់​ការ​រើសអើង កញ្ញា​ស្នើ​រដ្ឋាភិបាល​ត្រូវ​បញ្ចូល​កម្មវិធី​ពិការភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ ចាប់​ពី​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា និង​ត្រូវ​មាន​ធនធាន​មនុស្ស​លើក​ទឹក​ចិត្ត​កុមារ​ដែល​មាន​ស្ថានភាព​លំបាក « កាលណា​មាន​កម្មវិធី​អប់រំ​នៅ​ក្នុង​ថ្នាក់​ណា​មួយ អាច​ធ្វើ​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ គាត់​អាច​យល់​ពី​បញ្ហា​ប្រឈម​របស់​បញ្ហា​ពិការភាព។ ចឹង​កាលណា​គាត់​យល់ ពេល​ឃើញ​ជន​ពិការ គាត់​ចេះ​លើក​ទឹក​ចិត្ត​ជន​ពិការ​បាន »

ទន្ទឹម​គ្នា​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក កែវ សារ៉ាត ព្រួយ​បារម្ភ​ថា ការ​បាត់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​បែប​បរិយាប័ន្ន ឬ​ការ​អប់រំ​រួម​បញ្ចូល​គ្នា​រវាង​កុមារ​ពិការ និង​កុមារ​មិន​ពិការ នឹង​បន្ត​ឲ្យ​កុមារ​នៅ​តែ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ពិសេស​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង។

អ្នក​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​អប់រំ​របស់​កុមារ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កុមារ​ទូទៅ​ដែល​ទទួល​បាន​ឱកាស​អប់រំ​មាន​ចំនួន ៩៨,៥% ហេតុ​នេះ​ចំនួន​ដែល​នៅ​សេសសល់ គឺ​ជា​ចំនួន​កុមារ​ដែល​មាន​ស្ថានភាព​ក្រីក្រ លំបាក និង​ពិការភាព ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់។

បន្ថែម​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​ត្រូវ​បញ្ចូល​កម្មវិធី​ពិការភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ ចាប់​ពី​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា ព្រម​ទាំង​ត្រូវ​គិតគូរ​ឡើង​វិញ​ពី​បញ្ហា​ប្រឈម​របស់​កុមារ​ដែល​មាន​ស្ថានភាព​លំបាក « បញ្ហា​ដែល​ជន​ពិការ​ដែល​កុមារ​មិន​បាន​ចូល​រៀន​បែប​បរិយាប័ន្ន ឬ​ការ​ចូលរួម​គ្នា គាត់​នឹង​ក្លាយ​ទៅ​ជា​មុខ​សញ្ញា​មួយ ដែល​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គេ មិន​មាន​សមធម៌​នៅ​ក្នុង​សង្គម ហើយ​នៅ​ពេល​មនុស្ស​អត់​មាន​ការ​រៀន​សូត្រ​ចេះ​ដឹង ក៏​អាច​ធ្វើ​ឲ្យ​សង្គម​ជួប​វិបត្តិ ពិសេស​ប្រឈម​នឹង​ភាព​ក្រីក្រ ប៉ះពាល់​ដល់​សេដ្ឋកិច្ច »

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​នាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ថោង រិទ្ធី ឲ្យ​ដឹង​ថា កន្លង​មក ក្រសួង​អប់រំ នៅ​ខ្វះ​ធនធាន​មនុស្ស ធនធាន​ថវិកា និង​បច្ចេកទេស ចំពោះ​ការ​អប់រំ​របស់​កុមារ​បែប​បរិយាប័ន្ន​នេះ។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ថោង រិទ្ធី អះអាង​ថា ដើម្បី​ជំរុញ​ការ​សិក្សា​បែប​បរិយាប័ន្ន​កុមារ​គ្រប់​ប្រភេទ ក្រសួង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បញ្ចូល​កម្មវិធី​ពិការភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​នៅ​ដើម​ឆ្នាំ​២០១៧។ ជាង​នេះ​ទៀត ក្រសួង​នឹង​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ ២៥០​លាន​រៀល ដោះស្រាយ​ទៅ​លើ​សម្ភារ​សិក្សា និង​ប្រាក់​ខែ​គ្រូ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ « សព្វថ្ងៃ​ក្រសួង​នៅ​ខ្វះ​ធនធាន​គ្រូ និង​ថវិកា ដើម្បី​ធ្វើ​ការងារ​នេះ ប៉ុន្តែ​យ៉ាង​ណា ក្រសួង​នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​កុមារ ហើយ​ដើម្បី​ឲ្យ​ការ​អប់រំ​ផ្នែក​បរិយាប័ន្ន​នេះ ក្រសួង​សូម​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​គ្នា​ជំរុញ​ឲ្យ​ការងារ​អប់រំ​នេះ​មាន​ប្រសិទ្ធភាព ទើប​សម្រេច​បាន »

លទ្ធផល​នៃ​ការ​សិក្សា​បឋម​ឆ្នាំ​២០១៥ នៃ​កម្មវិធី​ដៃគូ​រួម​គ្នា ស្ដីពី​ការ​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា របស់​អង្គការ អេដ អេ អាក់ស្យុង (Aide et Action)បាន​បង្ហាញ​តាម​រយៈ​វេទិកា​ថ្នាក់​ជាតិ​នេះ​ថា ឱកាស​អប់រំ​បែប​បរិយាប័ន្ន​របស់​កុមារ​ដែល​មាន​ស្ថានភាព​លំបាក ពិសេស​កុមារ​ពិការ ជា​ញឹកញាប់​អវត្តមាន​នៅ​ក្នុង​សាលា​ប្រមាណ ៥៦% ក្នុង​នោះ​ពិការភាព​ជា​មូលហេតុ​សំខាន់​នៃ​អវត្តមាន​របស់​កុមារ​នៅ​សាលា​ចំនួន ២៦%។

លទ្ធផល​សិក្សា​ដដែល​ក៏​បង្ហាញ​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​កុមារ​មិន​ទទួល​បាន​ឱកាស​អប់រំ​បែប​បរិយាប័ន្ន ក្នុង​នោះ​មាន កុមារ​នៅ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ដោយ​ខ្លួនឯង (ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ កត្តា​ជីវភាព) បញ្ហា​ទំនាក់ទំនង និង​រៀន​មិន​សូវ​ចេះ កុមារ​ពិការ​ទំនង​ត្រូវ​បាន​វាយ​ដោយ​កុមារ​ផ្សេង​ទៀត​នៅ​ក្នុង​សាលា ហើយ​ការ​វាយ​ធ្វើ​បាប​ពី​កុមារ​ផ្សេង​ទៀត ទំនង​ជា​ប៉ះពាល់​ដល់​ការ​ចូល​រៀន និង​ការ​ទទួល​រង​ការ​រំលោភ​បំពាន និង​ការ​ប្រព្រឹត្ត​មិន​ល្អ​ពី​សំណាក់​បុគ្គលិក​សាលា និង​សិស្ស​ដទៃ។

ដើម្បី​ជំរុញ​ឲ្យ​កុមារ​រាប់​ចាប់​ពី​កុមារ​មិន​ពិការ​គ្រប់​ប្រភេទ កុមារ​ពិការ កុមារ​មាន​ស្ថានភាព​លំបាក កុមារ​ក្រីក្រ និង​កុមារ​ទទួល​បាន​ឱកាស​អប់រំ​បែប​បរិយាប័ន្ន លទ្ធផល​សិក្សា​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​បង្កើត​ថ្នាក់​បំប៉ន​បន្ថែម ឬ​រៀបចំ​ផែនការ​អភិវឌ្ឍន៍ កុមារ​ម្នាក់ៗ​ត្រូវ​ផ្តល់​ឧបករណ៍​ជំនួយ​ដល់​កុមារ ត្រូវ​សម្របសម្រួល​បរិស្ថាន​ឲ្យ​ងាយ​ស្រួល​ដល់​កុមារ​ពិការ ត្រូវ​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ពិការភាព និង​ត្រូវ​ដាក់​បញ្ចូល​ការ​ពិភាក្សា​អំពី​ពិការភាព​ក្នុង​កម្មវិធី​បំណិន​ជីវិត ជាដើម។

គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ត្រូវ​បាន​អនុម័ត​ឡើង​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ហើយ​មាន​គោលដៅ​ចំនួន​១៧ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០៣០ ដើម្បី​ឆ្លើយតប​ទៅ​តាម​ក្របខ័ណ្ឌ​ជា​សកល​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ចីរភាព និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព និង​ភាព​អយុត្តិធម៌។ ក្នុង​គោលដៅ​ចំនួន​១៧ មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​៤ បាន​កំណត់​ទាក់ទង​នឹង​ការ​អប់រំ​ដែល​មាន​គោល​បំណង​យ៉ាង​ជាក់លាក់ និង​ប្រកប​ដោយ​មហិច្ឆតា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​សម្រាប់​មនុស្ស​គ្រប់​រូប។

គោល​បំណង​ទី​៤ នេះ គឺ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​បាន​នូវ​ការ​អប់រំ​បែប​បរិយាប័ន្ន សមធម៌ និង​គុណភាព និង​លើក​កម្ពស់​ឱកាស​រៀន​សូត្រ​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា។

វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​អប់រំ​បរិយាប័ន្ន​នេះ សង្គម​ស៊ីវិល​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ផ្សព្វផ្សាយ​ពង្រឹង​អភិបាលកិច្ច​ក្នុង​ការ​អប់រំ ដើម្បី​ពន្លឿន​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG) ដែល​ជា​គោលដៅ​រួម​របស់​ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដែល​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។