ក្រុមយុវជនមួយចំនួនលើកឡើងថា ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម និងនយោបាយ នៅតែមានការរឹតត្បិត ដែលជាឫសគល់ចម្បងរារាំងពួកគេមិនឲ្យទទួលបានសិទ្ធិសេរីភាពពេញលេញ។ ទន្ទឹមគ្នានេះ យុវជនយល់ថា រដ្ឋាភិបាលហាក់ដូចជាភ័យខ្លាចចំពោះសកម្មភាពរបស់យុវជន បើទោះជាសកម្មភាពនោះគ្រាន់តែដើម្បីផលប្រយោជន៍សង្គមក្តី។
ក្រុមយុវជនចាត់ទុកថា ការរារាំងយុវជនមិនឲ្យទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការសង្គម និងនយោបាយ គឺបង្ហាញថា រដ្ឋាភិបាលកំពុងតែដើរផ្លូវដែលធ្វើអោយមានភាពអយុត្តិធម៌ និងគ្មានតម្លាភាពនៅក្នុងសង្គម។
ក្តីបារម្ភរបស់ក្រុមយុវជនដែលមកពីបណ្ដាសាកលវិទ្យាល័យនានា ជិត ៤០នាក់ ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សារវាងយុវជនជាមួយគណបក្សនយោបាយស្តីពីការចូលរួមរបស់យុវជនប្រកបដោយប្រសិទ្ធភាពពេញលេញក្នុងសកម្មភាពសង្គម និងនយោបាយ នៅព្រឹកថ្ងៃទី២២ ខែសីហា។
ជាយុវជនម្នាក់ក្នុងចំណោមយុវជន ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ និងជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា យ៉ែម ពុធឆមារ លើកឡើងថា បញ្ហាសិទ្ធិ និងសេរីភាពរបស់យុវជនកំពុងក្លាយជាបញ្ហាប្រឈមរបស់យុវជននៅពេលបច្ចុប្បន្ន។ កញ្ញាបន្តថា នៅពេលយុវជននាំគ្នាធ្វើសកម្មភាពទាមទារយុត្តិធម៌ និងការពារផលប្រយោជន៍ណាមួយជូនសង្គម តែងតែត្រូវបានរដ្ឋាភិបាលហាមឃាត់ និងត្រូវជាប់ពន្ធនាគារ។
ជាងនេះទៀត យុវជនរូបនេះ ក៏បានលើកឡើងបន្ថែមថា ជាក់ស្ដែងថ្មីៗនេះ យុវជនដែលមកពីអង្គការមាតាធម្មជាតិចំនួនបីនាក់ត្រូវជាប់ពន្ធនាគារ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពការពារបរិស្ថាន ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ៖ «ការចូលរួមរបស់យុវជននៅមានកម្រិត ព្រោះនៅពេលដែលយើងចូលរួមរដ្ឋាភិបាលហាក់ភ័យខ្លាច មិនសូវគាំទ្រ និងលើកទឹកចិត្តដល់យុវជនឲ្យមានការចូលរួមនៅក្នុងកិច្ចការសង្គម និងនយោបាយ ដើម្បីទាមទារនូវអ្វីដែលពួកគាត់ចង់បាន»។
ជាអ្នករៀបចំកម្មវិធីកិច្ចពិភាក្សានេះ នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា មានប្រសាសន៍ថា តាមបទពិសោធន៍ការងារកន្លងមក យុវជនភាគច្រើននៅតែមិនទាន់បានសិទ្ធិសេរីភាពពេញលេញក្នុងការប្រើប្រាស់គំនិតផ្ដួចផ្ដើម និងសិទ្ធិអនុវត្តនៅឡើយ។ លោកស្នើឲ្យបក្សនយោបាយធំៗ ត្រូវតែគិតពីបញ្ហានេះ ព្រោះអនាគតប្រទេសជាតិអាស្រ័យលើការចូលរួមរបស់យុវជន៖ «គណបក្សនយោបាយត្រូវតែគិតគូរធ្វើយ៉ាងណាឲ្យយុវជនទទួលបានសិទ្ធិផ្ដួចផ្ដើម និងអនុវត្ត អ៊ីចឹងបើសេរីភាពយុវជនត្រូវបានបើកទូលាយ នឹងធ្វើឲ្យសង្គមជាតិរីកចម្រើន»។
ទាក់ទិននិងបញ្ហានេះ ប្រធានគណៈកម្មការទី១នៃរដ្ឋសភាកម្ពុជា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួលស្គាល់ថា សិទ្ធិសេរីភាពរបស់យុវជនមិនទាន់ពេញលេញ។លោកសោកស្ដាយចំពោះការចាប់ខ្លួនសកម្មជនបរិស្ថានកាលពីថ្មីនេះៗ ព្រោះយុវជនទាំងនោះធ្វើដើម្បីការពារធនធានធម្មជាតិប៉ុណ្ណោះ៖ «យុវជនទាំងអស់ហ្នឹង ពួកគាត់ធ្វើដើម្បីសង្គមប៉ុណ្ណោះ ពួកគាត់មិនមែនចង់ក្លាយទៅជានាយករដ្ឋមន្ត្រី ឬអ្នកនយោបាយអីទេ អ៊ីចឹងបើគាត់ធ្វើសកម្មភាពដើម្បីតែក្លាយជានាយករដ្ឋមន្ត្រី ចៅហ្វាយខេត្ត ចៅហ្វាយស្រុកអីចាំយើងភ័យព្រួយ»។
ចំណែកតំណាងយុវជនមកពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនភ័យខ្លាច និងរារាំងយុវជនមិនឲ្យធ្វើសកម្មភាពក្នុងកិច្ចការសង្គម និងនយោបាយនោះទេ បើសិនជាសកម្មភាពនោះស្របច្បាប់។
លោកថា ការចាប់ខ្លួន ឬរារាំងណាមួយដោយសារតែយុវជនធ្វើសកម្មភាពដើរតួជាសមត្ថកិច្ច និងមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ។ តែលោកថា នឹងយកបញ្ហារបស់យុវជនទៅពិភាក្សាក្នុងជួររដ្ឋាភិបាល៖ «ខ្ញុំសំណូមពរឲ្យយុវជនទាំងអស់ត្រូវតែគិតគូរឲ្យបានច្បាស់ មុនធ្វើសកម្មភាពណាមួយ និងកុំឲ្យឆាប់ជឿ ឆាប់ច្រឡោត ឆាប់អនុវត្តដោយមិនស្របច្បាប់»។
យុវជនមិនត្រឹមតែស្នើឲ្យរដ្ឋាភិបាលកុំភ័យខ្លាចរាល់សកម្មភាពរបស់យុវជនចំពោះកិច្ចការសង្គម និងកុំគិតថា រាល់សកម្មភាពរបស់យុវជនសុទ្ធតែជារឿងនយោបាយប្រឆាំងខ្លួន។ លើសពីនេះ ក្រុមយុវជនក៏បានស្នើឲ្យរដ្ឋាភិបាលបើកជាសិក្ខាសាលាពិគ្រោះយោបល់ជាមួយយុវជនលើបញ្ហាសង្គម និងនយោបាយ ព្រោះយុវជនមានរហូតជាង ៤លាននាក់នៅទូរទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
