ក្រុម​យុវជន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បំបាត់​អំពើ​ពុក​រលួយ​និង​រក​ការងារ​ឲ្យ​ធ្វើ

0:00 / 0:00

បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​សហជីព និង​ក្រុម​យុវជន​រាប់​រយ​នាក់ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​យុវជន​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន។

បញ្ហា​ទាំង​នោះ​មាន​ដូច​ជា បញ្ហា​អត់​ការងារ​ធ្វើ ពង្រឹង​វិស័យ​អប់រំ ការ​ដំឡើង​ប្រាក់​ខែ​កម្មករ និង​សេរីភាព​បញ្ចេញ​មតិ ជាដើម។

សំឡេង​ក្រុម​យុវជន​ស្រែក «ជយោ! ទិវា​យុវជន​អន្តរជាតិ ជយោ​យុវជន​ខ្មែរ!»

យុវជន​ប្រមាណ ៥០០​នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​និយោជិក​ក្នុង​វិស័យ​កាត់​ដេរ សេវាកម្ម​ចំណី​អាហារ និង​សំណង់ បាន​នាំ​គ្នា​ដើរ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​មន្ទីរ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ថ្លែង​ពី​ក្ដី​បារម្ភ​របស់​ពួក​គេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៤ ជា​ទិវា​យុវជន​អន្តរជាតិ​លើក​ទី​១៥។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ លោក ឯក សុភក្ដី ដែល​ជា​សមាជិក​ក្រុម​ការងារ​មួយ​រូប​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ប្រមាណ​១០ ថ្លែង​ថា ទិវា​យុវជន​ឆ្នាំ​នេះ ពួក​គេ​បាន​នាំ​យក​កង្វល់ និង​សំណូមពរ​របស់​ខ្លួន ទៅ​ដាក់​ជូន​ស្ថាប័ន​រដ្ឋាភិបាល​៣ គឺ​ដាក់​ទៅ​រដ្ឋសភា​ជូន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​ពីរ​គណបក្ស ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ។ លោក​ថា ក្នុង​ញត្តិ​នោះ ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​យុវជន​ចំនួន ១០​ចំណុច មាន​ជាអាទិ៍ ស្នើ​ឲ្យ​ក្រសួង​អប់រំ លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​សម្រាប់​យុវជន និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​គោល​ថ្នាក់​ជាតិ និង​ថ្នាក់​វិស័យ​ឲ្យ​បាន​សមរម្យ ជា​ដើម។ លោក​ថា ស្ថាប័ន​ទាំង​បី​បាន​ទទួល​យក​ញត្តិ​នេះ។

លោក ឯក សុភក្ដី៖ «ពេល​នេះ​យើង​នឹង​រៀបចំ​គណៈកម្មការ​របស់​យើង​ឲ្យ​តាម​ដាន​លម្អិត ហើយ​ញត្តិ​របស់​យើង​នឹង​យោង​ក្នុង​ករណី​ដែល​រដ្ឋសភា​ជាតិ ឬ​ក៏​គណៈកម្មការ​ដោះស្រាយ​វិវាទ​មិន​បាន​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​យើង យើង​នឹង​យោង​ទៅ​លើ​ញត្តិ​ពី​ឆ្នាំ​មុនៗ ដើម្បី​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​ដោះស្រាយ បើ​សិន​ជា​ក្នុង​ករណី​រដ្ឋាភិបាល​ក៏​ដូច​តំណាង​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួង​មួយៗ និង​តំណាង​រដ្ឋសភា ឬ​ក៏​រដ្ឋសភា​ជាតិ មិន​ពិភាក្សា​ទៅ​លើ​បញ្ហា យុវជន​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ការ​ហែ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​រដ្ឋសភា​ជាតិ​ដោះស្រាយ​បញ្ហា​នេះ»

យ៉ាង​ណា​ក៏ដោយ ក្រៅ​អំពី​ការ​ជួប​ជុំ​គ្នា​ដើរ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​ទី​សាធារណៈ​ក្នុង​ទិវា​យុវជន​នេះ ក្រុម​យុវជន​ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន ក៏​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​ដែរ។ យុវជន​ប្រមាណ ២០០​នាក់ បាន​ចែក​ក្រុម​ពិភាក្សា ដើម្បី​លើក​កង្វល់ និង​សំណើ​របស់​ខ្លួន​ដាក់​ក្នុង​របាយការណ៍​មួយ នៅ​ក្នុង​ទិវា​យុវជន​ស្ដីពី​ការងារ​របស់​យុវជន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​រៀបចំ​ដោយ​អង្គការ​ធ្វើ​ការ​លើក​កម្ពស់​យុវជន​ប្រមាណ ១០​អង្គការ។

យុវជន ញាណ រីដា ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ផ្នែក​សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ មាន​ក្ដី​កង្វល់​ចំពោះ​គុណភាព​សិក្សា​ក្នុង​វិស័យ​អប់រំ និង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន ដែល​ផ្ដល់​ឲ្យ​យុវជន​មាន​ភាព​តូច​ចង្អៀត៖ «ស្ថានភាព​នៃ​ការ​អប់រំ​របស់​យើង​បច្ចុប្បន្ន គឺ​មាន​ការ​ទន់​ខ្សោយ ដោយសារ​ពេល​យើង​ចេញ​ប្រឡូក​ក្នុង​វិស័យ​ការងារ យើង​អត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ឲ្យ​ក្រុមហ៊ុន​គេ​ទេ យើង​ទាមទារ​ពង្រឹង​ផ្នែក​ហ្នឹង​ឲ្យ​មែន​ទែន ប៉ុន្តែ​ខ្ញុំ​សូម​កោត​សរសើរ​ដែរ វិស័យ​អប់រំ​យើង​បច្ចុប្បន្ន​មាន​ការ​កែ​ទម្រង់​ការ​ប្រឡង​បាក់​ឌុប សុខ​ចិត្ត​បន្តឹង​ឲ្យ​ពួក​គាត់​បញ្ចេញ​សមត្ថភាព គាត់​មាន​ប៉ុណ្ណា​បញ្ចេញ​បាន​ប៉ុណ្ណឹង។ មិន​ត្រឹម​តែ​ថ្នាក់​វិទ្យាល័យ សូម្បី​តែ​ថ្នាក់​ឧត្ដមសិក្សា​ក៏ដោយ»

ចំណែក​យុវតី ផូ វ៉ាន់ថន ជា​និស្សិត​ឆ្នាំ​ទី​២​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​កាត់​ថា (ទិចនូ) ក៏​បាន​បារម្ភ​ស្រដៀង​គ្នា​ដែរ​អំពី​បញ្ហា​គុណភាព​អប់រំ។ នាង​បារម្ភ​ថា យុវជន​កម្ពុជា មាន​ចំនួន​តិច​ដែល​អាច​ប្រកួត​ប្រជែង​ការងារ​ជាមួយ​យុវជន​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​នឹង​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥ ខាង​មុខ៖ «យើង​ភ័យ​ខ្លាច​កម្រិត​នៃ​ការ​យល់​ដឹង​របស់​យើង មិន​ដូច​គេ​តែ​បើ​សិន​ជា​យើង​ព្យាយាម​ខំ​ប្រឹង​ប្រែង​កែ​ទម្រង់​ការ​សិក្សា​របស់​យើង​ឲ្យ​បាន​ល្អ ហើយ​យុវជន​ផ្ទាល់​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​បាន​ល្អ​នោះ គឺ​វា​មិន​ជា​បញ្ហា​អី​ធំ​ទេ»

យុវជន​ក្នុង​ប្រទេស​កម្ពុជា មាន​អាយុ​ពី ១៥​ឆ្នាំ​ទៅ ៣០​ឆ្នាំ មាន​ចំនួន​ប្រមាណ ៤​លាន ៤​សែន​នាក់។ ជា​រៀង​រាល់​ឆ្នាំ​មាន​ការ​រិះគន់​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា ហើយ​ពិបាក​ស្វែងរក​ការងារ​ធ្វើ ហើយ​ប្រាក់​បៀវត្សរ៍​មិន​សក្ដិសម​នឹង​កម្រិត​ដែល​បាន​សិក្សា ឬ​ធ្វើ​ការ​ខុស​ជំនាញ​ដែល​ខ្លួន​បាន​រៀន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។