ក្រុម​យុវជន​រៃអង្គាស​ប្រាក់​ជួយ​កុមារ​ក្រីក្រ​នៅ​បាត់ដំបង​និង​សៀមរាប​ឲ្យ​ទទួល​បាន​ការ​សិក្សា

ដោយ ខែ សុណង
2014.11.01

ក្រុម​យុវជន​នៃ​មជ្ឈមណ្ឌល​កម្មវិធី​អភិវឌ្ឍន៍​យុវជន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វាយឌីភី (YDP) បាន​រៀបចំ​ការ​រៃអង្គាស​ថវិកា​តាម​រយៈ​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ពន្លឺ​នៃ​ក្ដី​សង្ឃឹម នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១ ខែ​វិច្ឆិកា ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ឲ្យ​ទទួល​បាន​ការ​សិក្សា។

ប្រធាន​គម្រោង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ពន្លឺ​នៃ​ក្ដី​សង្ឃឹម នៃ​អង្គការ វាយឌីភី កញ្ញា អ៊ុយ សុវណ្ណឡងឌី ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ភាសា​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសា​បរទេស (IFL)។ កញ្ញា​ថ្លែង​ថា នឹង​យក​ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​អ្នក​ទស្សនា​តន្ត្រី​សប្បុរសធម៌​ពន្លឺ​នៃ​ក្ដី​សង្ឃឹម និង​ថវិកា​រៃអង្គាស​ពី​សប្បុរសជន​នានា​ក្នុង​ពេល​ប្រគំ​តន្ត្រី​នោះ ទៅ​ជួយ​ទ្រទ្រង់​ដល់​កុមារ​កំពុង​រស់នៅ​ក្នុង​អង្គការ​កុមារ​ជនបទ ខេត្ត​សៀមរាប ចំនួន ២៥%។ ចំណែក​ថវិកា ៧៥% ទៀត យក​ទៅ​ទិញ​សម្ភារៈ​សិក្សា​ចែក​ជូន​កុមារ ហើយ​ជួយ​ទៅ​ដល់​ការ​សាងសង់​បណ្ណាល័យ​ក្នុង​បឋមសិក្សា​អូរជ្រៃ ខេត្ត​បាត់ដំបង។

កញ្ញា អ៊ុយ សុវណ្ណឡងឌី៖ «ដោយសារ​តែ​នៅ​សាលា​បឋមសិក្សា​អូរជ្រៃ ពួក​គាត់​ជា​ក្មេង​កំព្រា ចឹង​ពួក​គាត់​ខ្វះ​សាលា​រៀន ពួក​គាត់​មាន​ភាព​លំបាក​លំបិន​មែន សូម្បី​តែ​ជញ្ជាំង​ក៏​អត់​មាន​ត្រឹមត្រូវ នៅ​ពេល​ដែល​ភ្លៀង​មក ពួក​គាត់​ពិបាក​នៅ​ក្នុង​ការ​សិក្សា​មែន​ទែន។ ដំបូង​ពួក​ប្អូន គឺ​ចង់​សាងសង់​ជា​សាលារៀន​ជូន​គាត់​ទេ ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​អង្គការ​មួយ​សាងសង់​សាលារៀន​ជូន​គាត់​ហើយ។ អ៊ីចឹង​ពួក​គាត់​ស្នើ​សុំ​ឲ្យ​ខាង​ប្អូន​សាងសង់​ជា​បណ្ណាល័យ​ជូន​ពួក​គាត់​វិញ។ ខ្វះ​សម្ភារៈ​សិក្សា គឺ​អត់​គ្រប់គ្រាន់​ទេ។ ចំណែក​នៅ​ខាង​ខេត្ត​សៀមរាប វិញ គឺ​អង្គការ​កុមារ​ជនបទ គឺ​ពួក​ប្អូន​យក​លុយ​ដែល​ប្រមូល​បាន ទិញ​សម្ភារៈ​សិក្សា ដើម្បី​បន្ត​ចំណេះ​វិជ្ជា​ទៅ​ថ្ងៃ​អនាគត អត់​ចង់​ឲ្យ​គាត់​បោះ​បង់​ចោល​តែ​ម្ដង»

អង្គការ វាយឌីភី បាន​រៀបចំ​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​វិទ្យាស្ថាន​ភាសា​បរទេស។ ក្រៅ​ពី​ការ​ប្រគំ​តន្ត្រី ក៏​មាន​ការ​សម្ដែង​វីដេអូ​ពី​ស្ថានភាព​កុមារ​ក្រីក្រ​នៅ​ខេត្ត​សៀមរាប និង​បាត់ដំបង កម្មវិធី​ចម្រៀង​ភាសា​ខ្មែរ និង​ភាសា​បរទេស សម្ដែង​ក្បាច់​គុន​បុរាណ​ខ្មែរ សៀក និង​បង្ហាញ​ម៉ូត ជាដើម។ អ្នក​រៀបចំ​កម្មវិធី ឲ្យ​ដឹង​ថា ពួក​គេ​លក់​សំបុត្រ​ចូល​ទស្សនា​មួយ​ក្នុង​តម្លៃ ៤​ដុល្លារ ដែល​មាន​អ្នក​ទិញ​សំបុត្រ​ទស្សនា​នៅ​ពេល​នេះ​ចំនួន ៧០០​សំបុត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។