យុវជនទាមទារឲ្យរដ្ឋាភិបាលបង្កើតយន្តការច្បាស់លាស់ ដើម្បីផ្តល់ឱកាសឲ្យយុវជនចូលរួមសង្គមឲ្យបានច្រើនដោយមិនមានការរារាំង និងទូលំទូលាយ។ ម្យ៉ាងវិញទៀត ការបង្កើតយន្តការជាក់លាក់ដើម្បីគាំពារ និងលើកទឹកចិត្តចំពោះយុវជនដែលមានចំណេះដឹងពិតប្រាកដ ក៏ជាមធ្យោបាយដ៏ប្រសើរដែលអាចផ្លាស់ប្ដូរស្ថានភាពសង្គមពីភាពឥតការងារធ្វើ និងចំណាកស្រុក ទៅរកភាពប្រសើរឡើង ដែលជាសង្គមមួយពោរពេញដោយក្ដីសង្ឃឹមរបស់ក្រុមយុវជនជំនាន់ក្រោយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ការលើកឡើងនេះ គឺជារឿងត្រឹមត្រូវ ហើយគណបក្សកាន់អំណាចតែងគាំពារយុវជនជានិច្ច។
យុវជនមួយចំនួនលើកឡើងថា រដ្ឋាភិបាលត្រូវតែបង្កើតយន្តការច្បាស់លាស់ ក្នុងការគាំពារយុវជនឲ្យមានសន្ទុះមុតមាំក្នុងការចូលរួមសកម្មភាពសង្គម ដូចជា ការរៀបចំធ្វើសិក្ខាសាលា និងការសិក្សារៀនសូត្រដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទីផ្សារការងារ និងដើម្បីក្លាយជាយុវជនឆ្នើមក្នុងសតវត្សទី២១។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីយុវជនឆ្នើមសតវត្សទី២១ បេក្ខនារីដែលឈ្នះជ័យលាភីក្នុងកម្មវិធីអ្នកបន្តវេន និងជាភ្ញៀវកិត្តិយសផងនោះ កញ្ញា អៀង លីដា និយាយថា វាជាចំណុចចាប់ផ្តើមមួយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់យុវជនកម្ពុជា ព្រោះថាកន្លងមក កញ្ញាមិនដែលឃើញមានសិក្ខាសាលាណាដែលមានការចូលរួមពីយុវជនច្រើនយ៉ាងនេះទេ។ ជាការពិតណាស់ ការចូលរួមរបស់យុវជនជាង ៨០០នាក់ក្រោមប្រធានបទ យុវជនឆ្នើមសតវត្សទី២១ នេះ អាចបង្ហាញថា យុវនិស្សិតកម្ពុជា លែងធ្វេសប្រហែស និងមិនចំណាយពេលដើរលេងច្រើនដូចមុនទៀតហើយ។ មិនធ្វេសប្រហែស ព្រោះថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងចូលជាធរមាននៅចុងឆ្នាំ២០១៥ ដែលពេលនោះ យុវជនខ្មែរអាចប្រឈមនឹងការបាត់បង់ឱកាសទទួលបានការងារល្អ។ ទោះបីជាយ៉ាងនេះក្ដី វាដូចជាយឺតបន្តិចហើយចំពោះការរត់យ៉ាងត្របាញ់ជើង ក្នុងការរៀនសូត្រដើម្បីប្រកួតប្រជែងសមត្ថភាពជាមួយប្រទេសក្នុងតំបន់អាស៊ាននោះ៖ «»។
អ្នករៀបចំសិក្ខាសាលា លោក ទីន សុខលីម លើកឡើងថា យុវជនខ្មែរត្រូវភ្ញាក់រឭកដោយខ្លួនឯង ដើម្បីក្លាយជារបត់មួយដែលអាចផ្លាស់ប្ដូរសង្គមកម្ពុជា បាន។ ការផ្លាស់ប្ដូរសង្គមកម្ពុជា គឺផ្ដើមចេញពីយុវជន ហើយរដ្ឋាភិបាលគណបក្សកាន់អំណាច ក៏មិនត្រូវបិទភ្នែកដោយគិតតែពីប្រយោជន៍ខ្លួនឯង ភ្លេចគិតជាតិជាធំនោះទេ។ លោកបន្តថា យុវជនកម្ពុជា ត្រូវតែបង្កើតគំនិតថ្មីក្នុងបរិបទសម័យទំនើប និងកាត់បន្ថយការអនុវត្តគំនិតចាស់គំរឹល ដែលមិនរីកចម្រើនដោយចេញពីការតាំងចិត្ត និងជឿជាក់លើខ្លួនឯង។ ជាងនេះទៅទៀត ការគាំពារពីក្រុមគ្រួសារ និងគោលនយោបាយជាក់លាក់របស់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តចំពោះយុវជនឲ្យចូលរួមសកម្មភាពសង្គម ដើម្បីការអភិវឌ្ឍ គឺជាអ្វីដែលរដ្ឋាភិបាលមិនត្រូវនិយាយថាទេនោះឡើយ៖ «»។
នៅស្របពេលក្រុមយុវជនទាមទារឲ្យរដ្ឋាភិបាលមានយន្តការជាក់លាក់ ក្នុងការបើកឱកាសចូលរួមក្នុងសង្គមបានដោយសេរី និងសុំឲ្យរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍យុវជនឲ្យបានច្បាស់លាស់នេះ នៅបន្ទាប់ពីព្រឹទ្ធសភាបានអនុម័តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ដែលក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនមួយក្រុមផ្សេងទៀត បានតវ៉ា និងសម្ដែងការព្រួយបារម្ភពីការបិទសិទ្ធិសេរីភាពដែលមានចែងនៅក្នុងច្បាប់នេះ ដែលពួកគេមើលឃើញថា សិទ្ធិសេរីភាពរបស់ពួកគាត់នឹងកាន់តែរួមតូចនៅពេលច្បាប់នេះត្រូវបានអនុវត្ត។
អតីតសិស្សពូកែប្រឡងជាប់និទ្ទេសអេ (A) ឆ្នាំ២០១០ និងជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យ ម៉ាន់ហាតាន់ នៃសហរដ្ឋអាមេរិក (MANHATTAN) កញ្ញា តោ គីមស៊ី ពន្យល់ថា ការអភិវឌ្ឍសមត្ថភាពយុវជន គឺផ្ដើមដំបូងចេញពីគោលនយោបាយរបស់រដ្ឋាភិបាល និងការអនុវត្តដោយហ្មត់ចត់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវព័ត៌មានផ្សេងៗ និងត្រូវបង្រៀនយុវជនដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីអាចទទួលបានចំណេះដឹងទូលំទូលាយ។ កញ្ញាបន្តថា រដ្ឋាភិបាលក៏ត្រូវលើកទឹកចិត្តស្ត្រីឲ្យខ្ពង់ខ្ពស់ ដើម្បីឲ្យស្ត្រីកម្ពុជា ក្លាយជាកោសិកាសង្គមដ៏មានតម្លៃ និងដើម្បីក្លាយជាថ្នាំកម្លាំងដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម។ ការបណ្ដុះគំនិតឲ្យយុវនិស្សិតចូលចិត្តរៀនគណិតវិទ្យា នឹងក្លាយជាកូនសោដ៏ល្អសម្រាប់ចាកចេញពីការជឿជាក់ដែលគ្មានហេតុផល និងអាចលុបបំបាត់ប្រជាភិថុតិរបស់អ្នកនយោបាយផងដែរ។ កញ្ញាបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា ត្រូវផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាពឲ្យបានទទួលបានភាពស្មើគ្នាចំពោះការងាររដ្ឋ ដោយត្រូវលុបបំបាត់ការសូកប៉ាន់លុយក្រោមតុចេញឲ្យបាន៖ «»។
កញ្ញាបន្តថា ការសិក្សា គឺត្រូវការការគាំពារពីអាណាព្យាបាល និងរដ្ឋាភិបាល។ ការបណ្ដុះការស្រឡាញ់ការសិក្សាតាមរយៈបង្កើតការងារឲ្យបានច្រើន ការផ្តល់អាហារូបករណ៍ និងការបង្កើតកន្លែងអនុវត្តន៍ជាក់ស្តែង ជាដើម។

យុវជនម្នាក់ដែលមានឆន្ទៈចង់ក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគត និយាយថា ការដឹកនាំសព្វថ្ងៃមិនទាន់ល្អសម្រាប់ពលរដ្ឋកម្ពុជា នោះឡើយ។ មិនទាន់ល្អព្រោះថា មានច្បាប់ជាច្រើនដែលបង្កើតឡើងហើយ តែមិនអនុវត្តឲ្យត្រឹមត្រូវ និងមិនគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែច្បាប់ខ្លះបង្កើតឡើងដើម្បីតែរឹតត្បិតសិទ្ធិសេរីភាពប្រជាជន និងយុវជនតែប៉ុណ្ណោះ៖ «»។
ឆ្លើយតបនឹងការលើកឡើងរបស់យុវជន លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងនេះពិតជាត្រឹមត្រូវណាស់។ ការបណ្តុះបណ្តាលយុវជន ជាអ្វីដែលគណបក្សប្រជាជនកម្ពុជា មិនដែលមើលរំលងឡើយ។ មិនមើលរំលងព្រោះថា យុវជនដែលមានចំណេះដឹង គឺជាមនុស្សដែលមានសក្ដានុពលសម្រាប់ស្នងតំណែងក្នុងសង្គម។ លោកប្រាប់ថា នឹងមានឱកាសស្មើគ្នា និងមិនមានការរើសអើងនោះឡើយ ដោយលោកបញ្ជាក់ថា បញ្ហានេះកុំឲ្យយុវជនភិតភ័យអី៖ «»។
ទោះបីជាមានការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យ៉ាងនេះក្តី ក៏យុវជន និងមន្ត្រីសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលមិនត្រូវបង្កើតតែផែនការ និងថាតែមាត់ ដោយអនុវត្តស្ថិតតែនៅលើក្រដាស តែសកម្មភាពជាក់ស្តែងបើកឱកាសបានត្រឹមតែបក្ខពួកខ្លួនឯង។ ម្យ៉ាងវិញទៀត យុវជនកម្ពុជា សព្វថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ស្ដីពីការធ្វើសិក្ខាសាលា ការសិក្សា ជាពិសេសយុវជនខ្មែរនៅតាមតំបន់ដាច់ស្រយាលតែម្តង។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលលើកទឹកចិត្តដែរ តែដើម្បីសន្លឹកឆ្នោត ដោយមិនគិតពីការផ្លាស់ប្ដូរឆ្ពោះទៅរកការរីកចម្រើននោះឡើយ។
យុវជនបច្ចុប្បន្នមានចំនួន ៣៣% ស្មើនឹងជាង ៤លាននាក់នៃប្រជាពលរដ្ឋសរុប។ អ្នកនយោបាយបានចាប់អារម្មណ៍ខ្លាំងទៅលើយុវជន ទាំងបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច។ នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៣ គឺយុវជនបាននាំគ្នាសស្រាក់សស្រាំចូលរួម និងគិតគូរអំពីរឿងនយោបាយ។ ក្រៅពីនេះទៀត យុវជនបានឈឺឆ្អាលអំពីរឿងសង្គម រួមមានរឿងបរិស្ថាន ព្រៃឈើ និងចូលរួមក្នុងសកម្មភាពផ្សេងៗទៀតដែលជាកម្លាំងមួយដ៏ធំ ដែលអ្នកនយោបាយមើលឃើញថា ក្រុមយុវជនមានឥទ្ធិពលខ្លាំងទៅលើគណបក្សរបស់ខ្លួន។
ក្រៅពីនេះទៀត គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ចែងថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើយុវជនដែលជាសសរទ្រូងប្រទេសជាតិ ដោយការផ្ដល់ការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាពអាចឈានចូលក្នុងទីផ្សារការងារដោយងាយស្រួល ក្នុងនោះ ក៏មានយុវជនមួយចំនួន ពុំមានឱកាសទទួលបានការងារសមស្របនៅឡើយ។ យុវជនមានចំណេះដឹងតិចតួច ទទួលបានប្រាក់កម្រៃតិចតួច។ រីឯយុវជនមួយចំនួនទៀត ធ្វើចំណាកស្រុកទៅកាន់ទីក្រុង ទីប្រជុំជននានា និងក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើ។ លើសពីនេះទៀត យុវជនមួយចំនួនប្រឈមនឹងការលំបាក ឬធ្លាក់ចូលក្នុងស្ថានភាពរងគ្រោះ រួមមានការបោះបង់ការសិក្សា ការបាត់បង់ជម្រើសរបស់ខ្លួន ការសេពគ្រឿងញៀន និងគ្រោះថ្នាក់នៅកន្លែងការងារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
