អាជ្ញាធរ​រារាំង​ក្រុម​យុវជន​មិន​ឲ្យ​ជិះកង់ផ្សព្វផ្សាយ​ពី​ការ​​ថែរក្សា​បរិស្ថាន

0:00 / 0:00

អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ សីហា រារាំង​មិន​ឲ្យ​យុវជន​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature) ជិះ​កង់​តាម​ក្រុង​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​លើក​កម្ពស់​ថែរក្សា​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ដែល​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ឡើយ។

អាជ្ញាធរ​លើក​ឡើង​ថា ការ​រារាំង​នេះ​ដោយសារ​ក្រុម​អ្នក​ជិះ​កង់​មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​ត្រឹមត្រូវ ប៉ុន្តែ​ខាង​អ្នក​ជិះ​កង់​វិញ​លើក​ឡើង​ថា ពួកគេ​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ រួច​ហើយ។

កង​កម្លាំង​នគរបាល​និង​សន្តិសុខ​ខណ្ឌ​មានជ័យ និង​សន្តិសុខ​រាជធានី​ភ្នំពេញ ប្រមាណ ១០០​នាក់ ដឹកនាំ​ដោយ​អភិបាល​រង​ខណ្ឌ​មានជ័យ លោក ហៀក ចាន់លាង ចុះ​បិទ​ខ្ទប់​ច្រក​ចេញ​ចូល​នៅ​មុខ​ការិយាល័យ​បណ្ដាញ​យុវជន​ខ្មែរ​មហានគរ ដែល​ឋិត​នៅ​ក្រោយ​វត្ត​សន្សំកុសល ក្នុង​សង្កាត់​បឹងទំពុន កន្លែង​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​និង​យុវជន ប្រមូល​ផ្តុំ​គ្នា​ជិះ​កង់​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ការពារ​បរិស្ថាន​តំបន់​អារ៉ែង។ ក្នុង​ពេល​ចុះ​រារាំង​នោះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​កង់​របស់​យុវជន​ប្រមាណ ២០​គ្រឿង​ទៀត​ផង។

​ក្រុម​យុវជន​ដែល​មាន​គ្នា​ប្រមាណ ៥០​នាក់ ពាក់​អាវយឺត​មាន​រូប​សត្វ​ក្រពើ​និង​មាន​សរសេរ​អក្សរ​ការពារ​តំបន់​អារ៉ែង ខ្លះ​ពាក់មួក​ស្លឹកត្នោត​មាន​បិទ​រូប​សញ្ញា ចលនា​មាតា ធម្មជាតិ ដែល​សរសេរ​ថា ខ្ញុំ​ជា​សកម្មជន​ព្រៃឈើ ហើយ​ខ្លះ​ទៀត​តុបតែង ដោយ​ពាក់​អាវ​ធ្វើ​ជា​រូប​សត្វ​ស្វា​ព្រៃ សត្វ​ខ្លា និង​សត្វ​ក្រពើ​ជាដើម។ ចំណែក​កង់​របស់​ពួក​គេ​វិញ មាន​ដោត​ទង់​ចលនា​មាតា​ធម្មជាតិ ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ​ការ​តុបតែង​រៀបចំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ មិន​អាច​ធ្វើ​ឲ្យ​មហាជន​បាន​ឃើញ​ឡើយ។

ក្នុង​ពេល​ដែល​សមត្ថកិច្ច​បិទ​ខ្ទប់​នោះ យុវជន​នាំ​គ្នា​ចុច​កណ្ដឹង​ធ្វើ​ជា​សញ្ញា​សុំ​ផ្លូវ​ស្រែក​ឲ្យ​សមត្ថកិច្ច​បើក​ផ្លូវ ព្រម​ទាំង​សូត្រ​មាត្រា​ច្បាប់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឲ្យ​សមត្ថកិច្ច​ស្តាប់​ទៀត​ផង។ ទោះ​ជា​​យ៉ាង​ណា ពួកគេ​បាន​ត្រឹមតែ​អាន​ច្បាប់ និង​បាន​ត្រឹមតែ​ស្រែក​ប៉ុណ្ណោះ។ ក្រោយ​ពី​ប្រឈម​មុខ​ដាក់​គ្នា​ប្រហែល ១​ម៉ោង និង​ដោយ​មើល​ឃើញ​ថា មិន​អាច​ទៅ​មុខ​រួច ក្រុម​យុវជន​ក៏​សម្រេច​ចិត្ត​បោះបង់​សកម្មភាព​ជិះ​កង់​នេះ ហើយ​នាំគ្នា​រំសាយ​តែម្ដង។

​ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​បាសេលូណា (Barcelona) ប្រទេស​អេស្ប៉ាញ (Spain) និង​ជា​អ្នកដឹកនាំ​ការ​ជិះ​កង់​នេះ ថ្លែង​មុន​ពេល​រំសាយ​ថា បើ​ទោះ​ជា​ក្រុម​លោក​មិន​បាន​ជិះ​កង់​ដូច​ការ​គ្រោង​ទុក​ក៏ដោយ តែ​លោក​ចាត់​ទុក​ថា វា​គឺ​ជា​ជោគជ័យ​មួយ​ដែរ ព្រោះ​ថា ព័ត៌មាន​ដែល​ពួក​លោក​កំពុង​ធ្វើ​នេះ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទី​កន្លែង។

លោក​បន្ត​ថា ក្រុម​លោក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ទៅ​តាម​រូបភាព​ផ្សេងៗ​ទៀត៖ «ព្រោះ​ប្រសិនបើ​យើង​ទៅ​មុខ​បុក​គេ ប្រសិនបើ​យើង​ទៅ​ខាង​ណោះ ក៏​បុក​គេ​ដែរ ហើយ​អ៊ីចឹង​យើង​មិន​អាច​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​រំខាន​ដល់​បង​ប្អូន​សន្តិសុខ​បាន​ទេ អ៊ីចឹង​យើង​សម្រេច​ចិត្ត​រំសាយ ហើយ​និង​ជោគជ័យ​ហើយៗ ដោយសារ​មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​ដែល​បាន​ឮ​ពី​អារ៉ែង ដែល​ជា​ព្រៃឈើ​ចុង​ក្រោយ ដែល​ក្រុម ស៊ីណូ ហាយដ្រូ ចង់​បំផ្លាញ​ក្នុង​ពេល​ឆាប់ៗ​យើង​ធ្វើ​សកម្មភាព​បន្តបន្ទាប់ ប៉ុន្តែ​យើង​ច្នៃប្រឌិត​បន្តបន្ទាប់​រហូត​ទេ យើង​មិន​មែន​ធ្វើ​ដដែលៗ​ទេ លើក​ក្រោយ​ប្រហែលជា​អាច​មាន​សកម្មភាព ដើរ​តាម​ផ្លូវ ឬក៏​អាច​មាន​សកម្មភាព​ច្នៃប្រឌិត​ផ្សេងៗ»

​ជុំវិញ​ការ​រារាំង​របស់​សមត្ថ​កិច្ច​នេះ អភិបាលរង​ខណ្ឌ​មានជ័យ លោក ហៀក ចាន់លាង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​អ្នក​ជិះកង់​សុំ​ច្បាប់​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ នោះ​អាជ្ញាធរ​មិន​ហាម​ឃាត់​ឡើយ។ ចំពោះ​កង់​ដែល​រឹប​អូស​នោះ លោក​ថា អាជ្ញាធរ​នឹង​ប្រគល់​ឲ្យ​ពួកគេ​វិញ៖ «ខ្ញុំ​ជឿ​ថា ប្រសិន​ជា​គាត់​ធ្វើ​មក​ដើម្បី​ផល​ប្រយោជន៍​ការពារ​ធនធាន​ធម្មជាតិ ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​សុំ​ឲ្យ​គាត់​សុំ​ច្បាប់​ពី​សាលា​រាជធានី​ភ្នំពេញ។ ខ្ញុំ​ជឿ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ជូន​គាត់​បាន ហើយ​ពេល​ដែល​គាត់​ស្នើ​ហ្នឹង សូម​ឲ្យ​បញ្ជាក់​ពី​កម្មវត្ថុ ឲ្យ​បាន​ច្បាស់លាស់ ហើយ​នឹង​តម្រាយ​ផ្លូវ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ខាង​អាជ្ញាធរ​យើង​សហការ​ជួយ​តម្រាយ​ផ្លូវ​ជូន​គាត់ សុំ​ឲ្យ​មាន​លិខិត​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ជា​មុន»

យ៉ាង​ណា​ក៏ដោយ លោក អាឡិកហ្សង់ដ្រូ មាន​ប្រសាសន៍​ថា ក្រុម​លោក​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ រួច​ហើយ​ពី​ការ​ជិះកង់​នេះ ព្រោះ​លោក​ថា នៅ​ក្នុង​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​នោះ​ទេ។ ម្យ៉ាង​លោក​ថា សកម្មភាព​នេះ​វា​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ គ្រាន់​តែ​ជា​រឿង​ការ​ការពារ​បរិស្ថាន​ធនធានធម្មជាតិ​ប៉ុណ្ណោះ។

ចំណែក​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​ចូល​រួម​អង្កេត​មើល​សកម្មភាព​ជិះ​កង់​ដែរ​នោះ កត់​សម្គាល់​ថា អាជ្ញាធរ​មិន​គួរ​រារាំង​សកម្មភាព​ស្រឡាញ់​បរិស្ថាន​របស់​យុវជន​ឡើយ ព្រោះ​ថា សកម្មភាព​ជិះកង់​របស់​ពួក​គេ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ឡើយ។

លោក មឿន តុលា៖ «នៅ​ប្រទេស​មួយ​ចំនួន ពិសេស​នៅ​ប្រទេស​ឥណ្តូនេស៊ី នៅ​ក្នុង​តំបន់​អាស៊ាន ដូច​គ្នា​ផង គេ​កំណត់​យក​ថ្ងៃ​មួយ​ ជា​ថ្ងៃ​បាយឃីង (biking) ជា​ថ្ងៃ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ជិះ​កង់ អ៊ីចឹង​រឿង​២​ដែល​សំខាន់ គឺ​រឿង​មួយ​រឿង​បរិស្ថាន វា​ជា​អាយុ​ជីវិត​យើង​ទាំង​អស់​គ្នា ធនធាន​ធម្មជាតិ​ជា​អាយុ​ជីវិត​របស់​យើង​ទាំង​អស់​គ្នា។ អស់​លោក​ឥឡូវ​នេះ​គាត់​នៅ​ក្នុង​តំណែង​ធំៗ​នេះ អាច​ថា មិន​ទាន់​ព្រួយ​បារម្ភ​ខ្លាំង​ពី​ផល​ប៉ះពាល់​លើ​គាត់ ក៏ប៉ុន្តែ​កូន​ចៅ​របស់​គាត់​ក្រោយៗ​ទៅ គាត់​នឹង​បាត់បង់​ធនធាន​ធម្មជាតិ​ដែល​សំខាន់ៗ»

ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយអារ៉ែង ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​សត្វ​កម្រ​ជា​ច្រើន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ព្រៃ​អារក្ស ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​ជា​ច្រើន ពិសេស​គឺ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​ជនជាតិ​ដើម​ជង​តែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។