យុវជន​ពិភាក្សា​អំពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​និស្សិត​ស្ម័គ្រចិត្ត និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា រៀបចំ​វេទិកា​យុវជន​មួយ​ដើម្បី​ពិភាក្សា​អំពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ឧស្សាហកម្ម និស្សារណកម្ម​នៅ​កម្ពុជា។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ការវិវត្តន៍​អំពី​វិស័យ​ឧស្សាហកម្ម និស្សារណកម្ម ដល់​យុវជន និង​យន្តការ​នានា ដែល​ធានា​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ឲ្យ​បាន​សកម្ម​ក្នុង​វិស័យ​នេះ។

យុវជន​ប្រមាណ ៤០០​នាក់ ដែល​ភាគច្រើន​ជា​និស្សិត​មក​ពី​បណ្ដា​សកល​វិទ្យាល័យ​នានា បាន​ជួប​ជុំ​គ្នា​ក្នុង​វេទិកា​ស្ដីពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ឧស្សាហកម្ម និស្សារណកម្ម ឬ​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្សេងៗ ពី​វិស័យ​ឧស្សាហកម្ម​រ៉ែ​ប្រេង​និង​ឧស្ម័ន។ ការ​ជួបជុំ​នេះ​ផ្ដោត​ការ​ពិភាក្សា​ទៅ​លើ​យន្តការ​ដែល​ធានា​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​ការ​ប្រមើល​មើល​អំពី​សក្ដានុពល​ដែល​កម្ពុជា អាច​ទាញ​យក​បាន​ពី​វិស័យ​មួយ​នេះ។

​លោក កែម ឡី ដែល​ជា​វាគ្មិន​នៃ​ការពិភាក្សា​នោះ កត់​សម្គាល់​ថា ធនធាន​ធម្មជាតិ​នៅ​កម្ពុជា មាន​ច្រើន​ក្រាស់ក្រែល​ខ្លាំង​ណាស់ ហើយ​ដែល​លោក​ថា កម្ពុជា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ជា​ដែនដី​សុវណ្ណ​ភូមិ​នោះ គឺ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន​ឡើយ។ បើ​តាម​លោក កែម ឡី ធនធាន​ដែល​ប្រទេស​កម្ពុជា អាច​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ មាន​ឱកាស​ក្លាយ​ជា​ប្រទេស​អ្នក​មាន​បាន ប្រសិន​បើ​កម្ពុជា គ្រាន់​តែ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង។

​លោក​ កែម ឡី៖ «គ្រាន់​តែ​ចេះ​គ្រប់គ្រង​ឲ្យ​ល្អ​ប្រទេស​យើង​រីក​ចម្រើន​ណាស់ ឥឡូវ​មិន​មែន​រីក​ចម្រើន​ទេ ខ្ញុំ​សន្និដ្ឋាន​ថា រីក​ចម្រើន​ដ៏​អស្ចារ្យ​ក្នុង​ទសវត្សរ៍​នេះ ឬ​សតវត្ស​ចុង​ក្រោយ​នេះ ប៉ុន្តែ​វា​មិន​រីក​ចម្រើន​មនុស្ស​ទូទៅ​សក្ដានុពល​ហ្នឹង​វា​មាន វា​រីកចម្រើន​មែន ប៉ុន្តែ​វា​ទៅតាម​ដុំៗៗ ហើយ​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ដូចជា ហ្គាណា (Ghana) ដូចជា​នីហ្សេរីយ៉ា (Nigeria) ដូចជា​អាហ្សេបៃហ្សង់ (Azerbaijan) ដែល​ជា​មេរៀន គេ​ថា អត់​មាន​អភិបាលកិច្ច​ល្អ​ហ្នឹង​ធំ​ជាង​គេ ដែល​ធ្វើ​ឲ្យ​ប្រទេស​ហ្នឹង​មាន​ប្រេង​មហាសាល ប៉ុន្តែ​នៅ​តែ​ក្រ»

​លោក កែម ឡី ថ្លែង​បន្ត​ថា បើ​ទោះ​ជា​ប្រទេស​មួយ​សំបូរ​ទៅ​ដោយ​ធនធាន​ច្រើន​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​បើ​ប្រទេស​នោះ​មាន​ស្ថាប័ន​គ្រប់គ្រង​ខ្សោយ គេ​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ដ៏​សំបូរ​បែប​របស់​ខ្លួន​បាន​ឡើយ។ លោក​ថា កង្វះ​ធនធាន​មនុស្ស កង្វះ​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព និង​កង្វះ​តម្លាភាព​អំពី​ចំណូល​ចំណាយ​ដែល​ទទួល​បាន​ពី​ធនធាន គឺ​ជា​ឧបសគ្គ​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​សំបូរ​ធនធាន​រីក​ចម្រើន​បាន។ តែ​ទោះជា​យ៉ាង​ណា លោក​ថា កម្ពុជា​នៅ​មិន​ទាន់​ហួសពេល​ឡើយ ដើម្បី​ធ្វើ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។

សម្រាប់​លោក កែម ឡី អភិបាលកិច្ច​ល្អ​ទាមទារ​ឲ្យ​មាន​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ និង​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ផង​ដែរ។ លើស​ពី​នេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ព្រម​ទាំង​ត្រូវ​មាន​តម្លាភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន៖ «ជា​រដ្ឋាភិបាល​ត្រូវ​មាន​គណនេយភាព ឲ្យ​ដឹង​ទាំង​អស់ ធ្វើ​អី មុន​នឹង​ធ្វើ​អី មុន​នឹង​ចាយ​អី មុន​នឹង​អី ឲ្យ​គណនេយភាព​ចំពោះ​សភា។ ទី​២ ឲ្យ​មាន​គណនេយភាព​ចំពោះ​ប្រជាពលរដ្ឋ​ខាង​ក្រោម ផ្សាយ​ឲ្យ​គាត់​ដឹង​តាម​គ្រប់​មធ្យោបាយ ទូរទស្សន៍ វិទ្យុ គេហទំព័រ បោះពុម្ព​ជា​ឯកសារ​ស្រាវជ្រាវ​សិក្សា របាយការណ៍​អី​ទាំង​អស់ គាត់​មិន​មើល​រឿង​របស់​គាត់ ប៉ុន្តែ​ត្រូវ​តែ​ដឹង​ថា នៅ​កន្លែង​ណា ផ្សាយ​យ៉ាង​ម៉េច គណនេយភាព​ទៅ​ក្រោម គណនេយភាព​ទៅ​ចំហៀង គឺ​អ្នក​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​របស់​គេ​ចូល​រួម​ក្នុង​ដៃគូ​យើង​ហ្នឹង ដែល​ជា​ដៃគូ​អភិវឌ្ឍន៍»

​បន្ទាប់ពី​ការ​ថ្លែង​របស់​វាគ្មិន​ចូល​រួម​សិស្ស និស្សិត និង​យុវជន ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​សួរ​សំណួរ ជុំវិញ​ប្រធានបទ​នេះ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ព្រួយ​បារម្ភ។

​អ្នក​សម្របសម្រួល​ផ្នែក​ឧស្សាហកម្ម​និស្សារណកម្ម និង​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អ្នកស្រី ចាន់ រ៉ាម៉ី ឲ្យ​ដឹង​ថា ការ​ចូល​រួម​របស់​យុវជន ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​វិស័យ​មួយ​នេះ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រួម​ចំណែក​ធានា​ឲ្យ​មាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ពី​វិស័យ​នេះ។ បើ​តាម​អ្នកស្រី ចាន់ រ៉ាម៉ី វេទិកា​ដូច​គ្នា​នេះ​ក៏​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ នៅ​ខែ​កក្កដា និង​នៅ​ខេត្ត​កំពង់ចាម នៅ​ខែ​សីហា ខាង​មុខ។

​បើ​តាម​អ្នក​សម្របសម្រួល​រូប​នេះ​ដដែល វេទិកា ឬ​កម្មវិធី​ប្រភេទ​នេះ ត្រូវ​បាន​អង្គការ YRDP រៀបចំ​ឡើង​ប្រមាណ ២០​ដង​រួច​ហើយ តាំង​ពី​ឆ្នាំ​២០០៧​មក ហើយ​មាន​ការ​ចូល​រួម​របស់​យុវជន​ប្រមាណ​ជាង ១៥.០០០​នាក់​ហើយ រហូត​មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។