ក្រុមសិស្សានុសិស្សនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល ហៅកាត់ថា អេ.ស៊ី.អ៊ី (ACE) បានរៀបចំកម្មវិធីសប្បុរសធម៌ និងអបអរប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំ។ កម្មវិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល អេ.ស៊ី.អ៊ី នៅថ្ងៃទី៣ មេសា ដោយមានលក់សំបុត្ររាប់រយសំបុត្រ ដើម្បីយកថវិកាឧបត្ថម្ភដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ។
«សំឡេងរបាំ ត្រុដិ»
នៅក្នុងឱកាសបុណ្យចូលឆ្នាំជិតមកដល់ ក្រុមការងារយុវទូតសិស្សនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល បានប្ដេជ្ញាចិត្តបន្តជួយឧបត្ថម្ភកុមារក្រីក្រឲ្យទទួលបានការអប់រំ តាមរយៈអង្គការដើម្បីភាពញញឹមនៃកុមារ។
យុវទូតសិស្សនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល កញ្ញា ប៉ាន់ ពុទ្ធី ថ្លែងថា ពួកគេលក់បានសំបុត្រចំនួន ៧០០សំបុត្រ ដែលសំបុត្រមួយតម្លៃពី ៣ដុល្លារដល់ ៧ដុល្លារ សម្រាប់មនុស្សម្នាក់។ ថវិកាបានពីការលក់សំបុត្រ និងលក់វត្ថុអនុស្សាវរីយ៍នេះ ពួកគេនឹងបរិច្ចាគដល់កុមារកំព្រា និងកុមារក្រីក្រដែលទទួលបានការទំនុកបម្រុងពីអង្គការដើម្បីភាពញញឹមនៃកុមារ។ ក្រៅពីនេះ ប្រព្រឹត្តិការណ៍នេះក៏ជាឱកាសមួយឲ្យយុវជន ស្គាល់ពីវប្បធម៌ប្រពៃណីខ្មែរ និងចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់។
កញ្ញា ប៉ាន់ ពុទ្ធី៖«យើងចង់ធ្វើព្រឹត្តិការណ៍នេះឥឡូវ ពីព្រោះកូនខ្មែរយើងឥឡូវភាគច្រើនគាត់ជ្រើសរើសយកវប្បធម៌បរទេសមកអនុវត្ត ។ អ្វីដែលយើងធ្វើកម្មវិធីនេះឡើង គឺដើម្បីយើងចង់ធ្វើកុំឲ្យ កូនខ្មែរ យើងភ្លេចប្រពៃណីអស់។ ម្យ៉ាងយើងចង់ អបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ យើងចង់លើកតម្កើងវប្បធម៌ខ្មែរយើង ហើយយើងចង់រកលុយឲ្យប៉េ.អេស.អឺ (PSE) ទៀត ដោយសារតែយើងខ្មែរដូចគ្នា យើងជួយគ្នាទៅ ព្រោះតិចក្ដីច្រើនក្ដី ។ កម្មវិធីនេះល្អណាស់ឲ្យតែបានជួយក្មេងៗ ឬអ្នក ដែលមានផ្ទះសម្បែង អ្នកដែលអត់មានការសិក្សា អត់មានលុយ អ្នកក្រខ្សត់អី គឺល្អ ទាំងអស់»។
ទាក់ទងទៅនឹងការរៀបចំកម្មវិធីនេះ មន្ត្រីសម្របសម្រួលស្វែងរកមូលនិធិនៃអង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំង ថា ប៉េ.អេស.អឺ (PSE) លោក ស៊ិន សុផារិទ្ធ មានប្រសាសន៍ថា កន្លងមក អង្គការនេះបានជំនួយស្ទើរទាំងស្រុងពីបរទេស។ លោកចង់ឲ្យសាធារណជន ពិសេសពលរដ្ឋខ្មែរយល់ដឹងអំពីការចែករំលែក ដើម្បីជួយអភិវឌ្ឍសហគមន៍តាមលទ្ធភាព តាមរូបភាពផ្សេងៗដែលអាចធ្វើទៅបាន៖«យើងនឹងយកមូលនិធិនេះទៅប្រើប្រាស់ ដើម្បីជា ប្រយោជន៍ដល់កុមារក្រីក្រជិត ៦.៥ ០០ នាក់ ផ្ដល់ជំនាញវិជ្ជាជីវៈជូនគាត់ មានបដិសណ្ឋារកិច្ច សំណង់ អេឡិចត្រូនិក ភាពយន្ត និងផ្នែកខាងគណនេយ្យផងដែរ»។
នៅក្នុងកម្មវិធីដែលស្ទើរតែទាំងអស់ គឺជាយុវជន បាននាំគ្នាចូលរួមលេងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយ។ យុវជនទាំងនោះ សម្ដែងក្ដីត្រេកអរដោយពួកគេអះអាងថា ក្រៅអំពីបានស្គាល់របាំ និងល្បែងប្រជាប្រិយខ្មែរ ពួកគេអាចរួមចំណែកថវិកាជួយកុមារគ្មានទីពឹង ឲ្យទទួលបានការហូបចុក និងរៀនសូត្រថែមទៀត៖«ចង់ឃើញអ្វីដែល ប្លែកហើយ ជួយសប្បុរសធម៌ហើយ ជួយកុមារកំព្រា។ ខ្ញុំចង់សប្បាយ ស្គាល់វប្បធម៌ខ្មែរទាំងអស់។ កម្មវិធីនេះល្អយើងបានសប្បាយហើយ យើងបានអត្ថប្រយោជន៍មួយទៀតជួយកុមារ។ ខ្ញុំចង់មកលេងល្បែងប្រជាប្រិយ ហើយរួមចំណែកក្នុងការ ជួយកុមារ កំព្រា ហើយចង់ស្គាល់ល្បែងប្រជាប្រិយ ដោយសារជនជាតិខ្មែរយើងត្រូវលើកតម្កើងប្រពៃណី ហើយវប្បធម៌របស់ខ្មែរឲ្យបានគង់វង្ស»។
កម្មវិធីសប្បុរសធម៌ និងអបអរប្រពៃណីខ្មែរនេះ បានប្រារព្ធឡើងជាលើកទីពីរហើយ។ ពិធីនេះ ក្រៅពីមានសម្ដែងរបាំប្រពៃណី ក៏មានកម្មវិធីឲ្យអ្នកចូលរួម លេងល្បែងប្រជាប្រិយមួយចំនួនដូចជា ទាញព្រ័ត្រ លោតបាវ និងវាយក្អម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
