ក្រុមយុវជនមួយក្រុមដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានរៀបចំកម្មវិធីមួយជួបជាមួយកុមារក្រីក្រ ដែលកំពុងរស់នៅក្នុងស្ថានភាពជីវភាពលំបាកនៅក្បែរអតីតគំនរសំរាមស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា។
កម្មវិធីនោះ ក្រុមយុវជននៃសមាគមអភិវឌ្ឍន៍បៃតង ដែលសហការជាមួយអង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ ហៅកាត់ថា វីស៊ីអាយអូ (VCIO) បានផ្ដល់សម្ភារៈសិក្សាដល់កុមារ ចំណីអាហារ និងធ្វើម្ហូបឆ្ងាញ់ឲ្យពួកគេទទួលទាន ដើម្បីអបអរទិវាស្បៀងអាហារពិភពលោក។
អ្នកស្រី ខែ សុណង មានសេចក្ដីរាយការណ៍ពីការរៀបចំពិធីជួបជុំគ្នានេះដូចតទៅ៖
«សំឡេងអ៊ូអរ»
សំឡេងអ៊ូអែចេញពីបន្ទប់ថ្នាក់រៀនអមដោយបទភ្លេង ត្រូវគេចាក់កំដរបរិយាកាសក្នុងពេលទទួលទានអាហារថ្ងៃត្រង់ នៅថ្ងៃទី១៥ ខែតុលា សម្រាប់កុមារាកុមារីនៃអង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ និងកុមាររស់នៅក្បែរទីចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រុមយុវជនមានគ្នា ១០នាក់ ដែលជាស្ថាបនិកនៃសមាគមអភិវឌ្ឍន៍បៃតង ជាអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានប្រមូលកុមារនៅតំបន់ទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ឲ្យជួបជុំគ្នាអបអរសាទរក្នុងទិវាស្បៀងអាហារពិភពលោក នៅមុនមួយថ្ងៃដែលគេប្រារព្ធនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤។
កុមារាកុមារីដែលមានអាយុចាប់ពី ២ឆ្នាំនៅពនៅលើចង្កេះនៅឡើយ រហូតដល់អាយុ ១៦ឆ្នាំ ប្រមាណ ៣០០នាក់ បានចូលរួមអបអរសាទរក្នុងពិធីនេះ។
ស្ថាបនិកសមាគមអភិវឌ្ឍន៍បៃតង និងជាអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ យុវជន ជា ពុទ្ធា ដែលបច្ចុប្បន្នជាបុគ្គលិកសមាគមយុវជនខ្មែរ ហៅកាត់ជាភាសាអង់គ្លេសថា ខេវាយអេ (KYA) ថ្លែងថា នេះជាកម្មវិធីមួយដែលបានផ្ដួចផ្ដើមដោយយុវជនសមាគមអភិវឌ្ឍន៍បៃតង ដែលជាអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្រោមប្រធានបទថា ចូលរួមទាំងអស់គ្នាធ្វើអំពើល្អ ចេះចែករំលែកដល់កុមារងាយរងគ្រោះ ស្របពេលដែលប្រទេសជាច្រើនលើពិភពលោក នឹងប្រារព្ធទិវាស្បៀងអាហារពិភពលោក នៅថ្ងៃទី១៦ ខែតុលា។ យុវជនដដែលអះអាងថា សប្បុរសជនដែលឧបត្ថម្ភ ភាគច្រើនមកពីនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
យុវជន ជា ពុទ្ធា៖ «យើងក៏ធ្វើកម្មវិធីនេះ ដើម្បីឲ្យគាត់បានដឹង គឺថាម្ហូបផ្សេងៗមិនបាច់តែយើងទៅវត្តតែមួយមុខទេ គឺយើងអាចប្រើប្រាស់ម្ហូបអាហារផ្សេងៗនោះ ដើម្បីផ្ដល់ដល់អ្នកងាយរងគ្រោះដូចជា កុមារងាយរងគ្រោះជាដើម។ ដូច្នេះ យើងក៏ជ្រើសរើសទីតាំងនេះផ្ទាល់ គឺខាងសាលា វីស៊ីអាយអូ ដែលស្ថិតនៅទីតាំងផ្នែកស្ទឹងមានជ័យ ផ្ទាល់តែម្ដង ក៏ផ្ដល់ជាចំណីអាហារអ៊ីចឹងទៅឲ្យពួកគាត់ស្គាល់រសជាតិនូវអាហារថ្មីៗ ប្លែកៗ ដោយសារពួកគាត់រាល់ថ្ងៃ គាត់ជាក្មេងរើសសំរាម ងាយរងគ្រោះ មានអ្នកខ្លះគាត់ក៏ឆ្លងជំងឺអេដស៍។ យើងក៏រៀបចំឲ្យពួកគាត់ទទួលបានខ្លះពីខាងក្រុមនិស្សិត ឬក៏ក្រុមមហាជនផ្សេងៗទៀតផងដែរ»។
កម្មវិធីនេះក្រៅអំពីការផ្ដល់អាហារឲ្យកុមារទទួលទានភ្លាមៗ ពួកគេក៏បានចែកសម្ភារៈសិក្សា គ្រឿងអាហារហូបចុក ផ្ដល់ការអប់រំខ្លីៗស្ដីអំពីផលប៉ះពាល់នៃគ្រឿងញៀន លើកទឹកចិត្តឲ្យកុមារខិតខំរៀនសូត្រ ការគ្រប់គ្រងអាហារ និងអនាម័យ ការថែទាំសុខភាព ជាដើម។
«សំឡេងពេលអប់រំ»
កុមារា ចាន់ វឌ្ឍនៈ អាយុ ១៥ឆ្នាំ ដែលកំពុងឈសើចសប្បាយនៅពេលពួកគេលេងល្បែងកម្សាន្តក្នុងកម្មវិធីសប្បុរសធម៌នេះ បានរៀបរាប់ថា រូបគេមានឪពុកជាអ្នកប្រកបរបររត់ម៉ូតូ ម្ដាយធ្វើការងាររោងចក្រ ឯរូបគេផ្ទាល់ ក៏ត្រូវចេញដើររើសអេតចាយ ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កុមាររូបនេះថ្លែងថា ខ្លួនសប្បាយចិត្តនៅពេលមានក្រុមអ្នកសប្បុរសធម៌មកជួយពួកគេច្រើន តាមរយៈអង្គការដែលគាត់កំពុងរៀនសូត្រសព្វថ្ងៃ។ កុមារដដែលពុំមានក្ដីស្រមៃច្រើនទេ ក្រៅអំពីចង់ឲ្យការរៀនសូត្ររបស់គេបានចប់ចុងចប់ដើម ឈានទៅសម្រេចគោលដៅក្នុងជីវិតដែលចង់ក្លាយជាគ្រូបង្រៀនម្នាក់នោះ៖ «ចិត្តចង់ឲ្យអង្គការជួយទៅរៀន ផ្គត់ផ្គង់ទៅរៀន។ ចង់ធ្វើគ្រូបង្រៀនសាលារដ្ឋ។ ខ្វះប្រាក់កាក់ចាយវាយ មានលុយច្រើនទិញម្ហូបហូបគ្រាន់បើបានម្ង៉ៃៗអត់ ជួនកាលពងទា ជួនកាលប្រហុកអ៊ីចឹងទៅ»។
ចំណែកកុមារី ដាលីន អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៥ នៃអង្គការវីស៊ីអាយអូ នេះដែរ កំពុងត្រងត្រាប់ស្ដាប់សារអប់រំពីក្រុមយុវជន បានឆ្លើយទាំងក្ដីសប្បាយរីករាយជាពន់ពេក។ នៅពេលសួរពីស្ថានភាពរស់នៅសព្វថ្ងៃរបស់គ្រួសារនាង នាងស្រាប់តែត្អូញពីជីវភាពក្រីក្រ ហូបមិនគ្រប់។ យ៉ាងណាក៏ដោយ ក្ដីប្រាថ្នារបស់នាងនៅពេលនេះ គឺគ្រាន់តែចង់បានការផ្គត់ផ្គង់ឲ្យនាងអាចទៅរៀនរហូតដល់ចប់៖ «សប្បាយសប្បាយខ្លាំងហ្មង ហើយរំភើប ព្រោះអីមានអ្នកចូលរួមច្រើន។ (សុណង) មានឪពុកមានម្ដាយទេ? មានឪរត់ម៉ូតូឌុបម៉ែលាងដបអង្គរ។ ចង់បានសម្ភារៈសិក្សា ខ្វះសៀវភៅខ្មៅដៃ ខ្វះកង់មករៀន»។
គ្រូបង្រៀននៃអង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ ហៅកាត់ជាភាសាអង់គ្លេសថា វីស៊ីអាយអូ (VCIO) លោក ផន ចន្ថា មានប្រសាសន៍ថា កុមារទាំងនេះកំពុងរស់នៅក្នុងស្ថានភាពជីវភាពក្រលំបាក ដែលឪពុកម្ដាយពួកគេជាកម្មករ ជាអ្នករើសអេតចាយ និងខ្លួនគេផ្ទាល់ត្រូវចាំបាច់រួមចំណែករកលុយ ដោយពឹងផ្អែកទាំងស្រុងលើគំនរសំរាម ដើម្បីការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ កុមារទាំងនេះភាគច្រើនមិនសូវបានផ្ដោតខ្លាំងចំពោះការរៀនសូត្រនោះទេ ដោយសារពួកគេរវល់ខ្វល់ខ្វាយពីជីវភាព និងការហូបមិនឆ្អែត។ ជាងនេះទៅទៀត លោកថា គ្រួសារកុមារមួយចំនួន ទាំងឪពុកម្ដាយ និងរូបគេផ្ទាល់ ក៏មានផ្ទុកមេរោគអេដស៍ថែមទៀត។
លោក ផន ចន្ថា៖ «និយាយរួម ក្មេងដែលយើងទទួលមក គឺសុទ្ធតែជាក្មេងរស់នៅក្នុងសភាពយ៉ាប់យ៉ឺនជាក្មេងក្រីក្រ ក្មេងលំបាក ហើយសុទ្ធតែក្មេងរើសអេតចាយ។ ពួកគាត់អត់មានដឹងថា អ្វីដែលល្អដូចក្មេងៗកូនអ្នកមាន ជួបតែរបស់ល្អទេ គឺពួកគេហ្នឹងសូម្បីតែអាហារក៏មិនបានញ៉ាំអាហារដែលឆ្ងាញ់ដែរ អាហារបានពីសំរាមញ៉ាំតែប៉ុណ្ណោះ។ ឥឡូវយើងមានសិទ្ធិកុមារ ប៉ុន្តែកុមារពួកគាត់ហ្នឹងគាត់មានឱកាសតិចណាស់ចូលក្នុងសហគមន៍ក្នុងសង្គមតូចៗទេ ត្រឹម ៥-៦ឆ្នាំហ្នឹង គាត់ទៅរើសអេតចាយបាត់ហើយជាមួយឪពុកម្ដាយ ជួនកាលទៅតាមក្រុមគ្នាគាត់ ហើយអត់មានពេលលំហែអីណាដូចកូនគេអ្នកមានទេណា។ វាពិបាកណាស់ក្មេងៗនៅទីនេះ សំខាន់អត់អាហារញ៉ាំ បើសិនជាមានសប្បុរសជនខ្មែរក៏ដោយ បរទេសក៏ដោយ បើសិនជាគាត់មានចិត្តសប្បុរស សូមឲ្យគាត់ជួយឧបត្ថម្ភដល់ពួកយើង។ យើងនឹងធ្វើការឧបត្ថម្ភបន្តដល់ក្មេងរើសអេតចាយទាំងនេះឲ្យពួកគាត់មានឱកាសបានចូលរៀននឹងគេផង ព្រោះភាគច្រើនអត់បានចូលរៀនទេក្មេងនៅទីនេះ»។
ក្រុមយុវជនដែលបង្កើតជាសមាគមអភិវឌ្ឍន៍បៃតង ដែលជាអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ នេះ បានរៀបចំកម្មវិធីរបៀបនេះ១ឆ្នាំម្ដងដល់កុមាររស់នៅជុំវិញតំបន់ទីលានចាក់សំរាមចាស់នេះ តាំងពីឆ្នាំ២០១១ មក។ យុវជនក្នុងក្រុមនេះឲ្យដឹងថា ហេតុផលសំខាន់ដំបូងបង្អស់ដែលបានបង្កើតឲ្យមានកម្មវិធីនេះ គឺពួកគេបានពិចារណាចំពោះការខ្ជះខ្ជាយសំបូរហូរហៀរនៃម្ហូបអាហារនៅពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅទីវត្តអារាម ស្របពេលដែលកុមារជាច្រើនរយនាក់ កំពុងរស់នៅក្នុងភាពអត់ឃ្លាន បានរស់រានដោយសារកាកសំណល់នៅលើគំនរសំរាមនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
