ក្រុមយុវជននគររាជ និងសមាជិកគាំទ្រ បង្កើតកម្មវិធីដំណើរកម្សាន្តមនុស្សធម៌ ដើម្បីប្រមូលថវិកាទិញសម្ភារៈសិក្សា និងកង់ ជាដើម យកទៅចែកជូនកុមារស្ថិតក្នុងគ្រួសារក្រីក្រ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ពួកគេអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសយុវជនទាំងនៅក្នុង និងក្រៅប្រទេស ឲ្យចូលរួមការងារមនុស្សធម៌ ដើម្បីបន្តសកម្មភាពនេះឲ្យបានទូលំទូលាយថែមទៀត។
អាជ្ញាធរ និងអាណាព្យាបាលនៅសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ឃុំជីផាត ថ្លែងសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមយុវជនវ័យក្មេង និងសមាជិកគាំទ្រ ចំពោះកាយវិការមនុស្សធម៌នេះ។
ក្រុមយុវជននគររាជដែលមានពាក់មួកស្លឹកត្នោត មួកក្រណាត់ និងអាវយឺតមានស្លាកសញ្ញាប្រាសាទអង្គរវត្ត និងសរសេរអក្សរ «នគររាជ» បានទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងដំណើរកម្សាន្តមនុស្សធម៌រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា។
ពួកគេបាននាំយកសម្ភារៈសិក្សា និងសម្ភារៈមួយចំនួនទៀត ផ្តល់ជូនកុមារតូចៗស្ថិតក្នុងគ្រួសារក្រីក្រ និងផ្តល់ជូនសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី នាតំបន់ដាច់ស្រយាលមួយនេះ។
យុវជនឈ្មោះ សារម្យ គុណ្ណាស័ក្តិ ដែលសាធារណជនទូទៅស្គាល់ថាជា ឌីជេអាចារ្យធំ តំណាងក្រុមយុវជន «នគររាជ» បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី ថា គោលបំណងយុវជនពួកគេ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើកុមារនៅតាមទីដាច់ស្រយាល ដែលខ្វះសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរពីផ្ទះទៅសាលារៀន ជាដើម។ លោកឲ្យដឹងថា នៅក្នុងដំណើរកម្សាន្តមនុស្សធម៌ចុះទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត ពួកគេបាននាំយកសម្ភារៈសិក្សា និងចែកកង់ជូនកុមារតូចៗចំនួន ២៨នាក់ រៀននៅសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី។ ជាមួយគ្នានេះ ក៏បានផ្តល់ម៉ាស៊ីនភ្លើង ខ្លោងទ្វារសាលា ធុង ឬអាងស្តុកទឹក បង្គន់អនាម័យ និងកុំព្យូទ័រជាដើម ជូនគ្រូបង្រៀននៅសាលានេះទុកសម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃ។
យុវជន ឌីជេអាចារ្យធំ បានផ្ដាំដល់យុវជនទូទៅ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ហើយងាកមកសិក្សាជំនាញផ្សេងៗ ព្រមទាំងចូលរួមការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីចែករំលែកទុក្ខលំបាកមនុស្សដែលមានជីវភាពខ្វះមុខខ្វះក្រោយជាមួយយុវជននគររាជ ឬក្រុមមនុស្សធម៌ផ្សេងទៀត៖ « ក្រុមយើងបាននាំយកនូវសម្ភារៈដូចជា កង់ និងសម្ភារៈផ្សេងទៀតចែកជូនដល់ប្អូនៗកុមារតូចៗ ស្ថិតក្នុងគ្រួសារក្រីក្ររៀននៅសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ឃុំជីផាត ស្រុកថ្មបាំង »។
យុវជន គុណ្ណាស័ក្តិ ឬ ឌីជេអាចារ្យធំ ជាស្ថាបនិកម្នាក់ដឹកនាំក្រុមយុវជន «នគររាជ» បញ្ជាក់ថា ថវិកាទិញសម្ភារៈសិក្សា និងសម្ភារៈផ្សេងៗដែលក្រុមយុវជននគររាជ ទិញចែកជូនដល់កុមាររៀននៅសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ឃុំជីផាត មួយផ្នែកបានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងមួយផ្នែកទៀត បានមកពីលក់មួក និងអាវយឺតមានរូបសញ្ញាប្រាសាទអង្គរវត្ត មានស្លាកទង់ជាតិខ្មែរ ឬមានសរសេរអក្សរនគររាជ ជាដើម។
ឌីជេអាចារ្យធំ បញ្ជាក់អត្ថន័យអក្សរសរសេរនៅលើមួក និងអាវយឺត ថាមានបំណងចង់បង្ហាញអំពីអត្តសញ្ញាណជាតិខ្មែរ ពិសេសវប្បធម៌ខ្មែរជូនដល់ប្រជាពលរដ្ឋ យុវជន និងជាពិសេសភ្ញៀវទេសចរអន្តរជាតិ ឲ្យបានស្គាល់ពីអត្តសញ្ញាណខ្មែរ និងបទភ្លេងគោរពទង់ជាតិ គឺបទនគររាជ ឲ្យបានទូលំទូលាយថែមទៀត៖ « ក្រុមយុវជននគររាជរបស់យើង បានរួមដំណើរជាមួយសប្បុរសជនជាច្រើន មានទាំងអាជីវករ សិស្សនិស្សិត និងសប្បុរសជន ព្រមទាំងក្រុមការងារយុវជននគររាជច្រើនទៀត គឺបានធ្វើដំណើរមកដល់សហគមន៍អេកូទេសចរណ៍ជីផាត ស្រុកថ្មបាំង ក្នុងដំណើរកម្សាន្តមនុស្សធម៌ »។
សមាជិកគាំទ្រក្រុមយុវជននគររាជ លោកស្រី ឆាយ ឌីណា ដែលបានចូលរួមជិះកង់ក្នុងដំណើរកម្សាន្តមនុស្សធម៌ជាមួយយុវជននគររាជ កាលពីចុងខែមីនា បានចាត់ទុកសកម្មភាពក្រុមយុវជននគររាជ ថាបានចូលរួមចំណែកជួយចែករំលែកទុក្ខលំបាកដល់ពលរដ្ឋក្រីក្រ ពិសេសចូលរួមជំរុញឲ្យកុមារក្រីក្រនៅតាមជនបទ ឲ្យទទួលបានការអប់រំទាំងអស់គ្នា។ អ្នកជំនួញស្រស់សោភារូបនេះ បង្ហាញទឹកចិត្តគាំទ្រសកម្មភាពរបស់ក្រុមយុវជននគររាជ ទាំងថវិកា និងស្មារតី ដោយអះអាងថា នឹងបន្តគាំទ្រកម្មវិធីមនុស្សធម៌ជួយដល់កុមារក្រីក្រនៅតាមទីជនបទនាថ្ងៃខាងមុខបន្តទៀត៖ « ខ្ញុំអ្នកភ្នំពេញ ហើយក៏ជាលើកដំបូងដែរដែលខ្ញុំបានចុះមកដល់សហគមន៍ជីផាត ក្នុងដំណើរមនុស្សធម៌ដល់កុមារក្រីក្រនៅទីជនបទដាច់ស្រយាល ដែលខ្វះខាតសម្ភារៈសិក្សា »។
ចំណែកអ្នកនិពន្ធ ឬអ្នកចងក្រងសៀវភៅឈ្មោះ អាណាចក្រអង្គរ និងជាមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប គឺយុវជន ហែម សោភ័ន្ត ក៏បង្ហាញការគាំទ្រសកម្មភាពមនុស្សធម៌របស់ក្រុមយុវជននគររាជ ជួយដល់កុមារក្រីក្រនៅតាមទីជនបទនេះដែរ។ អ្នកចងក្រងប្រវត្តិសាស្ត្រវ័យក្មេងរូបនេះ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមទិញកង់ និងសម្ភារៈសិក្សា ផ្តល់ជូនកុមារក្រីក្ររៀននៅសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ដើម្បីចែករំលែកទុក្ខលំបាករបស់អាណាព្យាបាលសិស្ស ដោយសន្យាថា នឹងចូលរួមគាំទ្រសកម្មភាពនេះបន្តទៀតនៅថ្ងៃអនាគត៖ « ខ្ញុំរីករាយ និងពេញចិត្តសកម្មភាពមនុស្សធម៌ ហើយបានចុះមកចែកសម្ភារៈសិក្សាដល់កុមារតូចៗស្ថិតក្នុងគ្រួសារក្រីក្រ នៅតំបន់ដាច់ស្រយាលឃុំជីផាត ពេលនេះ។ ពលរដ្ឋក្នុងមូលដ្ឋាននេះ បង្ហាញទឹកមុខ និងទឹកចិត្តរីករាយចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចូលមកដល់តំបន់មួយនេះ »។
ស្រដៀងគ្នាដែរ កញ្ញា ចំប៉ី មាសបង ជាអ្នករស់នៅរាជធានីភ្នំពេញ ដែលបានចូលរួមជិះកង់ក្នុងដំណើរកម្សាន្តមនុស្សធម៌នៅតំបន់អេកូទេសចរណ៍ធម្មជាតិជីផាត ទើបបញ្ចប់កាលពីថ្ងៃទី៣១ ខែមីនា ថ្លែងថា នឹងបន្តចែករំលែកថវិកាដែលទទួលបានពីការធ្វើជំនួញរបស់ខ្លួន ដើម្បីចូលរួមការងារមនុស្សធម៌នេះតទៅទៀត។ ចំប៉ី បង្ហាញទឹកចិត្តថា នៅពេលបានចូលរួមធ្វើបុណ្យទាន ឬចែករំលែកការខ្វះខាតដល់ពលរដ្ឋក្រីក្រ ឬអ្នកមានជីវភាពខ្វះខាតជាងខ្លួន ធ្វើឲ្យអារម្មណ៍របស់នាងភ្លឺថ្លា និងរីករាយ ហើយជំរុញឲ្យរូបនាងបន្តការងារមនុស្សធម៌ដូចនេះជាបន្តទៀតនាថ្ងៃអនាគត៖ « ខ្ញុំសប្បាយ និងរីករាយក្នុងចិត្តដែលក្រុមយុវជននគររាជ ដឹកនាំដោយបងអាចារ្យធំ ដែលបង្កើតកម្មវិធីមនុស្សធម៌ចែកជូនសម្ភារៈសិក្សាជូនដល់កុមារក្រីក្រនៅតំបន់ដាច់ស្រយាលជីផាត »។
ងាកមកអាណាព្យាបាល គ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋានឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ឯណោះវិញ ក៏បង្ហាញការគាំទ្រ និងអបអរសាទរដល់ក្រុមយុវជននគររាជ ដែលបានបង្កើតដំណើរកម្សាន្តមនុស្សធម៌ ហើយបាននាំយកសម្ភារៈសិក្សា និងសម្ភារៈច្រើនទៀតផ្តល់ជូនសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ដែលកំពុងជួបការខ្វះខាត។
គ្រូបង្រៀន និងជាអ្នកគ្រប់គ្រងសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី លោកគ្រូ ង៉ែត វណ្ណី បានថ្លែងការអរគុណដល់ក្រុមយុវជននគររាជ ដែលបាននាំយកសម្ភារៈសិក្សាផ្តល់ជូនកុមារក្រីក្ររៀននៅក្នុងសាលានេះចំនួន ២៨នាក់ និងបានចែកកង់ម្នាក់មួយគ្រឿង ជូនដល់កុមារក្រីក្រនាមូលដ្ឋាននេះ។ ជាងនេះ ក៏បានផ្តល់ជាកុំព្យូទ័រ ម៉ាស៊ីនភ្លើង អាងទឹក ដងទង់ជាតិ និងខ្លោងទ្វារ ជាដើម។ គ្រូបង្រៀនរូបនេះ បានកោតសរសើរដល់សកម្មភាពរបស់ក្រុមយុវជននគររាជ ដែលបង្កើតឲ្យមានកម្មវិធីដំណើរកម្សាន្តមនុស្សធម៌ ហើយជ្រើសយកសាលារបស់លោកដែលកំពុងមានការខ្វះខាត សម្រាប់ផ្តល់ការងារមនុស្សធម៌៖ « អរគុណដល់បងៗនៃក្រុមយុវជននគររាជ ដែលបានខិតខំស្វែងរកថវិកា និងទិញសម្ភារៈមកផ្តល់ជូនសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី និងចែកកង់ជូនកុមារក្រីក្រនៅមូលដ្ឋាននេះ ក្នុងគ្រាកំពុងជួបការខ្វះខាត »។
ស្រដៀងគ្នាដែរ លោក អ៊ុយ អៃ សមាជិកក្រុមប្រឹក្សាឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលចូលរួមជាកិត្តិយសផ្តល់សម្ភារៈសិក្សា និងចែកកង់ជូនកុមារក្រីក្រ ដល់សាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ក៏ថ្លែងគាំទ្រសកម្មភាពរបស់ក្រុមយុវជននគររាជ ក្នុងកាយវិការមនុស្សធម៌របស់ពួកគេ។ លោកកោតសរសើរសកម្មភាពរបស់ក្រុមយុវជននគររាជ និងសកម្មភាពថែរក្សាវប្បធម៌ដូនតា តាមរយៈការផលិតមួក និងអាវយឺត មានរំលេចជាអក្សរ និងស្លាកសញ្ញាសម្គាល់អត្តសញ្ញាណជាតិខ្មែរ មានភាពរស់រវើក និងទាន់សម័យ៖ « ខ្ញុំរំភើប និងរីករាយ នៅពេលឃើញវត្តមានក្រុមយុវជនមកពីទីតាំងផ្សេងៗ គឺក្រុមយុវជននគររាជនេះ បាននាំយកសម្ភារៈសិក្សា កង់ ម៉ាស៊ីនភ្លើង និងផ្តល់ជូនសម្ភារៈច្រើនទៀតជូនកុមារ និងសាលាឧបសម្ព័ន្ធអូរកី ស្ថិតនៅតំបន់ដាច់ស្រយាលមួយនេះ អាចប្រើប្រាស់តាមតម្រូវការចាំបាច់ »។
យ៉ាងណាក៏ដោយ យុវជន សារម្យ គុណ្ណាស័ក្តិ ហៅ ឌីជេអាចារ្យធំ តំណាងអ្នកដឹកនាំក្រុមយុវជននគររាជ ឲ្យដឹងថា ក្រុមនេះនឹងពង្រីកការងារមនុស្សធម៌ ដោយផ្តល់ជាសម្ភារៈសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗទៅតាមតម្រូវការរបស់កុមារ ឬសាលាក្រីក្រនៅតាមទីដាច់ស្រយាល តាមរយៈការចូលរួមថវិកាពីសប្បុរសជនទូទៅទាំងក្នុង និងក្រៅស្រុក ជាពិសេសប្រាក់ចំណេញដែលទទួលបានពីការលក់មួកស្លឹកត្នោត មួកក្រណាត់ និងអាវយឺតមានស្លាកសញ្ញាប្រាសាទអង្គរវត្ត និងមានសរសេរអក្សរនគររាជ ជាសម្គាល់អត្តសញ្ញាណជាតិខ្មែររបស់ក្រុមយុវជននគររាជឲ្យបានច្រើនថែមទៀតនាថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
